Pep Guardiola៖ ការអប់រំ​នៅ​សាលា​នឹង​ជួយសង្គ្រោះ​យើង​ពី​ការរើសអើង​
កីឡាអន្តរជាតិ
អន្តរជាតិ
Pep Guardiola៖ ការអប់រំ​នៅ​សាលា​នឹង​ជួយសង្គ្រោះ​យើង​ពី​ការរើសអើង​
23, Jun 2020 , 10:29 pm        
រូបភាព
​លោក Pep Guardiola បាន​ចូលរួម​ជាមួយ​គ្រូ Burnley លោក Sean Dyche ក្នុងការ​ថ្កោលទោស​យន្តហោះ​មួយគ្រឿង​ដែល​ហោះ​លើក​បដា «White Lives Matter Burnley» ពីលើ​កីឡាដ្ឋាន Etihad នា​ជំនួប Man City និង Burnley ក្នុង​ក្របខណ្ឌ  Premier League នៅ​ថ្ងៃទី​២២ ខែមិថុនា​។ លោក Pep Guardiola អ្នកចាត់ការ​ទូទៅ​ក្រុម Manchester City សង្ឃឹមថា ការអប់រំ​នឹង​ជួយសង្គ្រោះ​មនុស្ស​ក្នុងការ​បញ្ចប់​ការរើសអើង​ជាតិ​សាសន៍​។​


 
​យន្តហោះ​មួយគ្រឿង​ត្រូវបាន​គេ​ប្រទះឃើញ​ភ្លាមៗ​បន្ទាប់ពី​ក្រុមកីឡា​ករទាំង​ពីរបាន​លុតជង្គង់​ដើម្បី​ជាការ​បង្ហាញ​ពី​សាមគ្គីភាព​ជាមួយ​ចលនា Black Lives Matter ដែលជា​ឥរិយាបទ​មួយ​ពិសេស​នៅក្នុង​ការប្រកួត​លី​គ​កីឡាបាល់ទាត់​កំពូលៗ ចាប់តាំងពី​ការវិលត្រឡប់​ទៅកាន់​ការប្រកួត​វិញ ក្រោយ​ផ្អាក​ដោយសារ COVID-19​។ «Black Lives Matter» ជា​ចលនា​គាំទ្រ​ឲ្យ​មានការ​ផ្តល់​ការគិតគូ​លើ «​បញ្ហា​រស់នៅ​របស់​ជន​ជាតិ​ស្បែក​ខ្មៅ​»​។​
 
 
 
​ក្លិប Burnley បាន​ចាត់វិធានការ​ផងដែរ​ដើម្បី​ព្រមាន​ទៅកាន់​អ្នក​ដែល​ទទួលខុសត្រូវ​ចំពោះ​បដា «White Lives Matter Burnley» ដែល​បង្ហាញ​ការប្រមាថ​និង​រើសអើង​នេះ​។ ប្រធាន​ក្រុម Burnley កីឡាករ Ben Mee និយាយថា​កីឡាករ​មានការ «​ខ្មាស់អៀន​» សម្រាប់​សកម្មភាព​រប​ស់​អ្នកគាំទ្រ​មួយចំនួន​តូច​នេះ​។​
 
​យន្តហោះ​ដែល​បង្ហោះ​បដា White Lives Matter Burnley គឺ​ចង់​បង្ហាញថា​ពួកគេ​មិន​យល់ស្រប​នឹង​ពាក្យ Black Lives Matter ឡើយ​។ សារ​នេះ មានន័យថា ជនជាតិ​ស្បែ​កស​ក៏មាន​បញ្ហា​មិន​ខុសពី​ជន​ស្បែក​ខ្មៅ​ដែរ​។​
 
​ក្រោយ​ជំនួប​ដែល Man City យកឈ្នះ Burnley ក្នុង​លទ្ធផល ៥-០ នោះ​លោក Guardiola បាន​និយាយថា ការប្រយុទ្ធ​ដើម្បី​បញ្ចប់​ការរើសអើង​ជាតិ​សាសន៍ និង​ភាពអយុត្តិធម៌​នេះ ត្រូវតែ​ចាប់ផ្តើម​នៅក្នុង​សាលារៀន​។​
 
​អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​រៀបរាប់​៖«​រាល់ថ្ងៃ​យើង​ចង់​ប្រយុទ្ធ​នឹង​សកម្មភាព​មិនល្អ មិន​ត្រឹមតែ​ចំពោះ​ស្ថានភាព​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រាល់​ភាពអយុត្តិធម៌​សម្រាប់​មនុស្ស​នៅ​ជុំវិញ​ពិភពលោក​មិន​ថាស ឬ​ខ្មៅ​។ អ្វី​ទាំងអស់នេះ​គួរ​ចាប់ផ្តើម​ពី​ក្នុង​សាលារៀន​សម្រាប់​មនុស្ស​ជំនាន់​ថ្មី​ឲ្យ​មានការ​យល់ដឹង​ពី​ភាពស្មើគ្នា ហើយ​ដូច្នេះ​មានតែ​ការអប់រំ​ទេ​ដែល​ជួយសង្គ្រោះ​យើង​បាន​»​។​
 
​ជ័យជម្នះ​នេះ បានធ្វើ​ឲ្យ​ក្រុម​មេឃ​ខៀវ កើន​ដល់​៦៣​ពិន្ទុ ពី​ការប្រកួត​៣០​លើក ប៉ុន្តែ​នៅតែ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Liverpool ចំនួន ២០​ពិន្ទុ​ដដែល​៕

Tag:
 Manchester City
  Pep Guardiola
  George Floyd
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម