អាមេរិក និង​រុស្ស៊ី​បើក​ការចរចា​លើ​សន្ធិសញ្ញា​កាត់បន្ថយ​នុយក្លេអ៊ែរ New START
អន្តរជាតិ
អាមេរិក និង​រុស្ស៊ី​បើក​ការចរចា​លើ​សន្ធិសញ្ញា​កាត់បន្ថយ​នុយក្លេអ៊ែរ New START
22, Jun 2020 , 11:35 am        
រូបភាព
មីស៊ីលបំពាក់នុយក្លេអ៊ែររបស់រុស្ស៊ី។ រូបភាព AFP
មីស៊ីលបំពាក់នុយក្លេអ៊ែររបស់រុស្ស៊ី។ រូបភាព AFP
​ប្រតិភូ​អាមេរិក និង​រុស្ស៊ី នឹង​ជួបគ្នា​នៅ​ថ្ងៃទី​២២ ខែមិថុនា ដើម្បី​បើក​ការចរចា​លើ​ការបន្ត​សន្ធិសញ្ញា​កាត់បន្ថយ​នុយក្លេអ៊ែរ​ថ្មី (New START) ដែល​អស់​សុពលភាព​នៅ​ដើមឆ្នាំ​២០២១ ។ មិនមាន​ក្ដី​រំពឹង​ច្រើន​ឡើយ​ពី​ការចរចា​នេះ ដោយ​អ្នកជំនាញ​យល់ថា ពេលវេលា​កាន់​ខើច​ណាស់​ទៅហើយ ស្របពេល​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ក៏មាន​ទម្លាក់​ដើរ​ចេញពី​កិច្ចព្រមព្រៀង​អន្តរជាតិ​ផង​នោះ​។ អវត្តមាន​របស់​ចិន ក៏​ទំនងជា​មូល​ហេតុដែល​ការចរចា​នេះ​មិនបាន​ផល​ដែរ​។​

 
​អគ្គរដ្ឋទូត​អាមេរិក​ទទួលបន្ទុក​កិច្ចការ​នុយក្លេអ៊ែរ  Marshall Billingslea និង​អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី  Sergei Ryabkov នឹង​ដឹកនាំ​ការប្រជុំ​បន្ត​សុពលភាព​សន្ធិសញ្ញា​កាត់បន្ថយ​អាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​ថ្មី New START ។ សន្ធិសញ្ញា​នេះ ចូល​ជាធរ​មាននៅ​ឆ្នាំ​២០១០ ហើយ​ផុត​សុពលភាព​នៅ​ខែ​កម្ភៈ ឆ្នាំ​២០២១ ខាងមុខ​។​
 
​ភាគី​ទាំងពីរ​មាន​ពេល​ត្រឹម​៨​ខែ​ប៉ុណ្ណោះ​ដើម្បី​ចរចា​លើ​ការបន្ត​សន្ធិសញ្ញា​ដ៏​សំខាន់ និង​សេសសល់​ពី​ការដកខ្លួន​របស់​អាមេរិក​ក្រោម​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។ ក្នុងករណី​ចង់​ឲ្យ​សន្ធិសញ្ញា​នេះ​មាន​ប្រសិទ្ធភាព​ទៀត​នោះ ទាំង​អាមេរិក ទាំង​រុស្ស៊ី ត្រូវធ្វើ​ការងារ​ធ្ងន់​។ ប៉ុន្តែ​អ្វី​ដែលជា​ក្ដីបារម្ភ​នោះ គឺ​ក្នុង​កាលៈទេសៈ​ដែល​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ខិត​កាន់តែ​កៀក វ៉ាស៊ីនតោន​អាច​មិនមាន​ការប្ដេជ្ញាចិត្ត​ឲ្យ​ខ្លាំងក្លា​ឡើយ​។​
 
​លើសពីនោះ នៅពេលដែល​អាមេរិក កំពុង​មិនត្រូវ​គ្នា​ជាមួយ​ចិន លោក ត្រាំ ក៏​អាចមាន​លេស​ដើម្បី​មិន​បន្ត​សន្ធិសញ្ញា​នេះដែរ​។ កន្លងទៅ លោក ត្រាំ ចង់​ឲ្យ​ចិន​ចូលរួម​ក្នុងការ​ចរចា​នេះ សំដៅ​ទប់ស្កាត់​ការ​រុល​ទៅ​របស់​មហាអំណាច​អាស៊ី​មួយ​នេះ​។ ប៉ុន្តែ​ចិន​ប្រកាស​ដាច់អហង្ការ​ហើយ​ថា ខ្លួន​មិន​ចូលរួម​ការចរចា​ត្រីភាគី​ជាមួយ​អាមេរិក និង​រុស្ស៊ី​ដាច់ខាត​។ នេះ នឹង​ក្លាយជា​ហេតុផល​ដ៏​ល្អ​សម្រាប់​វ៉ាស៊ីនតោន​ដើម្បី​បង្អូស​ពេល​ឲ្យ New START អស់​សុពលភាព​ដោយ​ឯកឯង​។​
 
​លោក Song Zhongping អ្នកជំនាញ​ផ្នែក​ការពារជាតិ ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា ប៉េកាំង​នឹងមិន​ចូល​តុ​ចរចា​ជាមួយ​មូ​ស្គូ និង​វ៉ាស៊ីនតោន​ឡើយ ហើយ​ការចរចា​ដើម្បី​កាត់បន្ថយ​អាវុធ​នេះ គ្រាន់តែ​ជា​អន្ទាក់​របស់​អាមេរិក​ប៉ុណ្ណោះ​។ លោក​បន្តថា ចិន​ដែលមាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ជាង​៣២០​គ្រាប់ អាច​នឹង​បង្កើន​ដល់​២​ពាន់​គ្រាប់ ដែលជា​កម្រិត​សមល្មម​។ បរិមាណ​នេះ នៅ​ទាប​ជាង​អាមេរិក និង​រុស្ស៊ី​ដែលមាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ជាង​៥​ពាន់ និង​ជាង​៦​ពាន់​បន្តបន្ទាប់​។​
 
New START ជា​សន្ធិសញ្ញា​មួយ​ដែល​រួច​ពី​ការដើរ​ចោល​របស់​អាមេរិក​។ សន្ធិសញ្ញា​យោធា​ជាមួយ​រុស្ស៊ី​ដែល​រដ្ឋបាល​លោក ត្រាំ ដើរចេញ​មាន​កិច្ចព្រមព្រៀង​ចំហ​មេឃ និង​សន្ធិសញ្ញា​ហាមឃាត់​មី​ស៊ី​ល​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម​។ អ្នកវិភាគ​រុស្ស៊ី Fyodor Lukyanov និយាយថា មិនចាំបាច់​រំពឹង​ពី​លទ្ធផល​ពី​ការប្រជុំ​នៅ​វី​យែ​ន​ឡើយ ព្រោះ New START ក៏​ទំនង​មាន​វាសនា​មិន​ខុសពី​សន្ធិសញ្ញា​ឯទៀត​ឡើយ​៕
 
 

Tag:
 អាមេរិក​
  រុស្ស៊ី​
  New START
© រក្សាសិទ្ធិដោយ thmeythmey.com