កីឡាជាតិ
ជាតិ
លោក ម៉ក់ សំអុល ផ្តល់​ដី​ប្រមាណ​១​ហិកតា បង្កើត​ក្លិប​បង្ហាត់​ក្បាច់គុន និង​សិល្បៈ​
27, Jun 2020 , 9:29 pm        
រូបភាព
លោក ម៉ក់ សំអុល (ស្តាំ)ពេលទទួលលិខិតសរសើរពីលោក ថោង ខុន
លោក ម៉ក់ សំអុល (ស្តាំ)ពេលទទួលលិខិតសរសើរពីលោក ថោង ខុន
ដោយ:
​លោក ម៉ក់ សំអុល ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ បានផ្តល់​ដី​ទំហំ​ប្រមាណ​១​ហិកតា ដើម្បី​សាងសង់​ក្លិប​បង្ហាត់​ក្បាច់គុន និង​បង្រៀន​សិល្បៈ​ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​កណ្តាល​ស្ទឺ​ង ខេត្តកណ្តាល​។ មកទល់ពេលនេះ ក្លិប ដែលមាន​ឈ្មោះថា «​អង្គរក្ស​សម្តេច​តេ​ជោ​ជើងព្រៃ​ទី​២»​សាងសង់​បាន​ប្រមាណ​៩០​ភាគរយ​ហើយ​។  

 
​ក្លិប​ហាត់​ក្បាច់គុន និង​បង្រៀន​សិល្បៈ​ដ៏​ធំ​មួយ នឹង​លេចចេញ​ជា​រូបរាង​ក្នុងពេល​ឆាប់ៗ  នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ខណៈ​ការសាងសង់​រួចរាល់​ប្រមាណ​៩០​ភាគរយ​ហើយ នៅតែ​បំពាក់​ឧបករណ៍​ប៉ុណ្ណោះ​។ ក្លិប​នេះ​ឈ្មោះថា​«​អង្គរក្ស​សម្តេច​តេ​ជោ​ជើងព្រៃ​ទី​២» ដែល​គ្រោង​បញ្ចប់​ការសាងសង់ ក្នុងអំឡុង​ខែកក្កដា ឆ្នាំ​២០២០​។  នេះ​បើតាម​ការបញ្ជាក់​របស់​លោក​លោក ម៉ក់ សំអុល ស្ថាបនិក និង​ជា​ម្ចាស់​ក្លិប​អង្គរក្ស​សម្តេច​តេ​ជោ​ជើងព្រៃ​ទី​២​។ 
 
​ក្លិប​នេះ សាងសង់​លើ​ផ្ទៃដី​ទំហំ​ប្រមាណ​១​ហិកតា ដែលមាន​ចម្ងាយ​ជាង​១​គីឡូម៉ែត្រ ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​។ បើតាម​លោក ម៉ក់ សំអុល ទីប្រឹក្សា​សម្តេច ហ៊ុន សែន ផង​នោះ ដី​ប្រមាណ​១​ហិកតា​នេះ ជា​ដី​ផ្ទាល់ខ្លួន​របស់ លោក តែ​ថវិកា​ទ្រទ្រង់​លើ​ការសាងសង់​ប្រមាណ​១០​ម៉ឺន​ដុល្លារ ជា​ជំនួយ​របស់លោក ហ៊ុន ម៉ាណិត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច នៃ​ក្រសួងការពារជាតិ និង​ជា​អនុប្រធាន​គណៈកម្មការ​ដោះស្រាយ​បញ្ហា​កូដកម្ម និង​បាតុកម្ម​គ្រប់មុខ​សញ្ញា​។  
 
​ការស្រលាញ់ និង​ចង់​ជួយ​អភិវឌ្ឍន៍​វិស័យ​កីឡា​ប្រយុទ្ធ និង​សិល្បៈ​ភាពយន្ត​កម្ពុជា​ឲ្យ​កាន់​តែមាន​រីកចម្រើន គឺជា​ហេតុផល​តែមួយគត់ ដែល​ជំរុញ​ឲ្យ​លោក ម៉ក់ សំអុល លះបង់​ទាំង​កម្លាំងកាយ និង​ធនធាន​បែបនេះ​។ ការចង់​ផ្តល់ឱកាស​ឲ្យ​យុវជន ពុំ​សូវ​មានលទ្ធភាព​បាន​ហាត់​ក្បាច់គុន និង​សិក្សា​ពី​វិស័យ​សិល្បៈ​ភាពយន្ត ក៏​ស្ថិតក្នុង​គោលបំណង​របស់លោក​ផងដែរ​។​


