អណ្ដើក​ហ្លួង អាយុ​ប្រហែល​១៤​ឆ្នាំ ២​ក្បាល ត្រូវបាន​ប្រគល់ជូន​ក្រសួងបរិស្ថាន​
ជាតិ
អណ្ដើក​ហ្លួង អាយុ​ប្រហែល​១៤​ឆ្នាំ ២​ក្បាល ត្រូវបាន​ប្រគល់ជូន​ក្រសួងបរិស្ថាន​
25, Jun 2020 , 12:19 am        
រូបភាព
​ដោយ​៖ ជឿន ស្រី​ណ​យ​
 
​កោះកុង​៖ អណ្ដើក​ហ្លួង​មាន​អាយុ​ប្រហែល​១៤​ឆ្នាំ ចំនួន​២​ក្បាល ត្រូវបាន​ប្រជាពលរដ្ឋ​ប្រគល់ជូន ក្រសួងបរិស្ថាន ដើម្បី​អភិរក្ស​នៅ​ថ្ងៃទី​២៤ មិថុនា បន្ទាប់ពី​ប្រជាពលរដ្ឋ​បាន​ទិញ​ពី​អ្នកនេសាទ​ខុសច្បាប់ ។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួងបរិស្ថាន​។​


​ក្រសួងបរិស្ថាន បាន​បញ្ជូន​អណ្តើក​ហ្លួង​ទាំង​២​ក្បាល​នេះ ទៅ​ឲ្យ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ប្រចាំ​កម្ពុជា ហៅ​កាត់​ថា​WCS​។ លោក នេត្រ ភក្ត្រា ចាត់ទុក​ទង្វើរ​លោកស្រី ឡាយ ផុន​ថេ​ង ដែល​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ក្នុងការ​ជួយសង្គ្រោះ និង​ចូលរួម​ថែរក្សារ​សត្វព្រៃ ជា​សកម្មភាព​សម្បុរ​ធ​ម៌​។ 
 
​លោក សោម ស៊ីថា ប្រធាន​គម្រោង​អភិរក្ស​អណ្ដើក​ហ្លួង​នៃ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ប្រចាំ​កម្ពុជា (WCS) បាន​និយាយថា អណ្ដើក​ហ្លួង​នឹង​បញ្ជូនទៅ​មជ្ឈមណ្ឌល​សង្គ្រោះ និង​អភិរក្ស​សត្វ​ល្មូ​ន​មួយកន្លែង​នៅក្នុង​ស្រុកស្រែ​អំបិល ខេត្តកោះកុង តាំងពី​ឆ្នាំ​២០០៦​មក​។ លោក​បាន​បន្តទៀតថា អណ្តើក​ហ្លួង​ទាំងពីរ​ក្បាល​នេះ មាន​អាយុ​ប្រហែល​១៤​ឆ្នាំ ខណៈ​អាយុកាល​របស់​វា​ត្រូវប៉ាន់​ស្មានថា មាន​ជាង​១០០​ឆ្នាំ​ឡើងទៅ​។ អណ្តើក​ហ្លួង​ញី​អាច មាន​ទំហំ​រហូតដល់​៦០​សង់ទីម៉ែត្រ និង​អាច​បន្ត​ពូជ​នៅ​អាយុ​២០​ឆ្នាំ ខណៈ​ឈ្មោល​អាចមាន​ទំហំ​៤៩​សង់ទីម៉ែត្រ​។​
 
​សូមជម្រាបថា អណ្ដើក​ហ្លួង ជា​ប្រភេទ​ល្មូ​ន​ដែល​ស្ថិតក្នុង​បញ្ជី​ក្រហម​របស់ អង្គការ​សហភាព​អន្តរជាតិ ដើម្បី​ការអភិរក្ស​ធម្មជាតិ ហៅ​កាត់​IUCN ជា​ប្រភេទ​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ ក្នុងចំណោម​អណ្តើក​ទាំង​២៥​ប្រភេទ ដែល​កំពុង​រងគ្រោះថ្នាក់​ខ្លាំងជាងគេ​នៅលើ​ពិភពលោក​។​











Tag:
 អណ្តើក​ហ្លួង
© រក្សាសិទ្ធិដោយ thmeythmey.com