ដោយ៖ ប៉ូ សុភា
ភ្នំពេញ៖ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានប្រកាសប្រមូលផ្ដុំកីឡាករថ្នាលជម្រើសជាតិឡើងវិញ កាលពីថ្ងៃទី១ មិថុនា។ ការប្រកាសនេះ បានធ្វើឱ្យយុវជនល្បុក្កតោ មានស្នាមញញឹមឡើងវិញ ក្រោយហ្វឹកហាត់ដោយគ្មានបច្ចេកទេសគ្រប់គ្រាន់ នៅក្នុងផ្ទះខ្លួនឯងជាច្រើនខែ ដោយសារបញ្ហាវិបត្តិជំងឺកូវីដ-១៩។
មានសម្បុរខ្មៅស្រអែម និងមាឌតូចល្អិត យុវជន ទីប្រាក់ ពន្លឺ ជាកីឡាករល្បុក្កតោជម្រើសជាតិថ្នាលម្នាក់ បានបង្ហាញអារម្មណ៍សប្បាយចិត្ត លាយឡំនឹងក្តីបារម្ភ ក្រោយពីសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានប្រកាសប្រមូលផ្ដុំកីឡាករថ្នាលជម្រើសជាតិឡើងវិញ។ យុវជន ពន្លឺ ព្រួយបារម្ភពីសមត្ថភាពរបស់រូបគេ ដែលមិនអាចធ្វើបានល្អដូចមុន។ នោះក៏ព្រោះតែ ពន្លឺ ហាត់នៅផ្ទះតែម្នាក់ឯងមិនមានដៃគូ,គ្មានឧបករណ៍គ្រប់គ្រាន់ និងគ្មានគ្រូបង្ហាត់បង្រៀនដោយផ្ទាល់ឡើយ រយៈពេលជាង៤ខែមកនេះ។
កីឡាករល្បុក្កតោ ទីប្រាក់ ពន្លឺ បង្ហាញក្បាច់គុន (កណ្ដាល)
កីឡាករមកពីខេត្តស្វាយរៀងរូបនេះ ក៏ទទួលស្គាល់ថា សមត្ថភាពខ្លួន មានការអន់ថយ ពោលគឺកម្លាំង មិនសូវមានសន្ទុះ ដែលភាសាបច្ចេកទេសហៅថា «ស៊ូស» ដូចកាលពីមុនឡើយ។ មានវ័យ១៦ឆ្នាំល្បុក្កតោជម្រើសជាតិថ្នាលរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះថា៖«យើងនៅផ្ទះកន្លែងវាតូច អត់សូវមានកន្លែងហាត់ គិតថាអត់សូវល្អប៉ុន្នានទេ ធ្លាក់ស៊ូសជាងមុន ដោយសារអត់មានគ្រូបង្វឹកមកបង្ហាត់ដូចមុន អត់សូវបានហាត់គ្រប់គ្រាន់ និងកន្លែងរត់អត់សូវមានទេ ។ពេលចូលចាប់ផ្តើមហាត់វិញ មានអារម្មណ៍ថា ឡើងស៊ូស សមត្ថភាពកើនជាងមុនដោយសាគ្រូគាត់បង្ហាត់ដិតដល់ …។
ងាកមកកីឡាករ ព្រុំពេញ វិសាល ឯណេះវិញ ក៏ធ្លាក់ទម្រង់ក្បាច់គុនខ្លាំងដែរ។ នៅពេលបញ្ចេញស្នៀត និងក្បាច់នោះ វិសាល ហាក់មានអារម្មណ៍ដឹងខ្លួនឯងថា មិនសូវរហ័សរហួនដូចមុន ព្រោះតែខ្វះបច្ចេកទេស និងការណែនាំពីគ្រូ។ វិសាល ដែលបានហ្វឹកហាត់ខ្លួនឯង តាមរយៈការមើលវីដេអូចាស់ៗ ដែលលោកគ្រូខ្លួនបានបង្ហាញនោះ បាននិយាយដូច្នេះថា៖«ពេលដែលមកប្រមូលផ្តុំគ្នាវិញ យើងមានអារម្មណ៍ថា កើនស៊ូសជាងមុន និងបច្ចេកទេសច្រើន»។
សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានប្រកាសប្រមូលផ្ដុំកីឡាករថ្នាលជម្រើសជាតិឡើងវិញ កាលពីថ្ងៃទី១ មិថុនា ក្រោយពីសហព័ន្ធតម្រូវឱ្យកីឡាករហ្វឹកហាត់នៅផ្ទះ ដោយខ្លួនឯងជាច្រើនខែ ព្រោះតែបញ្ហាវិបត្តិជំងឺកូវីដ-១៩។
