ខ្មែរ​១៥៨​នាក់​ទៀត នឹង​ចេញពី​ម៉ាឡេស៊ី មកដល់​កម្ពុជា នៅ​ថ្ងៃ​២៦​មិថុនា​
COVID-19
ជាតិ
ខ្មែរ​១៥៨​នាក់​ទៀត នឹង​ចេញពី​ម៉ាឡេស៊ី មកដល់​កម្ពុជា នៅ​ថ្ងៃ​២៦​មិថុនា​
25, Jun 2020 , 3:42 pm        
រូបភាព
ពលករខ្មែរ នៅក្នុងយន្តហោះ ចាកចេញពីម៉ាឡេស៊ី មកកម្ពុជា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ (រូបពីស្ថានទូតកម្ពុជាប្រចាំនៅម៉ាឡេស៊ី)
ពលករខ្មែរ នៅក្នុងយន្តហោះ ចាកចេញពីម៉ាឡេស៊ី មកកម្ពុជា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ (រូបពីស្ថានទូតកម្ពុជាប្រចាំនៅម៉ាឡេស៊ី)
ដោយ: ថ្មីៗ
​​និស្សិត​និង​ពលករ​ខ្មែរ​១៥៨​នាក់​ទៀត រួមទាំង​ជនជាតិ​ម៉ាឡេស៊ី​២​នាក់​ផង នឹង​ចាក​ចេញពី​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី មកដល់​កម្ពុជា នៅ​ថ្ងៃស្អែក (២៦​មិថុនា ២០២០)​។ នេះ​បើតាម​ព័ត៌មាន​ដែល​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស ផ្ញើ​ឲ្យ​ក្រុមអ្នកកាសែត ក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម នៅ​ថ្ងៃទី​២៥ ខែមិថុនា​។



លោក កុយ គួ​ង អះអាងថា អ្នកដំណើរ​ទាំង​១៦០​នាក់​នោះ នឹងធ្វើ​ដំណើរ​តាម​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី បន្ទាប់ពី​មានការ​សម្របសម្រួល​ពី​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ម៉ាឡេស៊ី​។ លោក បញ្ជាក់ថា ជើងហោះហើរ​នោះ នឹង​ចាក​ចេញពី​ទីក្រុង​គូ​ឡា​ឡាំ​ពួរ នៅ​ម៉ោង​៩​ព្រឹក ហើយនឹង​មកដល់​រាជធានី​ភ្នំពេញ នៅ​ម៉ោង​៩​និង​៥០​នាទី​ព្រឹក ថ្ងៃទី​២៦ ខែមិថុនា​។ 

​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ម៉ាឡេស៊ី ក៏បាន​ផ្សាយដំណឹង​ពី​ការវិលត្រឡប់​របស់​និស្សិត​និង​ពលករ​ខ្មែរ​ទាំង​នោះដែរ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​។ ស្ថានទូត​កម្ពុជា ប្រាប់​ឲ្យ​និស្សិត​និង​ពលករ​ខ្មែរ ទាក់ទង​ទៅ​ក្រុមហ៊ុន​អាកាសចរណ៍ តាមរយៈ WhatsApp ដែលមាន​លេខ +០612 26០ 5359 ដើម្បី​ទិញ​សំបុត្រ​។ 
 
​កាលពី​ថ្ងៃទី​១៦ ខែមិថុនា​នេះ ពលរដ្ឋ​ខ្មែរ​ជាង​២០០​នាក់នៅម៉ាឡេស៊ី ដែល​ភាគច្រើន​ជា​ពលករ  បាន​មកដល់​កម្ពុជា​វិញ​។ ក្នុងចំណោម​ជាង​២០០​នាក់​នោះ មាន​ម្នាក់​ជា​បុរស​អាយុ​២១​ឆ្នាំ ផ្ទុកមេរោគ​កូ​វីដ​-១៩ តែ​ឥឡូវ បានជា​សះស្បើយ​វិញ​ហើយ​។ 
 
​កាលពី​ថ្ងៃទី​១២ ខែមិថុនា ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ឥណ្ឌូណេស៊ី បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ហោះហើរ​របស់​កម្ពុជា (Cambodia Airways) ជួយ​រៀបចំ​ឲ្យ​និស្សិត​ខ្មែរ​៤៤​នាក់ និង​ជនជាតិ​ឥណ្ឌូណេស៊ី​២​នាក់ បាន​មកដល់​កម្ពុជា​។ ក្នុងនោះ មាន​២​នាក់​ជា​បុរស​ជនជាតិខ្មែរ ដោយ​ម្នាក់​អាយុ​២២​ឆ្នាំ និង ម្នាក់ទៀត អាយុ​២៩​ឆ្នាំ មាន​ជំងឺ​កូ​វីដ​-១៩​។ ម្នាក់​អាយុ​២២​ឆ្នាំ បានជា​សះស្បើយ​ហើយ ឯ​ម្នាក់​អាយុ​២៩ កំពុង​សម្រាក​ព្យាបាល​។ 
 
​កាលពី​ថ្ងៃទី​១២ ខែមិថុនា​ដូចគ្នា ពលរដ្ឋ​ខ្មែរ​៦០​នាក់ នៅ​ឥណ្ឌា ក៏បាន​វិលត្រឡប់​មកវិញ​ដែរ ក្រោម​ការសម្របសម្រួល​របស់​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​។​

​លោក កុយ គួ​ង ធ្លាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​កន្លងមក​ថា ស្ថានទូត​កម្ពុជា​នៅក្រៅ​ប្រទេស ជួយ​សម្របសម្រួល​និងរ​កជើង​ហោះ​ហើយ​ឲ្យ​ពលរដ្ឋ​ខ្មែរ តែ​ពួកគាត់ ត្រូវ​ចំណាយ​ខ្លួនឯង លើ​ថ្លៃ​ធ្វើដំណើរ​។ 
 
​បច្ចុប្បន្ន កម្ពុជា នៅសល់​អ្នកជំងឺ​កូ​វីដ​-១៩ ២​នាក់​ទៀត ដែល​កំពុង​សម្រាក​ព្យាបាល ដោយ​ម្នាក់ ជា​បុរស​ជនជាតិខ្មែរ អាយុ​២៩​ឆ្នាំ មកពី​ឥណ្ឌូណេស៊ី និង​ម្នាក់ ជា​បុរស​ខ្មែរ មា​នស​ញ្ញាតិ​អាមេរិក មកពី​អាមេរិក​។ កម្ពុជា បាន​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ១២៨​នាក់ ឲ្យ​ជាសះស្បើយ​វិញ​៕ 

Tag:
 COVID-19
  ពលករ​ខ្មែរ​នៅ​ម៉ាឡេស៊ី​
  មាតុភូមិនិវត្តន៍
© រក្សាសិទ្ធិដោយ thmeythmey.com