វៀតណាម ព្រមាន​ថា COVID-19 នឹង​ជះ​ផលវិបាក​ធ្ងន់ធ្ងរ​លើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​អាស៊ាន​
COVID-19
អន្តរជាតិ
វៀតណាម ព្រមាន​ថា COVID-19 នឹង​ជះ​ផលវិបាក​ធ្ងន់ធ្ងរ​លើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​អាស៊ាន​
26, Jun 2020 , 3:27 pm        
រូបភាព
កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ តាមវីដេអូ Conference។ រូបភាព៖ AFP
កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ តាមវីដេអូ Conference។ រូបភាព៖ AFP
​នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc នៅ​ថ្ងៃទី​២៦ ខែមិថុនា បាន​ព្រមាន​ថា COVID-19 នឹង​ជះ​ផលវិបាក​ធ្ងន់ធ្ងរ លើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៃ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​។ អំឡុងពេល​សុន្ទរកថា​បើ​កិច្ចប្រជុំ​អាស៊ាន ក្រៅពី​បញ្ហា​សេដ្ឋកិច្ច ប្រមុខ​រដ្ឋាភិបាល​វៀត​ណា​ម​រូបនេះ ក៏បាន​លើកឡើង​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ដែល​ចិន​កំពុងតែ​បង្កើន​ឥទ្ធិពល​ខ្លួន ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ផងដែរ​។

 
​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៦ ក្រោម​មូលបទ «​ភាពស្អិតល្មួត និង​ការឆ្លើយតប​» ដែល​ធ្វើឡើង​តាម​វីដេអូ Conference នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc បាន​លើកឡើងថា COVID-19 កំពុង​បំផ្លាញ​ភាពជោគជ័យ​នៃ​ការអភិវឌ្ឍ​របស់​ប្រទេស​សមាជិក​អាស៊ាន ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ជាពិសេស វា​ថែមទាំង​កំពុង​គំរាមកំហែង​ដល់​អាយុជីវិត​របស់​ប្រជាជន​ក្នុង​តំបន់​ជាច្រើន​លាន​នាក់​។ 
 
COVID-19 បាន​បង្ខំ​ឲ្យ​សមាជិក​អាស៊ាន រឹតត្បិត​ការធ្វើដំណើរ បិទ​ប្រទេស បិទ​ជើងហោះហើរ និង​មិន​ទទួលភ្ញៀវ​ទេសចរ​បរ​ទេស​មកពី​បណ្តាល​ប្រទេស​ជាច្រើន​។ បញ្ហា​នេះ បានធ្វើ​ឲ្យ​ប្រទេស​ក្នុង​តំបន់​ទាំងអស់ បាត់បង់​កំណើនសេដ្ឋកិច្ច និង​ចំណូល​អស់​ជាច្រើន​ពាន់​លាន​ដុល្លារ​។ ពេលនេះ សេដ្ឋកិច្ច​ក្នុង​តំបន់ កំពុងតែ​រងគ្រោះ ខណៈ​ស្ថានភាព​COVID-19 កំពុងស្ថិត​ក្នុង​ភាពស្រពេចស្រពិល ដោយសារ​វ៉ាក់សាំង​មិនទាន់​រកឃើញ​។ 
 
​ក្រៅ​ពីលើ​ឡើង​ពី​ភាព​រងគ្រោះ​នៃ​សេដ្ឋកិច្ច ដោយសារ COVID-19 វៀតណាម ដែលជា​ប្រធាន​នៃ​កិច្ចប្រជុំ​អាស៊ាន ក៏បាន​លើកឡើង​ពី​បញ្ហា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។ ដោយ​មិនបាន​បញ្ជាក់​ពី​ឈ្មោះ​ប្រទេស​ណាមួយ លោក Phuc បាន​អះអាងថា បញ្ហា​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ធំ កាន់តែច្បាស់​ជាង​មុន និង​កាន់តែ​ស៊ីជម្រៅ​។ 
 
​ក្នុងន័យ​សំដៅ​ដល់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ប្រមុខ​រដ្ឋាភិបាល​វៀត​ណា​ម​រូបនេះ បាន​បន្តទៀតថា ក្នុងពេល​ពិភពលោក កំពុង​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺឆ្លង​សកល វា​មាន​សកម្ម​ភាពមិន​ទទួលខុសត្រូវ ការបំពានច្បាប់​អន្តរជាតិ ដែល​ប៉ះពាល់​ដល់​ស្ថិរភាព និង​សន្តិសុខ​នៅក្នុង​តំបន់​កើតឡើង​។ 
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ពេលនេះ តំបន់​អាស៊ី​អាគេ្នយ៍​មាន​ករណី COVID-19 សរុប​ជាង ១៣​ម៉ឺន​ករណី ខណៈ​អ្នក​ស្លាប់មាន​ប្រមាណ ៤​ពាន់​នាក់​។ ប្រទេស ដែល​រងគ្រោះ​ខ្លាំងជាងគេ​នៅក្នុង​តំបន់ គឺ​ឥណ្ឌូណេស៊ី ដែលមាន​អ្នក​ឆ្លង និង​ស្លាប់​ដោយសារ​កូ​រ៉ូ​ណាវី​រុស​ច្រើនជាងគេ ពោលគឺ​មាន​អ្នក​ឆ្លង​សរុប​រហូតដល់​ជាង ៥​ម៉ឺន​ករណី អ្នកស្លាប់​មាន​ចំនួន ២៦២០​នាក់​៕ 

Tag:
 វៀតណាម​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com