ជាតិ
សង្គមជាតិ
អភិបាលក្រុងហាមរថយន្តធុនធ្ងន់ចរាចរលើផ្លូវ៦០ម៉ែត្រ ដើម្បីកាត់បន្ថយការស្ទះចរាចរណ៍ និងគ្រោះថ្នាក់
× ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានហាមរថយន្តធុនធ្ងន់ ចរាចរតាមដងផ្លូវ៦០ម៉ែត្រ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់។ ការអនុវត្តវិធានការនេះ ដោយសង្កេតឃើញថាផ្លូវ៦០ម៉ែត្រ តែងតែមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយសាររថយន្តធុនធ្ងន់។
លោក កើត ឆែ អភិបាលរងនៃសាលារាជធានីភ្នំពេញ បានប្រាប់ដល់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទថា សាលារាជធានីភ្នំពេញ ដាក់ចេញវិធានការនេះ ក៏ដើម្បីកុំឲ្យបណ្តោយផ្លូវ៦០ម៉ែត្រ មានការខូចខាតដោយសាររថយន្តធន់ធ្ងន់ ដឹកដី និងដឹកខ្សាច់ ។
លោក កើត ឆែ បាននិយាយដូច្នេះថា៖«សាលារាជធានីភ្នំពេញ មានបំណងឲ្យក្រុមហ៊ុន រថយន្តទាំងអស់ពង្វាងទៅផ្លូវនិរោធវិញ ដើម្បីកុំឲ្យគ្រោះថ្នាក់ចរាចរណ៍ និងដើម្បីធានាគុណភាពផ្លូវ។ រថយន្តទាំងនោះបង្កគ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យប្រឡាក់ថ្នល់ ហើយពេលគាត់ចូលក្នុងក្រុងវាបង្កឲ្យកកស្ទះចរាចរណ៍»។
បើតាមលោក កើត ឆែ សាលារាជធានីនឹងទុកពេលឲ្យក្រុមហ៊ុនរថយន្តដែលដឹកខ្សាច់នៅផ្លូវ៦០ម៉ែត្រចំនួន២ខែ រៀបចំបូមខ្សាច់តាមបំពង់ទុយោវិញ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរក្សាគុណភាពផ្លូវ។
សូមបញ្ជាក់ថា ក្នុងរយៈពេល៥ខែកន្លងទៅ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ បណ្តាលឲ្យស្លាប់មនុស្សចំនួន៥នាក់ របួសធ្ងន់៧នាក់ និងស្រាល២នាក់។ នេះបើតាមការផ្សាយព័ត៌មានរបស់ក្រសួងព័ត៌មាន៕
© រក្សាសិទ្ធិដោយ thmeythmey.com