ជាតិ
បុរសខ្មែរ២នាក់ទៀតឆ្លងCovid-19 ក្រោយត្រឡប់មកពីម៉ាឡេស៊ី
× ក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃទី២៨ មិថុនានេះថា បុរសខ្មែរ២នាក់ទៀត បានឆ្លងជំងឺកូវីដ-១៩។ អ្នកទាំង២ ជាអ្នកដំណើរមកពីប្រទេសម៉ាឡេស៊ី តាមជើងហោះហើរត្រង់ដែលបានមកដល់កម្ពុជានៅថ្ងៃទី២៦ ខែមិថុនា។ បុរសម្នាក់មានអាយុ ២៣ឆ្នាំ រស់នៅភូមិអំពិល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងម្នាក់ទៀតអាយុ១៥ឆ្នាំ រស់នៅភូមិព្រែកតាខ្មៅ ឃុំដើមមាន ខេត្តកណ្តាល។ បច្ចុប្បន្នបុរសទាំង២ ត្រូវបានឲ្សសម្រាកនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
តាមក្រសួងសុខាភិបាល ជើងហោះហើរខាងលើមានអ្នកដំណើរសរុប ១០៧នាក់ ក្នុងនោះជនជាតិខ្មែរ១០៥នាក់ និងជនជាតិម៉ាឡេស៊ី២នាក់។ អ្នកដំណើរផ្សេងដែលទទួលលទ្ធផលតេស្តអវិជ្ជមាន ត្រូវបានដាក់ឲ្យស្នាក់នៅ មណ្ឌលចត្តាឡីស័កជម្ពូវ័ន១ រង់ចាំបញ្ជូនទៅមណ្ឌលចត្តាឡីស័កតាមមូលដ្ឋានរៀងៗខ្លួន។ រីឯជនជាតិ២នាក់ បន្តស្នាក់នៅធ្វើចត្តាឡីស័ក នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។
គិតត្រឹមថ្ងៃទី២៨មិថុនានេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ១៤១នាក់ ក្នុងនោះនៅសល់អ្នកជំងឹ១២នាក់ កំពុងសម្រាកព្យបាលនៅមន្ទីរពេទ្យ៕
© រក្សាសិទ្ធិដោយ thmeythmey.com