អន្តរជាតិ
នៅអាល្លឺម៉ង់ ក្លិនទុរេនធ្វើឲ្យមនុស្ស៦នាក់ចូលពេទ្យ និង៦០នាក់ត្រូវបានជម្លៀសចេញពីប្រៃសណីយ៍
× ការិយាល័យប្រៃសណីយ៍មួយនៅប្រទេសអាល្លឺម៉ង់ បានបង្ខំចិត្តជម្លៀសមនុស្ស៦០នាក់ចេញ និងបញ្ជូនអ្នកបម្រើការ៦នាក់ទៅមន្ទីរពេទ្យ ដោយសារតែពួកគេពិបាកទ្រាំនឹងក្លិនទុរេន ដែលវេចខ្ចប់ជាច្រើនកេស។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០។
មនុស្សប្រមាណ៦០នាក់ត្រូវបានជម្លៀសចេញពីការិយាល័យប្រៃសណីយ៍នៅក្រុង Schweinfurt កាលពីថ្ងៃសៅរ៍ ហើយបុគ្គលិក១២នាក់ ត្រូវបានព្យាបាលព្រោះមានបញ្ហាច្រមុះ ដោយក្នុងនោះ៦នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
របាយការណ៍បានបង្ហាញថា ក្រុមការងារនៅប្រៃសណីយ៍សុទ្ធតែមានសភាពចលាចល ដោយសារតែពួកគេ ទទួលបានក្លិបដ៏ចម្លែកនៅក្នុងកេស ហើយនៅបរិវេណនោះ ប៉ូលិសក្រុង Schweinfurt បានត្រៀមរថយន្តពេទ្យចំនួន៦ រថយន្តអន្តារាគមន៍ចំនួន៥ រថយន្តសង្គ្រោះបន្ទាន់ចំនួន២ និងរថយន្តពន្លត់អគ្គិភ័យ៣ផ្សេងទៀត។
ជាមួយនឹងក្តីបារម្ភថា ជាក្លិនឧស្ម័ន ក្រុមការងារមួយចំនួនបាននាំគ្នាបើកពិនិត្យកេសយ៉ាងប្រុងប្រយ័ត្ន រហូតដល់ដឹងថា កេសទាំង៤នោះ ផ្ទុកទុរេន ដែលនាំពីប្រទេសថៃ។
ទុរេននោះ ត្រូវបានផ្ញើទៅពលរដ្ឋអាយុ៥០ឆ្នាំម្នាក់នៅក្នុងក្រុង Nuremberg ពីសំណាក់មិត្តភក្តិនៅថៃ។ បច្ចុប្បន្ន ទុរេនបានទៅដល់ដៃរបស់បុរសនោះហើយ។
នេះមិនមែនជាលើកដំបូងឡើយ ដែលទុរេនបង្កចលាចល។ កាលពីឆ្នាំមុន បុគ្គលិកនៅបណ្ណាល័យនៃសាកលវិទ្យាល័យ Canberra ប្រទេសអូស្ត្រាលី ក៏ត្រូវបានជម្លៀសចេញពីអគារផងដែរ ដោយគិតថា ជាការធ្លាយឧស្ម័ន។ នៅខែវិច្ឆិកា ឆ្នាំ២០១៨ យន្តហោះមួយនៅឥណ្ឌូណេស៊ី បានបង្ខំចិត្តចុះចត ក្រោយអ្នកដំណើរត្អូញត្អែរពីក្លិនដ៏ចម្លែករបស់ផ្លែឈើមួយនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com