ស្ទឹងត្រែង៖ តំបន់ដីសើម (Wetland) ឬរ៉ាមសារ (Ramsar) ជាតំបន់មានសារៈសំខាន់ សម្រាប់ មនុស្ស សត្វ រុក្ខជាតិ ជាពិសេសសម្រាប់ធនធានជលផល និងជីវៈចម្រុះ។ តំបន់ដីសើម ត្រូវបានចុះ ហត្ថលេខា បង្កើត «អនុសញ្ញាដីសើម អន្តរជាតិ» ឆ្នាំ១៩៧១ នៅប្រទេសអ៊ីរ៉ង់។ ប្រទេសកម្ពុជា បានចូលជាសមាជិកតំបន់រ៉ាមសារនេះ តាំងពីឆ្នាំ១៩៩៩។ កម្ពុជា មានតំបន់ដីសើម ៤កន្លែង ផ្ទៃក្រឡាសរុប ៧៥.៩៤២ ហិកតា ដែលស្ថិតនៅ ទីតាំងភូមិសាស្ត្រ និងប្រព័ន្ធអេកូឡូស៊ី ៣ផ្សេងគ្នា គឺតំបន់បឹងទន្លេសាប តំបន់ទន្លេមេគង្គ និងតំបន់ឆ្នេរ។
សូមអញ្ជើញលោក-អ្នកនាង ទស្សនាវីដេអូខាងក្រោម៖
តំបន់រ៉ាមសារ ក្នុងខេត្តស្ទឹងត្រែង ជាទីតំបន់សត្តានុពលទេសចរណ៍ធម្មជាតិដែលបានបង្កើត ប្រាក់ចំណូល ដល់ប្រជាសហគមន៍មូលដ្ឋាន។ ភ្ញៀវទេសចរ អាចជិះទូក ងូតទឹកទន្លេមេគង្គដ៏ ត្រជាក់កាយា ក្រោម ម្លប់ ឈើធំៗ រាប់សិបពាន់ដើមអមដោយឆ្នេរខ្សាច់សក្បុះ ដែលជាតំបន់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលចិត្ត មកលេងកម្សាន្ត លំហែកាយនារដូវទឹកស្រក។
«តំបន់រ៉ាមសារនៅស្ទឹងត្រែង មានឆ្នេរខ្សាច់ ស្អាត ហើយមានកោះជាង៥០ ដែលភ្ញៀវទេសចរអាចជិះទូក មើលសត្វស្លាប មើលព្រៃលិចទឹក និងងូតទឹក លេងកម្សាន្ត។ នៅទីនេះ ដើមឈើមានឬសវែងៗ ហើយភ្ញៀវទេសចរ ភាគច្រើនមកដល់ទីនេះ មិនចង់ត្រឡប់ទៅវិញទេ»។ នេះជាការអះអាងរបស់លោក ឈួន ឆន នាយករងតំបន់រ៉ាមសារ នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ដោយបានបន្ថែមថា តំបន់រ៉ាមសារ នៃខេត្តស្ទឹងត្រែង សម្បូរទៅដោយ មច្ឆជាតិ ១៣០ប្រភេទ និងសម្បូរមេពូជត្រីពង ។ តំបន់រ៉ាមសារ ជាទីជម្រករបស់ត្រីទឹកសាប ប្រភេទសត្វល្មូន និងបក្សីជាង ៩៧ប្រភេទ ដូចជា ត្រដក់ ត្រយ៉ងចង្កំកស រំពេរទន្លេ និងសត្វជិតផុតពូជ ជាច្រើនប្រភេទទៀត។
លោក សេក ម៉ៅ មេឃុំអូរស្វាយ
នាយករងតំបន់រ៉ាមសាររូបនេះ បញ្ជាក់ថា ភ្ញៀវទេសចរអន្តរជាតិភាគច្រើន ដែលបានមកលេងកម្សាន្ត នៅតំបន់រ៉ាមសាក្នុងខេត្តស្ទឹងត្រែង ចូលចិត្តជិះទូកមើលព្រៃលិចទឹក ដែលមានឬសឈើវែងៗ ព្រមទាំងថតរូប សត្វស្លាបដែលជិត ផុសពូជ និងជាប្រភេទសត្វកម្រជាច្រើន។ លោកបន្ថែមថា ភ្ញៀវទេសចរទាំងនោះចូលចិត្ត បោះតង់លើឆ្នេរខ្សាច់ ដែលរៀបចំដោយសហគមន៍អេកូទេសចរណ៍ ក្នុងខេត្តស្ទឹងត្រែង។
លោក សេក ម៉ៅ មេឃុំអូរស្វាយ បានប្រាប់សារព័ត៌មានថ្មីៗ២៥ដូច្នេះថា៖ «តំបន់រ៉ាមសារ តាមដងទន្លេ មេគង្គ ដែលស្ថិតក្នុងទីតាំងភូមិសាស្ត្រទាំងអស់៣ឃុំ និង១សង្កាត់ ក្នុងខេត្តស្ទឹងត្រែង។ ដោយឡែក នៅក្នុងឃុំអូស្វាយ មានភូមិ ចំនួន១០ ដែលស្ថិតក្នុងតំបន់រ៉ាមសារ និងមានប្រជាពលរដ្ឋជាង ១,៦៧០ គ្រួសារ និងពលរដ្ឋដែលរស់ នៅតាម ដងទន្លេមេគង្គ កំពុងទទួលផលពីតំបន់រ៉ាមសារ តាមរយៈភ្ញៀវទេសចរ ដែលប្រើប្រាស់សេវាកម្ម របស់សហគមន៍»។
ផលប្រយោជន៍របស់ពលរដ្ឋ ពីសហគមន៍អេកូទេសចរណ៍ នៃតំបន់រ៉ាមសារ
