បក្ស​កុ​ម្មុយនី​ស្ត​វៀតណាម ប្រកាស​ជំហរ​ឥត​ងាករេ ក្នុងការ​ចងមិត្តភាព​ជាមួយ​កម្ពុជា
ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្ស​កុ​ម្មុយនី​ស្ត​វៀតណាម ប្រកាស​ជំហរ​ឥត​ងាករេ ក្នុងការ​ចងមិត្តភាព​ជាមួយ​កម្ពុជា
23, Jun 2020 , 4:02 pm        
រូបភាព
លោក Nguyễn Xuân Phúc នាយករដ្ឋមន្រ្តីនិងជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមគណបក្សកុម្មុនីស្តវៀតណាម ទទួលសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសសម្តេចទៅបំពេញទស្សនកិច្ចនៅវៀតណាម កាលពីខែតុលា ឆ្នាំ២០១៩ (រូបពី AFP )
លោក Nguyễn Xuân Phúc នាយករដ្ឋមន្រ្តីនិងជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមគណបក្សកុម្មុនីស្តវៀតណាម ទទួលសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសសម្តេចទៅបំពេញទស្សនកិច្ចនៅវៀតណាម កាលពីខែតុលា ឆ្នាំ២០១៩ (រូបពី AFP )
ដោយ: ថ្មីៗ
​គណបក្ស​កុ​ម្មុយនី​ស្ត​វៀតណាម បាន​អបអរសាទរ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងឱកាស​រម្លឹក​ខួប​លើក​ទី​៦៩​ឆ្នាំ​នៃ​ការបង្កើត​គណបក្ស ដែល​នឹងមកដល់​នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២០​។ គណៈកម្មាធិការ​មជ្ឈិម​នៃ​គណបក្ស​កុ​ម្មុយនី​ស្ត​វៀតណាម បាន​សរសេរ​លិខិត​អបអរសាទរ​នេះ ជូន​មក​គណៈកម្មាធិការ​កណ្តា​ល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​។   



លិខិត​អបអរសាទរ ដែល​ត្រូវបាន​បកប្រែ​ពី​ភាសា​វៀតណាម មកជា​ភាសា​ខ្មែរ និង​ត្រូវបាន​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ស្ថានទូត​វៀតណាម សរសេរថា គណបក្ស​កុ​ម្មុយនី​ស្ត​វៀតណាម មាន​គោលជំហរ «​ដោយ​ឥត​ងាករេ​» ក្នុងការ​គោរព​និង​ការ​ពូន​ជ្រំ​នូវ​សាមគ្គីភាព​-​មិត្តភាព​រវាង​គណបក្ស​និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។ 
 
​តាមរយៈ​លិខិត​នោះ គណបក្ស​កុ​ម្មុយនី​ស្ត​វៀតណាម ចាត់ទុក​ចំណងមិត្តភាព​នេះ ថា​ជា «​ទ្រព្យសម្បត្តិ​រួម​ដ៏​មានតម្លៃ​របស់​ប្រទេស​ទាំងពីរ​»​។ លិខិត​ដដែល បន្តថា បក្ស រដ្ឋ និង ប្រជាជន​វៀតណាម នឹង​ខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត រួមជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា រដ្ឋ និង ប្រជាជន​កម្ពុជា ដើម្បី​ថែរក្សា​និង​ពូន​ជ្រំ​បន្ថែមទៀត​នូវ​ចំណងទាក់ទង និង​កិច្ចសហប្រតិបត្តិការ «​ឲ្យ​កាន់តែ​ស្រស់បំព្រង​និង​រឹងមាំ​ជា​និរន្ត​តរៀង​ទៅ​»​។ 
 
​ទន្ទឹមនឹងនេះ គណបក្ស​កុ​ម្មុយនី​ស្ត​វៀតណាម បាន​សរសើរ​គណបក្ស​ប្រជាជន​កម្ពុជា ក៏ដូចជា​រដ្ឋាភិបាល​ក​ម្ពុ​ជា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩​។ គណបក្ស​កុ​ម្មុយនី​ស្ត​វៀតណាម ក៏បាន​អរគុណ​គណបក្ស​ប្រជាជន​កម្ពុជា រដ្ឋ និង ប្រជាជន​ខ្មែរ ថា បាន​សហការ​យ៉ាង​ល្អ​ជាមួយ​វៀតណាម ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។ 
 
​គណបក្ស​កុ​ម្មុយនី​ស្តី​វៀតណាម រម្លឹកថា ការ​រួមគ្នា​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​នាពេលនេះ គឺ​ដូច​អ្វីដែល​កម្ពុជា​និង​វៀតណាម ធ្លាប់បាន​ជួយ​គ្នា​ទៅវិញទៅមក​ក្នុង​អតីតកាល ដូចជា ការ​វាយ​ផ្តួលរំលំ​របប​ខ្មែរក្រហម និង​ការរំដោះ​វៀតណាម​ភូមិភាគ​ខាងត្បូង ដើម្បី​ឈានដល់​បាន​ឯករាជ្យ​ជាតិ​នៅ​ទូទាំងប្រទេស ជាដើម​។ 
 
​ក្នុង​លិខិត​នោះ គណបក្ស​កុ​ម្មុយនី​ស្ត​វៀតណាម បង្ហាញ​ក្តី​ជឿជាក់ថា ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រទេស​កម្ពុជា នឹង​សម្រេចបាន​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត ហើយ​កម្ពុជា កាន់តែ​ត្រូវបាន​លើកតម្កើង​លើ​ឆាក​អន្តរជាតិ​។ 
 
​គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​រួចហើយ ថា នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២០​នេះ មិនបាន​ប្រារព្ធ​ពិធី​រម្លឹក​ខួប​៦៩​ឆ្នាំ​នៃ​ការបង្កើត​គណបក្ស ជា​ទ្រង់ទ្រាយ​ធំ ដែល​តែងតែ​ធ្វើជា​រៀងរាល់ឆ្នាំ​ឡើយ ដោយសារតែ​បារម្ភ​នឹង​ជំងឺ​កូ​វីដ​-១៩​។ រាល់​ឆ្នាំ គណបក្សកាន់អំណាច​មួយ​នេះ តែង​រៀបចំ​ពិធី​ជួបជុំគ្នា នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ឬ​នៅ​កន្លែង​ផ្សេងទៀត ដើម្បី​រម្លឹក​ខួប​នៃ​ការបង្កើត​គណបក្ស​៕ 

Tag:
 កម្ពុជា​-​វៀតណាម​
  មិត្តភាព
© រក្សាសិទ្ធិដោយ thmeythmey.com