គួរ​ឲ្យ​សរសើរ​! កុមារី អន វិសាខា វ័យ​៦​ឆ្នាំ ឡើង​ភ្នំ​ឱ​រ៉ា​ល់ ដល់​ទៅ​២​លើក​ក្នុង​ឆ្នាំ​២០២០​នេះ​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
គួរ​ឲ្យ​សរសើរ​! កុមារី អន វិសាខា វ័យ​៦​ឆ្នាំ ឡើង​ភ្នំ​ឱ​រ៉ា​ល់ ដល់​ទៅ​២​លើក​ក្នុង​ឆ្នាំ​២០២០​នេះ​
27, Jun 2020 , 5:19 pm        
រូបភាព
​ភ្នំពេញ​៖ កុមារី អន វិសាខា ដែលមាន​វ័យ​ទើប​៦​ឆ្នាំ​ប៉ុណ្ណោះ បាន​ឡើង​ទៅដល់​កំពូលភ្នំ​ឱ​រ៉ា​ល់​២​លើក​ទៅហើយ ជាមួយ​ឪពុកម្ដាយ នៅក្នុង​ឆ្នាំ​២០២០​នេះ​។ ការឡើង​ភ្នំ​ខ្ពស់​ជាងគេ​នៅ​កម្ពុជា ឱ​រ៉ា​ល់​កាលពី​លើក​ទី​១ របស់​កុមារី​តូច​ច្រមក់​រូបនេះ ធ្វើឡើង​កាលពីថ្ងៃទី១៤​-១៦​ កុម្ភៈ ឆ្នាំ​២០២០ និង​លើក​ទី​២ គឺ​កាលពី​ថ្ងៃទី​២២-២៤ មិថុនា កន្លងទៅ​ថ្មីៗ​នេះ​។ អ្នកស្រី លី ចាន់​សុគន្ធា​រី ម្ដាយ​កុមារី វិសាខា បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​តាម​ទូរ​សព្ទ​។  ស្ត្រី​ដែលមាន​កូន​ដល់​ទៅ​៥​នាក់ រស់​នៅឯ​ខេត្តសៀមរាប​រូបនេះ បន្តថា​ការនាំ​កូនៗ​ទាំង​៥​នាក់​របស់ខ្លួន​ឡើង​ភ្នំ ដើម្បី​ឲ្យ​កូន​មាន​ភាពរឹងមាំ និង​ស្រឡាញ់​បរិស្ថាន​ធម្មជាតិ​។​

​នេះ​ជា​លើក​ទី​៣ ហើយ​ដែល​អ្នកស្រី​ចាន់​សុគន្ធា​រី និ​ង​ស្វាមី បាន​ឡើង​ភ្នំ​ឱ​រ៉ា​ល់ ខណៈ​វិសាខា ដែលជា​កូនពៅ និង​កូនស្រី​អាយុ​១១​ឆ្នាំ​ម្នាក់ទៀត បាន​ឡើង​ភ្នំ​ឱ​រ៉ា​ល់​ជាមួយ​ខ្លួន​២​លើក​។ រីឯ​កូនៗ​៣​នាក់​ទៀត ឡើង​បានតែ​ម្នាក់​១​លើក​ប៉ុណ្ណោះ​។ 
 
​ដើម្បី​ជ្រាប​កាន់តែច្បាស់ សូម​អញ្ជើញ​ស្ដាប់​កិច្ច​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​អ្នកស្រី លី ចាន់​សុគន្ធា​រី ម្ដាយ​របស់​កុមារី អន វិសាខា ដែល​បាន​ឡើង​ភ្នំ​ឱ​រ៉ា​ល់​ដូចតទៅ​៖ 



