ជាតិ
សង្គមជាតិ
លោក ឡេង កុក អាន​៖ «​សាស្ត្រា​ស្លឹករឹត ផ្ទុក​សម្បត្តិ​អរិយធម៌​ខ្មែរ​ដ៏​មហាសាល​»
21, Jun 2020 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖ គម្ពីរ​សាស្ត្រា​ស្លឹករឹត​ខ្មែរ អាច​ចាត់ទុកជា​ប្រភពដើម នៃ​អរិយធម៌​ខ្មែរ ដែល​ផ្សព្វផ្សាយ​ពី​អក្សរសាស្ត្រ វប្បធម៌ ប្រពៃណី និង ទំនៀមទម្លាប់ ជាដើម​។ គ្រប់​អ្នកប្រាជ្ញ​ខ្មែរ​ពី​ដើម ទាំង​ព្រះសង្ឃ​និង​គ្រហស្ថ គឺ​សុទ្ធតែ​សិក្សា​ចេញពី​សាស្ត្រា​ស្លឹករឹត​ទាំងអស់​។ ទាំងនេះ​គឺជា​ការអះអាង​របស់លោក ឡេង កុក អាន អ្នកសិក្សា​ស្រាវជ្រាវ និង​អភិរក្ស គម្ពីរ​សាស្ត្រា​ស្លឹករឹត​ខ្មែរ ក្រាំង និង វាន​។​


​ធ្វើការ​ជិត​៣​ទសវត្ស​រ៍លើ​ការស្រាវជ្រាវ និង​ការអភិរក្ស​គម្ពីរ​សាស្ត្រា​ស្លឹករឹត​ខ្មែរ ក្រាំង និង​វាន លោក ឡេង កុក អាន ថា​រាល់​អត្ថបទ​ទាំងអស់ ដែលមាន​នៅក្នុង​សាស្ត្រា​ស្លឹករឹត​ខ្មែរ គឺ​បាន​សរសេរ​យ៉ាង​ក្បោះក្បាយ​ពី​អរិ​ធម៌​ខ្មែរ ដែល​ធ្វើឱ្យ​គម្ពីរ​បុរាណ​ទាំងនោះ មានតម្លៃ​មហាសាល​។​
 
​សូម​ស្ដាប់​ប្រសាសន៍​របស់លោក ឡេង កុក អាន បន្ថែម នៅក្នុង​វីដេអូ​ខាងក្រោម​៖ 
 
​ការងារ​លើ​វិថី​ស្រាវជ្រាវ​គម្ពីរ​បុរាណ​នេះ មិនបាន​ធ្វើឱ្យ​លោក ឡេង កុក អាន មាន​អារម្មណ៍​កក់ក្ដៅ​ច្រើន​ឡើយ ដោយហេតុថា​មិនសូវមាន​ការលើកទឹកចិត្ត ឬ​ជួយ​ជ្រោមជ្រែង​អស់ពី​ដៃជើង ពី​បណ្ដា​ភាគី​ពាក់ព័ន្ធ​។ ទោះយ៉ាងណា លោក ឡេង កុក អាន ដែល​ទទួលបាន​ប្រាក់ខែ​ជាង​១​លាន​រៀល ពី​កិច្ចការ​ស្រាវជ្រាវ​គម្ពីរ​សាស្ត្រា​ស្លឹករឹត ប្តេជ្ញា​ថា នៅតែ​បន្តការងារ​នេះ​រហូត​។​
 
​លោក មានប្រសាសន៍​៖«​មួយជីវិត​របស់ខ្ញុំ មិនដែល​បាក់​ទឹកចិត្ត​ទេ​។ ខ្ញុំ​គិតថា រឿងនេះ​គឺជា​រឿង​សំខាន់​នៅក្នុង​ជីវិត​របស់ខ្ញុំ ដូច្នេះ​គឺ​ខ្ញុំ​ធ្វើ​វា​។ បើ​គ្រប់គ្នា​បាក់​ទឹកចិត្ត តើ​មាន​អ្នកណា​ធ្វើ​? ខ្ញុំ​ធ្វើ​រហូតដល់​អស់​លទ្ធភាព ទើប​ខ្ញុំ​ឈប់​។ ការងារ​នេះ អាច​មិនឱ្យ​ផល​នៅពេល​បច្ចុប្បន្ន ប៉ុន្តែ​៥០​ឆ្នាំ ឬ​១០០​ឆ្នាំក្រោយ គេ​នឹង​អរគុណ​ខ្ញុំ​។ រហូតមកដល់​ពេលនេះ ខ្ញុំ​មិនទាន់​ឃើញ​អ្នកណាម្នាក់ ដែល​អាចធ្វើ​ការងារ​នេះ​ជំនួស​ខ្ញុំ​បានទេ​។ មាន​អ្នក​ដែល​ធ្វើការ​ជាមួយ​ខ្ញុំ ប្រហែល​១០​ឆ្នាំ​ដែរ ប៉ុន្តែ​គាត់​មិនទាន់​អាច​ដើរ​តែម្នាក់ឯង​បាន​»​។​
   
លោក ឡេង កុក អាន​ អ្នក​ស្រាវ​ជ្រាវ​ និង​អភិរក្ស​សាស្ត្រ​ស្លឹក​រឹត​ខ្មែរ ក្រាំង និង វាន 

​ការចុះផ្សាយ​ក្រោយៗ​ទៀត សារព័ត៌មាន​ថ្មីៗ នឹង​បង្ហាញថា តើ​អត្ថបទ​ប្រភេទ​អ្វីខ្លះ ដែល​ត្រូវ​ចារ​ក្នុង​គម្ពីរ​សាស្ត្រា​ស្លឹករឹត អត្ថបទ​ប្រភេទ​អ្វីខ្លះ ត្រូវ​ចារ​ក្នុង​គម្ពីរ​ក្រាំង ហើយ​អត្ថបទ​ប្រភេទ​អ្វីខ្លះ ត្រូវ​ចារ​ក្នុង​គម្ពីរ​វាន​៕
 

លោក ឡេង កុក អាន អ្នក​ស្រាវជ្រាវ និង​អភិរក្ស​សាស្ត្រា​ស្លឹករឹត​ខ្មែរ ក្រាំង និង​វាន​




Tag:
 សាស្ត្រា​ស្លឹករឹត​
  អក្សរសាស្ត្រ​
  អក្សរសិល្ប៍​
  សម្បត្តិ​
© រក្សាសិទ្ធិដោយ thmeythmey.com