កីឡាជាតិ
ជាតិ
រដ្ឋាភិបាល សម្រេច​ឲ្យ​ក្រុមកីឡា​ជម្រើសជាតិ​ប្រ​មូល​ផ្តុំ​ហ្វឹកហាត់​ឡើងវិញ
20, Jun 2020 , 5:33 pm        
រូបភាព
​រដ្ឋាភិបាល តាមរយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រេច​ឲ្យ​មានការ​ប្រ​មួល​ផ្តុំ​ហ្វឹកហាត់​កីឡា​គ្រប់​កម្រិត ទាំង​ជ​ម្រើ​ជាតិ​ឡើងវិញ ក្រោយ​ផ្អាក​ដោយសារ​ជំងឺ COVID-19 អស់​រយៈពេល​៣​ខែ​មក​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​សារព័ត៌មាន​ថ្មីៗ​ទើប​ទទួលបាន​។​

​ការ​អនុ​ញ្ជា​ត​ឲ្យ​បើក​ការហ្វឹកហាត់​ឡើងវិញ នឹង​ចាប់ពី​ថ្ងៃទី​១ ខែកក្កដា រហូតដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ ដែលមាន​រយៈ​៦​ខែ​។ កីឡា​ចំនួន​៣៥​ប្រភេទ ដោយ​ក្នុងនោះ​មាន​កីឡាករ ២៨៥​នាក់ កីឡាការិនី​១០១​នាក់ គ្រូបង្វឹក​៩៣​នាក់ អនុរក្ស​៣៧​នាក់ រួមទាំង​កីឡា​ជនពិការ​ចំនួប​៥២ សរុប​ទាំងអស់ ៥១៦​នាក់ ត្រូវ​ប្រមូលផ្តុំ​ហ្វឹកហាត់​ឡើងវិញ​។​
 
​កីឡា​ទាំង​៣៥​ប្រភេទ ដែល​ចែកចេញជា​៥​ផ្នែក​ផ្សេងគ្នាមានដូចជា ​ទី​១ តេ​ក្វាន់​ដូ WT ប៉េតង់ ជី​ជី​តស៊ូ គុន​ល្បុក្កតោ ប្រដាល់​គុន​ខ្មែរ សីដក់ ប្រដាល់សកល សូ​ហ្វ​តិ​ន្នី​ស ម៉ូតូ​ទឹក ចំបាប់ និង​ម៉ូតូ​ទឹក ជា​ប្រភេទ​កីឡា​ដែលមាន​សក្តានុពល​។ ទី​២ ​មាន កីឡាបាល់ទះ (​ក្នុង​សាល និង​ឆ្នេរ​ខ្សាច់​) និង​កីឡាបាល់បោះ ជា​ប្រភេទ​កីឡា​ប្រជាប្រិយ។ ទី​៣ កីឡាអត្តពលកម្ម និង​ហែល​ទឹក ជា​ប្រភេទ​កីឡា​ចាំបាច់​។ ទី​៤ ដែលជា​ប្រភេទ​កីឡា​កំពុង​អភិ​វ​ឌ្ឈ និង​ជំរុញ​ដណ្តើម​មេដាយ​រួមមាន កីឡា​វាយ​កូន​បាល់ វូ​ស៊ូ កាយសម្ព័ន្ធ ប្រណាំង​ទោចក្រយាន វាយ​សី ទ្រី​យ៉ា​ត្លុង គុន​ដាវ ជិះសេះ កា​រ៉ា​តេ ទូក​ប្រពៃណី និង​អន្ដរជាតិ យូ​ដូ ទូកក្ដោង វាយកូនគោល បាញ់កាំភ្លើង និង​កីឡា​រាំ​។ និង​ទី​៥ ដែលជា​ប្រភេទ​កីឡា​ត្រៀម​ប្រកួត​លក្ខណៈ​អន្តរជាតិ​នានា​មាន វូ​វី​ណា​ម តេ​ក្វាន់​ដូ ITF សូ​រី​ន​ហ្ស៊ិ​កាំ​ប៉ូ អុកចត្រង្គ និង​ក្រុមកីឡា​ជនពិការ​៕

© រក្សាសិទ្ធិដោយ thmeythmey.com