អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សភា​អឺរ៉ុប​បោះឆ្នោត​ឲ្យ​ប្ដឹង​ចិន​ទៅ ​ICJ បើ​ប៉េកាំង​ហ៊ាន​ដាក់​ច្បាប់​សន្តិសុខ​ថ្មី​លើ​ហុងកុង​
20, Jun 2020 , 3:59 pm        
រូបភាព
ដោយ:
​សហភាព​អឺរ៉ុប (EU) គួរ​ប្ដឹង​ចិន​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ក្នុង​ទីក្រុង​ឡាអេ ប្រសិនបើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដាក់​ប្រើ​ច្បាប់​សន្តិសុខ​ថ្មី​លើ​ទីក្រុង​ហុងកុង​។ សភា​អឺរ៉ុប​បាន​បោះឆ្នោត​អនុម័ត​បែបនេះ នៅ​ថ្ងៃទី​១៩ ខែមិថុនា ហើយក៏​ស្នើ​ឲ្យ​ប្លុក​ប្រទេស​ទាំង​២៧​នេះ​ប្រើ​ឥទ្ធិពល​សេដ្ឋកិច្ច​គំរាម​ប្រឆាំង​ចិន​ទៀតផង​។

 
​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប បានបង្ហាញ​កង្វល់​ធ្ងន់ធ្ងរ​ជុំវិញ​ច្បាប់​សន្តិសុខ​របស់​ចិន​សម្រាប់​ទីក្រុង​ហុងកុង ដែល​សកម្មជន​ប្រជាធិបតេយ្យ អ្នកការទូត និង​អ្នកជំនួញ​ខ្លះ អះអាងថា វា​នឹង​ប៉ះពាល់​ដល់​ឋានៈ​ពាក់កណ្ដាល​ស្វយ័ត​របស់​ទីក្រុង​នេះ និង​តួនាទី​របស់​វា​ក្នុងនាម​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​សកល​មួយ​។ 
 
​ក្នុង​សេចក្តីសម្រេច​មួយ សភា​អឺរ៉ុប បាន​បោះឆ្នោត​ក្នុង​សំឡេងគាំទ្រ​៥៦៥​ប្រឆាំងនឹង​៣៤​សំឡេង និង​មាន​សំឡេង​អនុបវាទ​ចំនួន​៦២ ដោយ​ទាមទារ​ឲ្យ​ប្រឆាំង​ចំពោះ​ច្បាប់​សន្តិសុខ​នេះ ដែល​អឺរ៉ុប អូស្ត្រាលី និង​សហរដ្ឋអាមេរិក អះអាងថា វា​នឹង​ប៉ះពាល់​ដល់​គោលការណ៍ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​»​។ គោលការណ៍​ពិសេស​ដែលមាន​តាំងពី​ឆ្នាំ​១៩៩៧​មក គ្រប់គ្រង​ស្វយ័តភាព​របស់​ទីក្រុង​ហុងកុង​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​ត្រង់ចំណុច​នេះ សភា​អឺរ៉ុប​បាន​ទទូច​ឲ្យ EU និង​រដ្ឋ​ជា​សមាជិក​ខ្លួន​ពិចារណា​ប្ដឹង​ចិន​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ក្នុងករណី​ច្បាប់​សន្តិសុខ​ថ្មី​ត្រូវបាន​អនុវត្ត​សម្រាប់​ទីក្រុង​ហុងកុង​។ ICJ គឺ​ស្ថាប័ន​ច្បាប់​ខ្ពស់បំផុត​របស់​អង្គការសហប្រជាជាតិ និង​មាន​មូលដ្ឋាន​នៅ​ទីក្រុង ឡាអេ ប្រទេស ហូ​ឡង់ ។​
 
​យ៉ាងណាមិញ សេចក្តីសម្រេច​របស់​ស​ភា EU ពុំមាន​លក្ខណៈ​ចាប់បង្ខំ​ឲ្យ​រដ្ឋ​ជា​សមាជិក​ទាំងអស់​ត្រូវ​ដាច់ខាត​គោរព​តាម​ទេ (non-binding) ក៏ប៉ុន្តែ​សញ្ញា​នយោបាយ​ដែល​ពួកវា​ផ្ដល់ អាចមាន​ឥទ្ធិពល​គោលនយោបាយ​បាន​។ 
 
​ម្យ៉ាងវិញទៀត សេចក្តីសម្រេច​សភា​អឺរ៉ុប​ដដែល ក៏បាន​ស្នើ​ឲ្យ EU ពិចារណា​ទណ្ឌកម្មសេដ្ឋកិច្ច​ប្រឆាំង​ចិន​ផងដែរ​។ ត្រង់ចំណុច​នេះ សេចក្តីសម្រេច​ដដែល​ស​រ​សេរ​បែបនេះ​៖«​សភា​ជឿជាក់ថា EU គួរប្រើ​អំណាច​សេដ្ឋកិច្ច​ដាក់​គំនាប​លើ​ការបង្ក្រាប​របស់​ចិន​លើ​សិទ្ធិមនុស្ស ដោយ​មធ្យោបាយ​សេដ្ឋកិច្ច​»​។​
 
​ទោះជា​ចេញ​សេចក្តីសម្រេច​បែបនេះ ថ្នាក់ដឹកនាំ​នៃ​ស្ថាប័ន EU និង​នាយករដ្ឋមន្ត្រី​ចិន លី ខឹ​ឈាង គ្រោង​ជួបពិភាក្សា​តាមរយៈ​ប្រព័ន្ធ​វីដេអូ នា​ថ្ងៃទី ២២ ខែមិថុនា ខាងមុខ​។​
 
​សូមបញ្ជាក់ថា សភា​ប្រជាជន​ចិន កាលពី​ថ្ងៃទី​២៨ ខែឧសភា បានអនុម័ត​លើ​សេចក្តីសម្រេច​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​ហើយ​។ ការអនុម័ត​នេះ នឹង​បើកផ្លូវ​ឲ្យ​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន តាក់តែង​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​ឡើង​៕

Tag:
 សភា​អឺរ៉ុប​
  EU
  ICJ
  ហុងកុង​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com