ទន្លេមេគង្គជាទន្លេដ៏សំខាន់មួយ ក្នុងតំបន់អាស៊ី ដែលសម្បូរទៅដោយជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី។ ទន្លេមេគង្គ គឺជាទន្លេដែលវែងជាងគេនៅអាស៊ីអាគ្នេយ៍ ហូរកាត់ចម្ងាយប្រមាណ ជិត ៤,៨០០ គីឡូម៉ែត្រចាប់ពីភ្នំទីបេក្នុងប្រទេសចិនរហូតដល់ភាគខាងត្បូងនៃប្រទេសវៀតណាម ដោយនាំមកជា មួយនូវធនធានធម្មជាតិដ៏អស្ចារ្យសម្រាប់ទ្រទ្រង់ជីវិតសត្វ និងមនុស្សរាប់សិបលាននាក់។
លោក ឈួន ឆន នាយករងតំបន់រ៉ាមសារ នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង
មេឃុំអូរស្វាយ លោក សេក ម៉ៅ អះអាងដូច្នេះថា៖ «មន្ទីរបរិស្ថានខេត្ត សហគមន៍ និងអាជ្ញាធរ ខេត្តស្ទឹងត្រែង កំពុងខិតខំបន្ថែម ដើម្បីការពារតំបន់រ៉ាមសារ។ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទទួលបាន ផលប្រយោជន៍ យ៉ាងច្រើនពីកំណើនភ្ញៀវទេសចរ ដែលបានទៅទស្សនាតំបន់រ៉ាមសារ ដោយសារ ភ្ញៀវភាគច្រើនបាននៅ ផ្ទះស្នាក់របស់សហគមន៍អេកូទេសចរណ៍ និងប្រើប្រាស់សេវាកម្មជាច្រើនរបស់ សហគមន៍»។
ប្រជាសហគមន៍នៅមូលដ្ឋានបានប្រមូលផ្តុំគ្នាចងក្រងជាសហគមន៍តំបន់ទេសចរណ៍ធម្មជាតិនៅក្នុងតំបន់របស់ខ្លួន ដើម្បីចូលរួមថែរក្សាធនធានធម្មជាតិប្រកបដោយនិរន្តរភាព ខណៈដែលទាញផលប្រយោជន៍ ពីវិស័យទេសចរណ៍ធម្មជាតិ ដើម្បីរកប្រាក់ចំណូលបន្ថែម។ សមាជិកសហគមន៍តំបន់ទេសចរណ៍ធម្មជាតិ រៀបចំសេវាកម្មទេសចរណ៍ធម្មជាតិដូចជា បង្កើតផ្ទះស្នាក់សហគមន៍ រៀបចំម្ហូបអាហារ បង្កើតកម្មវិធី ទស្សនាកម្សាន្តក្នុងតំបន់ធម្មជាតិ និងកម្មវិធីវប្បធម៌នានាប្រចាំសហគមន៍។
លោក ស៊ីម សុភា ប្រធានសេវាកម្មទូកទេសចរណ៍នៅសហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ បានប្រាប់ សារព័ត៌មានថ្មីៗ២៥ថា៖ «ទើបតែ៣ទៅ៤ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ដែលមានភ្ញៀវទេសចរមកកម្សាន្តច្រើន»។ លោក បន្ថែមថា សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ ដែលស្ថិតនៅឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង បានបង្កើតឡើងជិត១០ឆ្នាំមកហើយ ដោយមានសមាជិក៣៧នាក់ ក្នុងនោះមានស្ត្រី១៧នាក់ នាក់ ដែលទទួលបានចំណូលប្រសើរជាងមុន បន្ទាប់ពីសហគមន៍នេះបានបង្កើតឡើង មកដល់បច្ចុប្បន្ន។
លោក ស៊ីម សុភា ប្រធានសេវាកម្មទូកទេសចរណ៍នៅសហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ
តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងឆ្នាំ២០១៩ សហគមន៍អេកូទេសចរណ៍ ខេត្តស្ទឹងត្រែង មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចំនួន ៣៣៨.៦៥៣។ ជាមួយគ្នានេះ អង្គការ NTFP-EP កម្ពុជា បានឲ្យដឹងថា សហគមន៍ទេសចរណ៍ធម្មជាតិកោះហាន ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន ៥៣៥ នាក់ ហើយរកប្រាក់ចំណូលប្រចាំឆ្នាំបាន ២.៤៥៩ ដុល្លាអាមេរិក ខណៈដែល សហគមន៍ទេសចរណ៍បុរីអូរស្វាយ ទទួលបានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចំនួន ៦៧៨ នាក់ និងរកប្រាក់ចំណូលប្រចាំ ឆ្នាំដល់សហគមន៍ បានចំនួន ៨.៣៤០ ដុល្លាអាមេរិក ក្នុងឆ្នាំ២០១៩៕