ភ្នំពេញ ២៧ មិថុនា ២០២០—ធនាគារឯកទេសវីង នឹងផ្តល់ការគាំទ្រដល់អង្គការស្នាមញញឹមកម្ពុជា ក្នុងការកំណត់ប្រភេទអ្នកជំងឺ ជួយផ្សព្វផ្សាយពីការវះកាត់ដោយឥតគិតថ្លៃដល់អ្នកជំងឺដែលមានបញ្ហាឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ។
ធនាគារឯកទេសវីង និងអង្គការស្នាមញញឹមកម្ពុជា បានចុះកិច្ចព្រមព្រៀងមួយ ធ្វើជាដៃគូដើម្បីផ្សព្វផ្សាយការវះកាត់ដោយឥតគិតថ្លៃ ជូនដល់អ្នកជំងឺកម្ពុជា ដែលមានបញ្ហាឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ។
ក្នុងភាពជាដៃគូនេះ ធនាគាឯកទេសវីង នឹងជួយគាំទ្រដល់អង្គការស្នាមញញឹមកម្ពុជា ដើម្បីផ្សព្វផ្សាយពីការវះកាត់ដោយឥតគិតថ្លៃ ដល់អ្នកជំងឺកម្ពុជាដែលមានបញ្ហាឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ តាមរយៈប្រព័ន្ធទំនាក់ទំនង របស់ធនាគារឯកទេសវីងដោយរួមមាន៖បណ្តាញសង្គម គេហទំព័រ កម្មវិធីស្មាតហ្វូនវីង និងតាមរយៈភ្នាក់ងារវីងជាដើម។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានមានប្រសាសន៍ថា៖ «មាត់គឺជាផ្នែកមួយដ៏សំខាន់ នៃរាងកាយរបស់មនុស្ស។ ទោះបីជាយ៉ាងណាក្តី កុមារមួយចំនួន បានទទួលរងគ្រោះនៃបញ្ហាឆែបមាត់ ដែលបណ្តាលឱ្យពួកគេពិបាកបរិភោគអាហារ ពិបាកធ្វើទំនាក់ទំនងជាមួយអ្នកដទៃ និងបាត់បង់ទំនុកចិត្តលើខ្លួនឯង។ យើងដឹងពីការឈឺចាប់របស់ពួកគេ ហើយយើងមានគោលបំណង លើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន និងយុវជនកម្ពុជា ដែលកំពុងរស់នៅជាមួយបញ្ហាឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ»។
ក្នុងនាមជាធនាគារឯកទេសឈានមុខគេនៅកម្ពុជា វីងបានបញ្ជ្រាបនូវស្មារតីចូលរួមកិច្ចការសង្គម ទៅដល់និយោជិក និងការប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់ពួកគេផងដែរ។ វីង បានប្តេជ្ញាធ្វើឱ្យប្រទេសកម្ពុជាកាន់តែល្អប្រសើរ តាមគ្រប់វិធីទាំងអស់។ ហេតុដូច្នេះហើយ ទើបកម្មវិធីទំនួលខុសត្រូវក្នុងសង្គមរបស់វីង បានផ្តោតសំខាន់លើ៖ អក្ខរកម្មហិរញ្ញវត្ថុ សុខភាពនិងសុវត្ថិភាព ការអភិវឌ្ឍន៍សហគមន៍ ការអប់រំ ក៏ដូចជាការពង្រឹងសមភាពយេនឌ័រជាដើម។
លោក ចាន់ កុកចយ នាយកប្រតិបត្តិ នៃអង្គការស្នាមញញឹមនៃកម្ពុជាបានមានប្រសាសន៍ថា៖ «ភាពជាដៃគូជាមួយធនាគារឯកទេសវីង នាថ្ងៃនេះ នឹងធ្វើឱ្យយើងអាចជួយដល់ប្រជាជន ដែលមានបញ្ហាឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗកាន់តែច្រើន ក្នុងប្រទេសកម្ពុជា តាមរយៈប្រព័ន្ធទំនាក់ទំនងរបស់វីង។ យើងដឹងពីការឈឺចាប់របស់អ្នកជំងឺ ហើយយើងចង់ឱ្យជីវិតរបស់ពួកគេ ពោរពេញទៅដោយស្នាមញញឹម និងប្រកបដោយទំនុកចិត្ត។ យើងចង់ព្យាបាលអ្នកជំងឺ ដែលមិនបានទទួលការវះកាត់មាត់ឆែប ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ។ យើងនឹងរៀបចំប្រតិបត្ដិការវះកាត់ នៅតាមខេត្ដផ្សេងៗ ដើម្បីព្យាបាល និងផ្ដល់ឱ្យពួកគេនូវអនាគតល្អប្រសើរ»។
បណ្តាដែលមានបញ្ហាឆែបមាត់ មានភាពស្ទាក់ស្ទើរ ក្នុងការប្រាស្រ័យទាក់ទងក្នុងសង្គម ដែលបណ្តាលឲ្យពួកគាត់មានបញ្ហាផ្លូវចិត្ត និងអាកប្បកិរិយាផងដែរ។ ចាប់តាំងពីឆ្នាំ២០១៥ អង្គការស្នាមញញឹមកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តបុព្វហេតុដ៏មានតម្លៃ ក្នុងការផ្តល់ជូននូវការវះកាត់ដោយឥតគិតថ្លៃ ដល់អ្នកជំងឺកម្ពុជា ដែលមានបញ្ហាឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ។
ក្នុងរយៈពេលជា៥ឆ្នាំមកនេះ អង្គការស្នាមញញឹមកម្ពុជា បានផ្តល់ការវះកាត់ដោយឥតគិតថ្លៃដល់អ្នកជំងឺប្រមាណ១៤០០នាក់ ដោយមានគាំទ្រពី Smile Asia, Rotary Club of LIkas Bay, Rotary Club of Lu Chou & I-LAN, Taiwan, Face to Face, USA, MdM, Australia, ជាដើម ដោយមានអ្នកស្ម័គ្រចិត្តក្នុងស្រុកជាង ៥០ នាក់រួមមាន៖ គ្រូពេទ្យវះកាត់ គ្រូពេទ្យឯកទេសខាងថ្នាំសន្តំ និងគិលានុបដ្ឋាយិកាជាដើម ដែលមានបទពិសោធន៍ល្អ និងបានគាំទ្រប្រតិបត្តិការវះកាត់។ ចាប់ពីពេលនេះតទៅ ភ្នាក់ងារវីងជិត៨០០០កន្លែង ទូទាំងព្រះរាជាណាចក្រ នឹងចូលរួមផ្តល់នូវពន្លឺនៃជីវិត ដល់កុមារទូទាំងព្រះរាជាណាចក្រកម្ពុជា ផងដែរ៕
(អត្ថបទពាណិជ្ជកម្ម)