របាយការណ៍​៖ ព្រៃ​ឡង់​បន្ត​បាត់​បង់គួរ​ឲ្យ​ព្រួយបារម្ភ ហើយ​ការកាប់​ឈើ​កើនឡើង​ជាង​៧០%​ក្នុង​ឆ្នាំ​២០១៩
ជាតិ
របាយការណ៍​៖ ព្រៃ​ឡង់​បន្ត​បាត់​បង់គួរ​ឲ្យ​ព្រួយបារម្ភ ហើយ​ការកាប់​ឈើ​កើនឡើង​ជាង​៧០%​ក្នុង​ឆ្នាំ​២០១៩
29, Jun 2020 , 7:59 pm        
រូបភាព
រូបឯកសារ៖ រូបភាពព្រៃឡង់​ ដែល​​មាន​ផ្ទៃដី​ប្រមាណ​៥០​ ម៉ឺន​ហិកតា ​ដោយ​គ្រប់​ដណ្តប់​ខេត្ត​ចំនួន​៤ ​គឺ​ព្រះ​វិហារ ​កំពង់ធំ ​ក្រចេះ ​និង​ស្ទឹងត្រែង។​ (រូប​ថត​ផ្តល់​ឲ្យ​ដោយ​បណ្តាញ​សហគមន៍​ព្រៃឡង់)
រូបឯកសារ៖ រូបភាពព្រៃឡង់​ ដែល​​មាន​ផ្ទៃដី​ប្រមាណ​៥០​ ម៉ឺន​ហិកតា ​ដោយ​គ្រប់​ដណ្តប់​ខេត្ត​ចំនួន​៤ ​គឺ​ព្រះ​វិហារ ​កំពង់ធំ ​ក្រចេះ ​និង​ស្ទឹងត្រែង។​ (រូប​ថត​ផ្តល់​ឲ្យ​ដោយ​បណ្តាញ​សហគមន៍​ព្រៃឡង់)
ដោយ: VOA
​ភ្នំពេញ ៖ របាយការណ៍​របស់​អ្នកស្រាវជ្រាវ​អឺរ៉ុប​ឲ្យ​ដឹងថា ព្រៃ​ឡង់​នៅ​កម្ពុជា បន្ត​បាត់​បង់គួរ​ឲ្យ​ព្រួយបារម្ភ ហើយ​ការកាប់បំផ្លាញ​មានការ​កើនឡើង​ជាង​៧០ ភាគរយ ក្នុង​ឆ្នាំ​២០១៩ បើ​ធៀប​នឹង​ឆ្នាំមុនៗ​។​

 
​របាយការណ៍​របស់​អ្នកស្រាវជ្រាវ​នៃ​សកលវិទ្យា​ល័យ Copenhagen ប្រទេស​ដា​ណឺ​ម៉ាក ដែល​បាន​ស្រាវជ្រាវ​អំពី​ព្រៃ​ឡង់​នៅ​ប្រទេស​កម្ពុជា​ឲ្យ​ដឹងថា ការបាត់បង់​ព្រៃ​ឡង់​ក្នុង​ឆ្នាំ​២០១៩ មាន​ទំហំ​ធំ គឺ​ប្រមាណ​៧៥១០ ហិកតា ដែល​កើនឡើង​៧៣% ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨​។  របាយការណ៍​បន្ថែមថា ការកាប់បំផ្លាញ​ព្រៃឈើ​ដ៏​ច្រើន​បំផុត​ក្នុង​តំបន់​ការពារ​ព្រៃ​ឡង់ គឺ​ក្នុង​ឆ្នាំ​២០១៦ ដែល​បំផ្លាញ​រហូត​ទៅដល់​ជាង​១១.០០០​ហិកតា​។​
 
​របាយការណ៍​នេះ​បញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០១៩ ព្រៃ​ឡង់​បាត់បង់​ប្រមាណ​៤៧.៤០០ ហិកតា​។​
 
​ព្រៃ​ឡង់​មាន​ផ្ទៃដី​ប្រមាណ​៥០ ម៉ឺន​ហិកតា ដោយ​គ្រប់​ដណ្តប់​ខេត្ត​ចំនួន​៤ គឺ​ព្រះវិហារ កំពង់ធំ ក្រចេះ និង​ស្ទឹងត្រែង​។​
 
