អន្តរជាតិ
អតីត​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី Goh Chok Tong ប្រកាស​ចូលនិវត្តន៍​ក្រោយ​ធ្វើ​នយោបាយ​៤៥​ឆ្នាំ​
25, Jun 2020 , 4:19 pm        
រូបភាព
លោក Goh Chok Tong នាយករដ្ឋមន្ត្រីទីពីររបស់សិង្ហបុរី ប្រកាសចូលនិវត្តន៍ពីនយោបាយ។ រូបភាព AFP
លោក Goh Chok Tong នាយករដ្ឋមន្ត្រីទីពីររបស់សិង្ហបុរី ប្រកាសចូលនិវត្តន៍ពីនយោបាយ។ រូបភាព AFP
​អតីត​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក Goh Chok Tong នៅ​ថ្ងៃទី​២៤ ខែមិថុនា បានប្រកាស​លាលែង​ពី​ឆាកនយោបាយ​ហើយ ដោយ​លោក​នឹងមិន​ចូលរួម​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​សមាជិកសភា​នៅ​ខែក្រោយ​ឡើយ​។ វ័យ​ជរា ជា​មូលហេតុ​សំខាន់​មួយ​ដែល​នាំ​ឲ្យ​លោក Goh សម្រេចចិត្ត​លែង​ប្រឡូក​នយោបាយ​តទៅទៀត​។ នាយករដ្ឋមន្ត្រី លី សៀន​ឡុង បានបង្ហាញ​ការសោកស្ដាយ​ចំពោះ​ការចាកចេញ​របស់លោក Goh ។​

 
​លោក Goh Chok Tong ប្រឡូក​ក្នុង​ឆាកនយោបាយ​សិង្ហ​បុរី​នៅ​ឆ្នាំ​១៩៧៦ ហើយក៏​ក្លាយ​ជាប់ឆ្នោត​ជា​សមាជិកសភា​នៅ​មណ្ឌល Marine Parade ក្នុង​ឆ្នាំ​ដដែល​នោះ រហូតមកដល់​បច្ចុប្បន្ន​។ លោក Goh ក្លាយជា​នាយករដ្ឋមន្ត្រី​ទី​ពីរ​របស់​សិង្ហ​បុរី​នៅ​ឆ្នាំ​១៩៩០ បន្ត​ពី​ស្ថាបនិក​សិង្ហ​បុរី លោក លី ក្វាន់​យូ រហូតដល់​ឆ្នាំ​២០០៤ នៅពេល​លោក​ផ្ទេរតំណែង​នេះ​ទៅ​ឲ្យ​លោក លី សៀន​ឡុង ដែលជា​កូនប្រុស​បង្កើត​លោក លី ក្វាន់​យូ ។   
 
​ជិត​៤៥​ឆ្នាំ​ក្នុងនាម​ជា​សមាជិកសភា​បក្ស​កាន់អំណាច​សកម្មភាព​ប្រជាជន លោក Goh ដែលមាន​វ័យ​៧៩​ឆ្នាំ បានប្រកាស​ចូលនិវត្តន៍​ពី​ឆាកនយោបាយ​ហើយ និង​មិន​ចូល​ប្រជែង​កៅអី​សមាជិក​ស​ភ​សម្រាប់​ការបោះឆ្នោត​នៅ​ថ្ងៃទី​១០ ខែកក្កដា ខាងមុខ​ឡើយ​។ ក្នុង​លិខិត​ផ្ញើ​ទៅ​លោក លី លោក Goh បញ្ជាក់ថា ការសម្រេចចិត្ត​លែង​ប្រឡូក​នយោបាយ​ពេលនេះ មិនមែន​ធ្វើឡើង​ដោយ​ស្រួល​ឡើយ គឺ​លោក​បាន​ចំណាយពេល​គិតគូរ​យ៉ាងច្រើន​។​
 
«​ការផ្ទេរអំណាច​ដោយរ​លូន និង​ជា​ប្រព័ន្ធ ជា​ចំណុច​គ​ន្លីះ​សម្រាប់​ស្ថិរភាព​នយោបាយ​សិង្ហ​បុរី​។ ខ្ញុំ​សម្រេចចិត្ត​ចូលនិវត្តន៍​ជា​សមាជិកសភា​នៅពេល​បច្ចុប្បន្ន​ទាន់ពេល​ខ្ញុំ​មាន​សុខ​ភាពល្អ ហើយ​អាច​ផ្ទេរ​ការទទួលខុសត្រូវ​ឲ្យ​អ្នក​បន្តវេន​មើល​ការខុសត្រូវ Marine Parade​។​» នេះ​ជា​សំណេរ​របស់លោក Goh ទៅកាន់​លោក លី នៅ​ថ្ងៃទី​២៤ ខែមិថុនា​។ បើតាម​ទូរទស្សន៍ Channel NewsAsia លោក Goh បានប្រគល់​កិច្ចការ​នេះ​ឲ្យ​លោក Tan See Leng ដែល​នឹង​ប្រជែង​កៅអី​សមាជិក​ក្នុងការ​បោះឆ្នោត​។​
 
​នាយករដ្ឋមន្ត្រី លី បាន​ទទួលយក​ការលាលែង​របស់លោក Goh ដោយ​ក្ដី​សោកសៅ​។ លោក លី ដែលជា​អតីត​ថ្នាក់ក្រោម​របស់លោក Goh បាន​កោតសរសើរ​អតីត​មេ​កើយ​របស់ខ្លួន​ចំពោះ​វិភាគទាន​ក្នុង​ការកសាង​សិង្ហ​បុរី​រហូតមក​។ នៅលើ​បណ្ដាញ​សង្គម Facebook លោក លី សរសេរ​ដូច្នេះ​ថា​៖ «​តាងនាម​ឲ្យ​ប្រជាជន​សិង្ហ​បុរី ខ្ញុំ​អរគុណ​លោក Goh ចំពោះ​ការបំពេញភារកិច្ច​មួយ​ជីវិត​ដើម្បី​ជាតិ និង​ប្រជាជន​របស់លោក​។​»  
 
​ចំណែក​លោក ហេង ស្វី​គៀត ឧបនាយករដ្ឋមន្ត្រី​សិង្ហ​បុរី និង​ជា​បេក្ខជន​បន្ត​តំណែង​នាយករដ្ឋមន្ត្រី​ពី​លោក លី ក៏បាន​បង្ហោះ​សារ​អរគុណ​លោក Goh ដែរ​។ អនាគត​នាយករដ្ឋមន្ត្រី​ទី​បួន​របស់​សិង្ហ​បុរី​រូបនេះ​ប្ដេជ្ញាចិត្ត​កសាង​សិង្ហ​បុរី​ដ៏​ត្រចះត្រចង់​សម្រាប់​ប្រជាជន​៕

Tag:
 សិង្ហ​បុរី​
  Goh Chok Tong
© រក្សាសិទ្ធិដោយ thmeythmey.com