ម្ចាស់​ណូបែល​សន្តិភាព Malala បានបញ្ចប់​ការប្រឡង​នៅ​សកល​វិទ្យាល័យ Oxford
សង្គមអន្តរជាតិ​
អន្តរជាតិ
ម្ចាស់​ណូបែល​សន្តិភាព Malala បានបញ្ចប់​ការប្រឡង​នៅ​សកល​វិទ្យាល័យ Oxford
20, Jun 2020 , 7:39 pm        
រូបភាព
​សកម្មជន​សិទ្ធិមនុស្ស​ជនជាតិ​ប៉ា​គី​ស្ថាន យុវតី Malala Yousafzai បានបង្ហាញ​អារម្មណ៍​សប្បាយរីករាយ​និង​ការដឹងគុណ ក្រោយ​បញ្ចប់​ការប្រឡង​ចុងក្រោយ​នៅ​សកល​វិទ្យាល័យ​អង់គ្លេស Oxford ។ ម្ចាស់​ណូបែល​សន្តិភាព​វ័យ​២២​ឆ្នាំ​រូបនេះ ដែល​នៅមាន​ជីវិត​ក្រោយ​ត្រូវ​បាញ់​ចំក្បាល​ដោយ​ទាហាន​តា​លី​បង់ បាន​សិក្សា​លើ​មុខជំនាញ នយោបាយ ទស្សនវិជ្ជា និង​សេដ្ឋកិច្ច​។​

 
​បង្ហោះ​លើ​បណ្ដាញ​សង្គម Twitter នៅ​ថ្ងៃទី​១៩ ខែមិថុនា នាង​និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​មិនដឹងថា​អ្វី​កើតឡើង​នាពេលខាងមុខ​ឡើយ​។ សម្រាប់​ពេលនេះ ខ្ញុំ​នឹង​មើល Netflix អាន​សៀវភៅ និង​គេង​»​។​
 
​យុវតី Malala ត្រូវបាន​វាយប្រហារ​ដោយសារតែ​និយាយថា ក្មេងស្រី​គួរ​ត្រូវ​អនុញ្ញាត​ឲ្យ​ចូលរៀន​សូត្រ​នៅ​សាលារៀន​។ នាង​ត្រូវបាន​បាញ់​ចំក្បាល កញ្ចឹងក និង​ស្មា ខណៈ​ធ្វើដំណើរ​ពី​សាលារៀន​ទៅផ្ទះ​នាង​វិញ ក្រោយ​សរសេរ​កំណត់ហេតុ​ប្រចាំថ្ងៃ​អនាមិក​មួយ​អំពី​ជីវិត​ក្រោម​ជន​ផ្ដាច់ការ​។ 
 
​ក្រោយ​ធូរស្រាល​ពីរ​បួស​ជិត​អស់​សង្ខារ​នេះ នាង​និង​ក្រុមគ្រួសារ បាន​រើ​ទីលំនៅ​ទៅកាន់​ទីក្រុង Birmingham ចក្រភព​អង់គ្លេស​។ 
 
​ក្នុង​ឆ្នាំ​២០១៤ នាង Malala បាន​ក្លាយជា​មនុស្ស​វ័យ​ក្មេង​បំផុត​ដែល​ឈ្នះ​ពានរង្វាន់​ណូបែល​សន្តិភាព នៅ​អាយុ ១៧​ឆ្នាំ​។ ៣​ឆ្នាំ​ក្រោយមក នាង​បានទទួល​កន្លែង​សិក្សា​នៅ​សកលវិទ្យា​ល័យ Oxford ។ 
 
​សកម្មជន​ទាមទារ​សិទ្ធិ​អប់រំ​សម្រាប់​ស្ត្រី​រូបនេះ បាន​បង្ហោះ​រូបភាព​២​សន្លឹង ខណៈ​នាង​បានប្រកាស​ដំណឹង​ថា​នាង​បានបញ្ចប់​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​។ រូប​មួយ​ក្នុងចំណោម​នេះ បង្ហាញថា នាង​កំពុង​សាទរ​ជាមួយ​ក្រុមគ្រួសារ នៅមុខ​នំ Cake ៕ 

 

Tag:
 Malala Yousafzai
  Oxford
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម