ពីនេះ ពីនោះ
សុខភាព
កុំ​រំលង​! ដឹង​ទេ​អាហារ​អ្វីខ្លះ​ជួយ​ទប់ស្កាត់​បញ្ហា​សក់​ជ្រុះ​?
24, Jun 2020 , 6:59 pm        
រូបភាព
​ក្រៅពី​ស្ត្រេ​ស ការប្រើប្រាស់​ឧបករណ៍ ក៏ដូចជា​ផលិតផល​លេង​ម៉ូដ​សក់​មួយចំនួន ព្រមទាំង​ទម្លាប់​នៃ​ការ​ទទួលទាន​អាហារ​ក៏​ជះឥទ្ធិពល​មិនល្អ​លើ​សុខភាព​សក់​ដែលនាំឱ្យ​ស្ដើង​ជាង​មុន​ផងដែរ​។ ទោះជា​យ៉ាងណា​កុំ​បារម្ភ​បញ្ហា​សក់​ស្ដើង​មិន​ពិបាក​នឹង​ដោះស្រាយ​ឡើយ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​មួយចំនួន​ដែលមាន​ឥទ្ធិពល​លើ​ការលូតលាស់​នៃ​សក់ ៖

 
១. ត្រី​សម្បូរ​ខ្លាញ់​
 
 
​មួយ​ក្នុងចំណោម​មូលហេតុ​ផ្សេងទៀត​ដែល​បង្កបញ្ហា​សក់​ជ្រុះ គឺ​ការ​រលាក​! ទោះជា​យ៉ាងណា​ការ​រលាក​ក្នុង​រាងកាយ​អាច​គ្រប់គ្រង​បាន​ដោយមាន​ជំនួយ​ពី​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣​។ ហើយ​ប្រភព​ដ៏​ប្រសើរ​បំផុត​នៃ​អាស៊ីត​ខ្លាញ់​នេះ គឺ​ត្រី​សម្បូរ​ខ្លាញ់​។ អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ មាន​អត្ថប្រយោជន៍​ណាស់​ចំពោះ​សុខភាព​ស្បែកក្បាល​ដែល​ចាំបាច់​សម្រាប់​ការលូតលាស់​នៃ​សក់​។ ម្យ៉ាងវិញទៀត​ត្រី​សម្បូរ​ខ្លាញ់​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន D និង​អាស៊ីត​អា​មី​ណូ​ដែលមាន​ឥទ្ធិពល​ជួយ​ឱ្យ​សក់​លូតលាស់​បាន​ឆាប់រហ័ស​ផងដែរ​។​
 
២. គ្រាប់​ធញ្ញជាតិ​និង​គ្រាប់ពូជ​
 
​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ផងដែរ​។ ទោះជា​យ៉ាងណា​មិនត្រូវ​ទទួលទាន​លើសពី​មួយ​ក្ដាប់​ពេញ​ក្នុង​មួយថ្ងៃ​ឡើយ​។​
 
៣. ស៊ុត​
 
​ការរួមបញ្ចូល​ស៊ុត​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ គឺ​ល្អ​ណាស់​សម្រាប់​អ្នក​កំពុង​ជួបប្រទះ​បញ្ហា​សក់​ជ្រុះ​។ នេះ​ក៏​ព្រោះតែ​ស៊ុត​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​បាយ​អូ​ទីន​វីតាមីន B មួយ​ប្រភេទ​ដែលមាន​ប្រសិទ្ធភាព​ទប់ស្កាត់​បញ្ហា​សក់​ជ្រុះ​។ ស៊ុត​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​ដែល​ចាំបាច់​សម្រាប់​ពង្រឹង​ឬ​ស​នៃ​សក់​ផងដែរ​។​
 
៤. សាច់​គ្មាន​ខ្លាញ់​
 
​អ្នក​ក៏​គួរ​រួមបញ្ចូល​សាច់​គ្មាន​ខ្លាញ់​ក្នុង​របប​អាហារ​ផងដែរ​ដើម្បី​ទប់ស្កាត់​និង​ដោះស្រាយ​បញ្ហា​សក់​ជ្រុះ​។ សាច់​គ្មាន​ខ្លាញ់​មាន​ផ្ទុក​ប្រូតេអ៊ីន​គុណភាព​ខ្ពស់​ដែល​ល្អ​សម្រាប់​សុខភាព​សក់​។​
 
៥. សណ្ដែក​
 
​សណ្ដែក​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​ប្រូតេអ៊ីន​គុណភាព​ខ្ពស់​។ ដូច្នេះ​ប្រសិនបើ​ចង់​ទប់ស្កាត់​បញ្ហា​សក់​ជ្រុះ​អ្នក​ក៏​គួរ​រួមបញ្ចូល​សណ្ដែក​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ផងដែរ​។​
 
៦. ការ៉ុត​
 
​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន A ដែល​ចាំបាច់​សម្រាប់​ការផលិត​ជាតិ​ប្រេង​ធម្មជាតិ​នៃ​សក់ ដើម្បី​រក្សាបាន​នូវ​ស្បែកក្បាល​មាន​សុខ​ភាពល្អ​។ ប្រសិនបើ​គ្មាន​ជាតិ​ប្រេង​គ្រប់គ្រាន់​ទេនោះ​ស្បែកក្បាល​នឹង​ប្រែជា​ស្ងួត ងាយ​ជ្រុះ ហើយ​រមាស់​។​
 
៧. បន្លែ​បៃតង​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ដែក​ដែល​ចាំបាច់​ណាស់​សម្រាប់​រក្សាសុខ​ភាព​សក់​រឹងមាំ​។ កង្វះ​ជាតិ​ដែក​អាច​បង្ក​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​ដែលជា​កត្តា​ចម្បង​បំផុត​មួយ​នៃ​បញ្ហា​ជ្រុះ​សក់ ក៏​ព្រោះ​ឬ​ស​នៃ​សក់​ទទួលបាន​សារធាតុចិញ្ចឹម​តាមរយៈ​ការផ្គត់ផ្គង់​របស់​ឈាម​។​
 
៨. ផ្លែ​បឺ​រ​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន E ដែល​ជួយ​ឱ្យ​ឬ​ស​នៃ​សក់​ធ្វើការ​កាន់តែ​មាន​ប្រសិទ្ធិភាព និង​បង្កើន​ចរន្តឈាម​ជម្រុញ​ការលូតលាស់​សក់​។ វា​ក៏​ជួយ​រក្សា​កម្រិត​តុល្យភាព PH និង​ជាតិ​ប្រេង​ទប់ស្កាត់​ភាព​រាំងស្ទះ​ដល់​ការលូតលាស់​នៃ​សក់​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com