ភ្នំពេញ៖ លោក នេត្រ ភត្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន ស្នើឱ្យម្ចាស់អាជីវកម្មម្ហូបអាហារ និងស្នាក់នៅ គ្រប់ទីតាំងទេសចរណ៍ទាំងអស់ ច្នៃគ្រំចំពុះទាធ្វើជាម្ហូប ដើម្បីទាក់ទាញភ្ញៀវ និងបង្កើនចំណូលពលរដ្ឋ។
លោក នេត្រ ភក្ត្រា ដែលបានទៅដល់តំបន់ការពារធម្មជាតិពាមក្រសោប ខេត្តកោះកុង ដែលជាកន្លែងប្រភពគ្រំ ឬខ្យងចំពុះទានោះ បានបញ្ជាក់ថា គ្រំប្រភេទនេះ គឺជាប្រភពចំណូលយ៉ាងសំខាន់ ដែលអាចឲ្យពលរដ្ឋចំនួន៣៥០គ្រួសារ ចិញ្ចឹមលក់ ក្នុងតម្លៃពី ២៥០០រៀល ទៅ៣ពាន់រៀល ក្នុងមួយគីឡូក្រោម។ លោក នេត្រ ភក្ត្រា អះអាងថា ម្ហូបអាហារដែលច្នៃពីគ្រំ ឬខ្យងចំពុះទា គឺផ្តល់ឱជារសដ៏ឈ្ងុយឆ្ងាញ់ ដែលអាចឲ្យម្ចាស់សណ្ឋាគារ និងភោជនីយដ្ឋាននានា យកទៅច្នៃជាម្ហូបអាហារ ដើម្បីទាក់ទាញភ្ញៀវ។
លោក នេត្រ ភក្ត្រា បាននិយាយដូច្នេះថា៖«គ្រំចំពុះទាផលិតផលក្នុងស្រុកមកពីតំបន់ការពារធម្មជាតិពាមក្រសោបក្នុងខេត្តកោះកុង និមិត្តរូបនៃនិរន្តភាពធនធានធម្មជាតិ កើតចេញពីសុខដុមរមណីយកម្ម រវាងការបង្កើតសេដ្ឋកិច្ចមូលដ្ឋាន និងការអភិរក្សដើមកោងកាង។ ម្ហូបដ៏ចាប់ចិត្តផ្សាភ្ជាប់រវាងការលើកកម្ពស់ជីវភាពប្រជាសហគមន៍ និងការអភិរក្សដើមកោងកាង ដើម្បីនិរន្តរភាពបរិស្ថាន»។
គ្រំ ឬខ្យងចំពុះទា រូបភាពពីក្រសួងបរិស្ថាន
បើតាមលោក នេត្រ ភក្ត្រា ក្នុងមួយឆ្នាំៗ ពលរដ្ឋចំនួន៧០ភាគរយដែលជាអ្នកប្រាស្រ័យផលលើគ្រំ ឬខ្យងចំពុះទា នៅតំបន់ការពារធម្មជាតិពាមក្រសោបក្នុងខេត្តកោះកុង អាចចិញ្ចឹមលក់ចំនួន១ម៉ឺនតោន សម្រាប់នាំចេញទៅប្រទេសថៃ និងវៀតណាម។ តែយ៉ាងណា លោក នេត្រ ភក្ត្រា កត់សម្គាល់ថា នៅមានពលរដ្ឋមួយចំនួនមិនចាប់អារម្មណ៍លើគ្រំ ឬខ្យងចំពុះទាធ្វើជាម្ហូបអាហារឡើយ។ អាស្រ័យហេតុនេះ ក្រសួងបរិស្ថាន បានស្នើឲ្យពលរដ្ឋងាកមកបរិភោគគ្រំ ឬខ្យងចំពុះទា។
អ្នកនាំពាក្យរូបនេះបានអះអាងថា អាកាសធាតុនៅកម្ពុជាចាប់ពីខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២០ នឹងអំណោយផលលើការប្រមូលផលគ្រំ ឬខ្យងចំពុះទា ដែលអាចឲ្យពួកគេប្រកបរបរចិញ្ចឹមគ្រំឬខ្យងចំពុះទា ដើម្បីចូលរួមលើកស្ទួយសេដ្ឋកិច្ចគ្រួសារ។
លោក វង់ ដារ៉ា ជាអ្នកចិញ្ចឹមគ្រំចំពុះទា ក្នុងតំបន់សហគមន៍ពាមក្រសោប ខេត្តកោះកុង ដែលត្រូវបានក្រសួងបរិស្ថានស្រង់សម្តីថា ចាប់ពីខែតុលា ដល់ខែឆ្នូ ប្រជានេសាទ ចាប់ផ្តើមបោះបង្គោលរាយខ្សែដើម្បីឲ្យគ្រំតោង ដើម្បីឲ្យវាពងកូន តាមលក្ខណៈធម្មជាតិ។ ក្រោយពងវាញាស់៦ខែ ចាប់ពីខែតុលា ដល់ខែមេសាក្រោយមក ពលរដ្ឋអាចប្រមូលផលគ្រំនោះបានហើយ។ បើតាមលោក វង់ ដារ៉ា គ្រំជាប្រភេទសត្វដែលងាយនឹងចិញ្ចឹម ដែលអាចច្នៃជាម្ហូបស្លរម្ជូរគ្រឿង ឆាក្រៀម ញាំ ឆាក្តៅ និងស្រុះជាដើម។
បើតាមលោក វង់ ដារ៉ា គ្រំចំពុះទាមិនទាន់មានទីផ្សារខ្លាំងនៅកម្ពុជាឡើយ។ តែកម្ពុជាមានទីផ្សារនាំចេញទៅប្រទេសថៃ និងវៀតណាម ដែលលក់ចេញទៅវិញក្នុងតម្លៃ១ពាន់រៀល ទៅ៣ពាន់រៀលក្នុងមួយគីឡូក្រោម។
លោក មាស រិទ្ធី អនុប្រធាននាយកដ្ឋានអភិរក្សសមុទ្រ និងតំបន់ឆ្នេរនៃក្រសួងបរិស្ថាន បានបញ្ជាក់ថា សម្រាប់ គ្រំ ឬខ្យងចំពុះទានេះ មានវត្តមាននៅ៣តំបន់ ក្នុងនោះមាននៅក្នុងខេត្តកោះកុង ដែលស្ថិតនៅភូមិសាស្ត្រដែនជម្រកសត្វព្រៃពាមក្រសោប តំបន់ទី២ ស្ថិតនៅកោះកាង និងតំបន់ទី៣ ស្ថិតនៅចំណុចឡាំដាំ ជាប់នឹងឈូងជ្រោយប្រស់៕