 
«​ខ្ញុំ​ចូលចិត្ត​វិស័យ​កីឡា និង​សិល្បៈ តាំងពី​ខ្ញុំ​ពេញវ័យ​។ ខ្ញុំ​មានសំណាង​ដោយសារ​មាន​ដុង​(​ទេពកោសល្យ​)​ខាង​នឹង ដូច្នេះ​រៀន​ឆាប់​យល់​។ គោលបំណង​របស់ខ្ញុំ ចង់​ធ្វើ​គ្រូ អ៊ីចឹង​បាន​កាលពីដើម​ខ្ញុំ​រៀង​ទាំង​ទ្រឹស្តី​និង​ការអនុវត្ត​ក្នុងការ​បង្ហាត់បង្រៀន ហើយ​ខ្ញុំ​បាន​ស្ម័គ្រចិត្ត​មុនគេ​បង្អស់​នៅ​ជំនាន់​នោះ ប៉ុន្តែ​គេ​ចាយលុយ​ដែរ​កាល​ជំនាន់​សម័យ​សាធារណៈរដ្ឋ​ខ្មែរ តែ​ខ្ញុំ​នៅតែ​បង្ហាត់​ក្មេង​មិន​យកលុយ​»​។ នេះ​ជាការ​បង្ហាញ​ហេតុផល​របស់លោក ម៉ក់ សំអុល​។  
 
​លោក ម៉ក់ សំអុល បាន​បញ្ជាក់ថា ការហ្វឹកហាត់​ក្បាច់គុន និង​សិក្សា​ជំនាញ​សិល្បៈ​ភាពយន្ត​នៅ​ក្លិប​របស់លោក​គ្មាន​ការបង់ប្រាក់​នោះទេ​។ លើសពីនេះ ពួកគេ ថែមទាំង​ទទួល​បានការ​ស្នាក់នៅ និង​ហូបចុក​ដោយ​ឥតគិតថ្លៃ​ទៀតផង​។ ក្រៅពី​ទីលាន​ហ្វឹកហាត់​ក្បាច់គុន​ដែល​អាច​ផ្ទុក​អ្នក​ហាត់​ប្រមាណ​១០០​នាក់ និង​កន្លែង​ថត​ភាពយន្ត ក្លិប​«​អង្គរក្ស​សម្តេច​តេ​ជោ​ជើងព្រៃ​ទី​២» ក៏បាន​សាងសង់​អគារ​ស្នាក់នៅ​របស់​កីឡាករ និង​គ្រូបង្វឹក​ផងដែរ​។​
 
​នេះ​មិនមែនជា​លើក​ទី​១​នោះទេ​សម្រាប់​លោក ម៉ក់ សំអុល ក្នុងការ​បង្កើត​ក្លិប​បង្ហាត់​ក្បាច់គុន​ដោយ​ឥតគិតថ្លៃ​។ ពោលគឺ​លោក​ធ្លាប់​បង្កើត​ក្លិប​បង្ហាត់​ក្បាច់គុន​លក្ខណៈ​បែបនេះ​ម្តង​រួចមកហើយ​នៅ​បុរី​កីឡា​កាលពី​អំឡុង​ឆ្នាំ​១៩៨០​។ កាលណោះ លោក មិន​ត្រឹមតែ​ផ្តល់​ការហ្វឹកហាត់​ដោយ​ឥតគិតថ្លៃ​នោះទេ ថែមទាំង​ជួយ​រក​ការងារ​ធ្វើ​ឲ្យ​កីឡាករ និង​គ្រូបង្វឹក​ទៀតផង​។​
 
​លោក ម៉ក់ សំអុល បាន​រំលឹកថា កាល​លោក​នៅ​ជា​អង្គរក្ស​របស់​សម្តេច ហ៊ុន សែន ចន្លោះ​ពី​ឆ្នាំ​១៩៨៧​ដល់​ឆ្នាំ​១៩៩៥ លោក​បាន​ជួយ​កីឡាករ និង​គ្រូបង្វឹក ដែល​ហ្វឹកហាត់​និង​បង្វឹក​ក្នុង​ក្លិប​របស់លោក​រាប់រយ​នាក់ ឲ្យ​ចូល​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​ក្រសួងមហាផ្ទៃ​។    
 
​មុន​ផ្តល់​ទីតាំង​សាងសង់ ក្លិប​អង្គរក្ស​សម្តេច​តេ​ជោ​ជើងព្រៃ​ទី​២ ប្រធាន​សមាគម​កីឡា​ប្រយុទ្ធ​របស់​ក្រសួងមហាផ្ទៃ​រូបនេះ បានផ្តល់​ទីតាំង​សាងសង់​ក្លិប​«​អង្គរក្ស​សម្តេច​តេ​ជោ​ជើងព្រៃ​ទី​១»​មួយកន្លែង​រួចមកហើយ​។ បើតាម​ការបញ្ជា​ក់រប​ស់លោក ម៉ក់ សំអុល ក្លិប​ទី​១​របស់លោក​សាងសង់​លើ​ផ្ទៃដី​ជិត​កន្លះ​ហិកតា ដោយ​ចំណាយ​ថវិកា​អស់​ជាង​៦​ម៉ឺន​ដុល្លារ ដែលជា​ជំនួយ​សប្បុរសជន​៕  

Tag:
 ហាប់​គី​ដូ​
  ម៉ក់ សំអុល
© រក្សាសិទ្ធិដោយ thmeythmey.com