 
​មុន​ឡើង​ភ្នំ​ឱ​រ៉ា​ល់​មួយ​សប្ដាហ៍ អ្នកស្រី សុគន្ធា​រី តែងតែ​ឲ្យ​កុមារី អន វិសាខា ដើរ​ហាត់ប្រាណ​ជាមួយ​អ្នកស្រី រៀងរាល់​ព្រឹក​លើ​ចម្ងាយ​ផ្លូវ​ប្រមាណ ៦​ទៅ​៧​គីឡូម៉ែត្រ​។ អ្នកស្រី លី ចាន់​សុគន្ធា​រី រៀបរាប់​ពី​ការឡើង​ភ្នំ​របស់​កូន​យ៉ាង​ដូច្នេះ​៖ «​កាលពី​លើក​ទី​១ គាត់​រៀង​យ៉ាប់​បន្តិច ដោយ​ចំណាយពេល​យូរ​។ ប៉ុន្តែ​លើក​ទី​២​នេះ គាត់​ឡើង​លឿន​ជាង​មុន គាត់​ស្គាល់ផ្លូវ គាត់​ដើរ​រត់ៗ មិន​ពិបាក​ទេ​»​។ បើតាម​អ្នក​ម្ដាយ​រូបនេះ ការធ្វើដំណើរ​ឡើង​ភ្នំ​របស់​កូនស្រី មិនមាន​ផល​លំបាក​នោះទេ ដោយ​នាង​ចង់​ឡើង​ភ្នំ​ឱ​រ៉ា​ល់​នាពេល​ក្រោយៗ​ទៀត​។​
 
​សម្រាប់​អ្នកស្រី លី ចាន់​សុគន្ធា​រី ការធ្វើដំណើរ​ឡើង​ភ្នំ​ឱ​រ៉ា​ល់ បានធ្វើ​ឲ្យ​អ្នកស្រី​អាច​កាត់បន្ថយ​ភាព​តានតឹង តាមរយៈ​ទេសភាព​ព្រៃព្រឹក្សា និង​សត្វព្រៃ​នា​ភ្នំ​ឱ​រ៉ា​ល់ ដោយ​នាំមក​នូវ​ភាពស្រស់​ស្រាយ​។ អ្នកស្រី សុគន្ធា​រី បន្តថា ការ​ទៅលេង​ភ្នំ​ឱ​រ៉ា​ល់​នេះ ក៏​ជា​ផ្នែក​មួយ​ចូលរួម​ការពារ​ធម្មជាតិ និង​ចូលរួម​កាត់បន្ថយ​ការកាប់បំផ្លាញ​ព្រៃឈើ​របស់​ប្រជាពលរដ្ឋ​ផងដែរ​។ អ្នកស្រី សុគន្ធា​រី ចង់​ឲ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​កាន់តែច្រើន បាន​ស្គាល់ និង​ទៅ​កម្សាន្ត​នៅ​ភ្នំ​ឱ​រ៉ា​ល់ ដើម្បី​បង្កើន​ប្រាក់ចំណូល​ជួយ​ដល់​សហគមន៍ និង​លុបបំបាត់​ការកាប់បំផ្លាញ​ព្រៃឈើ​។ 
 
​សូមបញ្ជាក់ថា ពី​ខែមករា ដល់​ខែឧសភា មាន​ភ្ញៀវទេសចរ​ជាង​៣០០០​នាក់ បាន​ឡើង​ភ្នំ​ឱ​រ៉ា​ល់​។ «​ភ្នំ​ឱ​រ៉ា​ល់​» ជា​ភ្នំ​ដែល​ខ្ពស់​ជាងគេ នៅក្នុង​ប្រទេស​កម្ពុជា មាន​កម្ពស់ ១៨១៣​ម៉ែត្រ ស្ថិតនៅក្នុង​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​៕ 


កុមារី អន វិសាខា កំពុង​ឡើង​ភ្នំឱរ៉ាល់


កុមារី អន វិសាខា ជា​មួយ​ឪពុកម្ដាយនា​ភ្នំឱរ៉ាល់


កុមារី អន វិសាខា ជាមួយ​ម្ដាយ និង​បង​ស្រី នា​ភ្នំឱរ៉ាល់


កុមារី អន វិសាខា នា​កំពូល​ភ្នំឱរ៉ាល់


កុមារី អន វិសាខា នាកំពូល​ភ្នំឱរ៉ាល់


កុមារី អន វិសាខា នៅ​តាម​ផ្លូវ​ចុះពី​​ភ្នំឱរ៉ាល់


ក្រុម​អ្នក​ឡើង​ភ្នំ​ឱរ៉ាល់ជាមួយ​កុមារី អន វិសាខា


Tag:
 ភ្នំ​ឱ​រ៉ា​ល់​
 ​កំពង់ស្ពឺ​
 ​ទេសចរណ៍​
 ​អន វិសាខា​
© រក្សាសិទ្ធិដោយ thmeythmey.com