Liverpool ជះ​លុយ​១,៨២​ពាន់​លាន​ដុល្លារ កីឡាករ​២៣៩​នាក់ អ្នកចាត់ការ​៩​នាក់ និង​ពេល​៣០​ឆ្នាំ​ដើម្បី​លើក​ពាន​
កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool ជះ​លុយ​១,៨២​ពាន់​លាន​ដុល្លារ កីឡាករ​២៣៩​នាក់ អ្នកចាត់ការ​៩​នាក់ និង​ពេល​៣០​ឆ្នាំ​ដើម្បី​លើក​ពាន​
27, Jun 2020 , 8:29 am        
រូបភាព
​នៅ​ថ្ងៃទី​១ ខែឧសភា​ឆ្នាំ ១៩៩០ Liverpool បាន​ដណ្តើមយក​ជើងឯក​លី​គ​កំពូល​អង់គ្លេស ដែល​កាលនោះ​នៅមាន​ឈ្មោះថា First Division សម្រាប់​រដូវ​កាល ១៩៨៩-៩០​។ ចាប់តាំងពី​ពេលនោះ រហូតដល់​មានការ​ផ្លាស់ប្តូរ​ឈ្មោះ​លី​គ​ទៅជា Premier League ក្នុង​ឆ្នាំ​១៩៩២ ដល់​បច្ចុប្បន្ន ពោលគឺ​រយៈពេល​៣០​ឆ្នាំក្រោយ ទើប​ហង្ស​ក្រហម​ស្គាល់​រសជាតិ​លើក​ពាន​ក្របខណ្ឌ​កំពូល​នេះ​ម្តងទៀត​នៅក្នុង​រដូវ​កាល ២០១៩-២០​។ ចង់ដឹងថា​តើ Liverpool ចំណាយ​ប្រាក់​អស់​ប៉ុន្មាន ហើយ​កីឡាករ និង​គ្រូបង្វឹក​ចំនួន​ប៉ុន្មាន​នាក់​ហើយ​ក្នុង​រយៈពេល​៣​ទសវត្សរ៍​មកនេះ យើង​នឹង​បង្ហាញ​ដូចខាងក្រោម​។​


 
​ចាប់តាំងពី​ឆ្នាំ​១៩៩០ រហូតដល់​ឆ្នាំ​២០២០ Liverpool បាន​នាំចូល​កីឡាករ​សរុប​ចំនួន​២៣៩​រូប ដោយ​កីឡាករ​ដំបូង​របស់​ពួកគេ​មកកាន់​ទឹកដី Anfield គឺ​ខ្សែប្រយុទ្ធ​អ៊ីស្រាអែល Ronny Rosenthal ពី​ក្រុម Standard Liege ក្នុងតម្លៃ ១,២៤​លាន​ដុល្លារ​អាមេរិក​។ កីឡាករ​ចុងក្រោយ​ដែល​ហង្ស​ក្រហម​ទទួលបាន​គឺ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ជប៉ុន Takumi Minamino ដែល​លោក Jurgen Klopp នាំចូល​មកពី​ក្រុម Red Bull Salzburg ក្នុងតម្លៃ ៩,៤៤​លាន​ដុល្លារ​អាមេរិក​។​
 
​ចំណោម​កីឡាករ​ទាំង ២៣៩​រូប ដែលមាន​កីឡាករ​ខ្លះ​ជោគជ័យ និង​មិន​ជោគជ័យ​នោះ Liverpool បាន​ចំណាយ​ប្រាក់​សរុប​អស់​ចំនួន ១,៤៤៧ លាន​ផោន ដែល​ស្មើនឹង ១,៨២ ពាន់​លាន​ដុល្លារ​អាមេរិក​។ នេះ​បើ​យោងតាម​តួលេខ​ពី Transfermarkt​។ 
 
​កីឡាករ​ដែល​ហង្ស​ក្រហម​ទិញ​ចូល​ថ្លៃ​ជាង​ចំនួន​១៥​រូប​ក្នុងចំណោម​នោះ​រួមមាន Virgil Van Dijk, Alisson Becker, Naby Keita, Mohamed Salah, Fabinho Tavarez, Andy Carroll, Alex Oxlade-Chamberlain, Christian Benteke, Sadio Mané, Roberto Firmino, Adam Lallana, Georginio Wijnaldum, Luis Suarez, Fernando Torres និង Dejan Lovren​។​
 
Liverpool បានបង្ហាញ​ភាព​ភ្ញាក់ផ្អើល និង​លេចធ្លោ​បំផុត​នៅ​ចន្លោះ​ឆ្នាំ ២០០៥ និង ២០០៨ នៅពេលដែល​ពួកគេ​បាន​នាំចូល​កីឡាករ​ដល់​ទៅ ៤០ នាក់​ក្នុង​រយៈពេល​តែ ៣ រដូវ​កាល ក្រោម​ការគ្រប់គ្រង​រប​ស់លោក Rafael Benitez​។ យ៉ាងណាក៏ដោយ ការ​នាំចូល​កីឡាករ​ដ៏​ច្រើន​នេះ មិនមាន​តម្លៃ​ផ្ទេរ​ថ្លៃៗ​ដូច​ជំនាន់​លោក Jurgen Klopp ដែល​ឡើងជា​អ្នកចាត់ការ​ទូទៅ​ចាប់ពី​ឆ្នាំ ២០១៥ នោះឡើយ​។​
 
​ចាប់តាំងពី​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​ចូលទៅ​ដឹកនាំ​ដំបូង​នៅ​រដូវ​កាល ២០១៥-១៦ រហូតដល់​រដូវ​កាល ២០១៩-២០ លោក​បាន​ទិញ​ចូល​កីឡាករ​ក្នុងតម្លៃ​សរុប​អស់ ៥១៥,៥៩​លាន​ផោន (៦៤០​លាន​ដុល្លារ​អាមេរិក​) ក្នុងនោះ​រដូវ​កាល ២០១៨-១៩ ក្លិប​បាន​ចំណាយ​ច្រើន​បំផុត ១៦៣,៩៨​លាន​ផោន (២០៣​លាន​ដុល្លារ​អាមេរិក​)​។​
 
​បើ​យោងតាម​តួលេខ​ពី Transfermarkt ក្លិប Liverpool បាន​ចំណាយ​ប្រាក់ ១,៨២ ពាន់​លាន​ដុល្លារ​អាមេរិក​ទៅលើ​កីឡាករ​រយៈពេល ៣០​ឆ្នាំ ដើម្បី​ឈ្នះ​ជើងឯក​លី​គ​កំពូល​អង់គ្លេស​ជា​លើក​ទី ១៩​។ ដោយឡែក អ្នកចាត់ការ​ទូទៅ​ផ្លូវការ​របស់ Liverpool ចាប់តាំងពី​ឆ្នាំ ១៩៩០ រហូតដល់​ឆ្នាំ ២០២០ មាន​ចំនួន ៩ រូប ក្នុងនោះ​រួមមាន​លោក Kenny Dalglish (១៩៩០-៩១), Graeme Souness (១៩៩១-៩៤), Roy Evans (១៩៩៤-៩៨), Gerrard Houllier (១៩៩៨-០៤), Rafael Benitez (២០០៤-១០), Roy Hodgson (២០១០-១១), Kenny Dalglish (២០១១-១២), Brendan Rodgers (២០១២-១៥) និង Jurgen Klopp (២០១៥-​បច្ចុប្បន្ន​)៕ 

Tag:
 Liverpool
  Premier League
  Jurgen Klopp
© រក្សាសិទ្ធិដោយ thmeythmey.com