កីឡាករល្បុក្កតោ ព្រុំ ពេញវិសា បង្ហាញក្បាច់គុន (ឈស្លៀកខោខៀវ)
អគ្គលេខាធិកាសហព័ន្ឋកីឡាល្បុក្កតោ លោក អ៊ួ តារា បានសង្កេតឃើញថា កីឡាករ-កីឡាការិនីដែលវិលត្រឡប់មកហ្វឹកហាត់ជុំគ្នាវិញនេះ ហាក់មិនមានសញ្ញាណាមួយគួរឲ្យកត់សម្គាល់នោះទេ ដោយសារពួកគេបានអនុវត្តតាមគោលការណ៍អនាម័យរបស់ក្រសួងសុខាភិបាល និងសំណើរបស់សហព័ន្ធ ដែលសុំឱ្យពួកគេ ហ្វឹកហាត់តាមអនឡាញនៅផ្ទះ ។
សម្រាប់ការប្រមូលផ្ដុំហ្វឹកហាត់វិញនេះ សហព័ន្ធកីឡាល្បុក្កតោនឹងរៀបចំយុទ្ធសាស្ត្រ និងផែនការហ្វឹកហាត់ ដល់កីឡាករ-កីឡាការិនីដោយតម្រូវឱ្យពួកគេក្តោបឡើងវិញ នូវការប្រមូលកម្លាំងកាយសម្បទា និងសមត្ថភាព ដើម្បីឱ្យមានសន្ទុះដូចកាលពីមុនសិន មុនឈានទៅអនុវត្តជំហានបន្ទាប់។
អគ្គលេខាធិកាសហព័ន្ឋកីឡាល្បុក្កតោ លោក អ៊ួ តារា បានបញ្ជាក់ដូច្នេះថា៖«ពេលហ្វឹកហាត់នៅផ្ទះ និងតាមអនឡាញនោះ មិនបានទទួលលទ្ធផលល្អដូចជាការហ្វឹកហាត់ជាក្រុម មានគ្រូបង្វឹកនោះទេ ។ចំពោះការហ្វឹកហាត់ដំបូងនេះ ខាងគ្រូគាត់មានផែនការពង្រឹងលើសមត្ថភាព ក្នុងការហ្វឹកហាត់របស់កីឡាករ កីឡាការិនី។ជំហានទីមួយគឺត្រូវផ្តោតទៅលើកម្លាំង ដោយសារកីឡាករ កីឡាការិនីគាត់បានឈប់សម្រាកមួយរយៈនៅផ្ទះ ដូច្នេះកម្លាំងរបស់គាត់បានធ្លាក់ចុះ ហើយយើងត្រូវការផ្តោតទៅលើ កម្លាំងរបស់គាត់ឡើងវិញ ដើម្បីឲ្យប្រហាក់ប្រហែលទៅនឹងសមត្ថភាពដែលគាត់មានកាលពីមុន។បន្ទាប់មកទើបយើងពង្រឹងទៅលើបច្ចេកទេសជាក្រោយ»។
លោក អ៊ួ តារា អគ្គលេខាធិការនៃសហព័ន្ធកីឡាល្បុក្កតោកម្ពុជា
លោក អ៊ួ តារា ក៏ស្នើឱ្យកីឡាករ-កីឡាការិនីកុំបានទឹកចិត្ត ហើយត្រូវត្រៀមខ្លួនហ្វឹកហាត់ ដើម្បីបង្កើនសមត្ថភាពឡើងវិញ។«ខណៈពេលនេះ គឺពិតជាមិនសូវងាយស្រួលប៉ុន្មានទេ ដូច្នេះទាមទារឲ្យមានការតាំងចិត្តខ្ពស់ កុំមានការបាក់ទឹកចិត្តដោយសារបញ្ហានូវចំពោះមុខ និងបន្តខិតខំប្រឹងប្រែងកុំបោះបង់លុះដល់ស្ថានការណ៍ប្រសើរឡើងវិញ ពួកគាត់នឹងអាចត្រឡប់ទៅហ្វឹកហាត់នៅកីឡាដ្ឋានដូចដើម»។ នេះជាការលើកឡើងរបស់អគ្គលេខាធិកាសហព័ន្ឋកីឡាល្បុក្កតោ។
ទាំងកីឡាករទីប្រាក់ ពន្លឺ , ព្រុំពេញ វិសាល និង យ៉ង់ ម៉េងលី សុទ្ធតែអះអាងថា ខ្លួននឹងយកចិត្តទុកដាក់ប្រឹងហ្វឹកហាត់ក្បាច់ និងអនុវត្តតាមការណែនាំរបស់គ្រូបង្វឹក ដើម្បីបង្កើនសមត្ថភាព ត្រៀមខ្លួនទៅប្រកួតនៅក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះទៀតផង៕