​របាយការណ៍​នេះ ឲ្យ​ដឹង​ទៀតថា ការបាត់បង់​ព្រៃឈើ​ក្នុងប្រទេស​កម្ពុ​ជាមាន​ទំហំធំធេង​ជាងគេ​បំផុត​ទី​១០ លើ​សាកលលោក​។​
 
​លោកស្រី Ida Theilade សាស្ត្រាចារ្យ​នៃ​សកលវិទ្យា​ល័យ Copenhagen នៃ​ប្រទេស​ដា​ណឺ​ម៉ាក បាន​រៀបរាប់​នៅក្នុង​របាយការណ៍​នេះ​ថា កម្ពុជា បាន​បាត់បង់​ព្រៃឈើ​ចំនួន​២៦​ភាគរយ ឬ ស្មើនឹង​ជាង​២ លាន​ហិកតា ចាប់តាំងពី​ឆ្នាំ​២០០០ មក​។ កាលពី​ឆ្នាំមុន កម្ពុជា​បាន​បាត់បង់​ព្រៃឈើ​ទំហំ​៦៣.០០០ ហិកតា​។ 
 
​អ្នកស្រាវជ្រាវ​អឺរ៉ុប​នេះ ចេញ​របាយការណ៍​អំពី​ការបាត់បង់​ព្រៃឈើ​របស់​កម្ពុជា ដោយ​សង្ឃឹមថា ឯកសារ​នេះ​នឹង​ជួយ​ក្រសួងបរិស្ថាន និង​អង្គការ​ដៃគូ​ក្នុងការ​ការពារ​ព្រៃ​ឡង់​។​
 
 
​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ប្រាប់​វី​អូ​អេ​ថា រដ្ឋាភិបាល​មិនមាន​ភាពចាំបាច់​ក្នុងការ​ឆ្លើយតប​នឹង​របាយការណ៍​នេះ​ទេ​។ ប៉ុន្តែ​ថា រដ្ឋាភិបាល​មាន​«​ការតាំង​ចិត្ត​ខ្ពស់​» ក្នុងការ​ថែរក្សា​ការពារ​ព្រៃ​ឡង់​។​
 
​លោក​មានប្រសាសន៍ថា​៖ «​ក្រសួងបរិស្ថាន​គ្មាន​ភាពចាំបាច់​អ្វី ត្រូវ​ឆ្លើយតប​នឹង​របាយការណ៍​របស់​ជ​នទី​បី ដែល​មិន​ស្ថិតក្នុង​ក្របខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​ទៅលើ​ការគ្រប់គ្រង និង​អភិរក្ស​ព្រៃ​ឡង់​នោះទេ​។ យើងខ្ញុំ​ទទួលស្គាល់ថា នៅមាន​បទល្មើស​ធនធាន​ធម្មជាតិ​ទ្រង់ទ្រាយ​តូច ដូច​ជាការ​លបលួច​កា​ប់​ឈើ ឬ ក៏​ការទន្ទ្រាន​កាន់កាប់​ដីធ្លី​ដោយ​ខុសច្បាប់ ការ​បរបាញ់​សត្វ និង​ការដាក់​អន្ទាក់​ចាប់​សត្វ​នៅ​បន្ត​កើតមាន​នៅក្នុង​តំបន់​ព្រៃ​ឡង់​»​។​
 
​លោក​បន្តថា កត្តា​ជីវភាព​របស់​ប្រជាពលរដ្ឋ​ដែល​ពឹង​អាស្រ័យ​លើ​ផល​ព្រៃឈើ ការទាក់ទាញ និង​ញុះញង់​របស់​ឈ្មួញ​ទុច្ចរិត និង​កង្វះ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដើម្បី​ការពារ​ជា​កត្តា​នាំ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​បន្ត​កើតឡើង​។​
 
​បើតាម​លោក​នេត្រ ភ​ត្ត្រា ក្រុមការងារ​របស់​ក្រសួងបរិស្ថាន បាន​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ ចំនួន​៣៩៩ ករណី ក្នុង​រយៈពេល​៤​ខែ ឆ្នាំ​២០២០ នេះ ក្នុងនោះ​មានការ​លួច​កាប់​ឈើ ការទន្ទ្រាន​កាន់កាប់ ការ​បរបាញ់​សត្វព្រៃ មានការ​បញ្ជូនទៅ​តុលាការ​ចំនួន​៣២ ករណី ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ​ចំនួន​៤២ ករណី ដែលមាន​មនុស្ស​ប្រមាណ​១០០ នាក់​។​
 
​ក្រុមការងារ ក៏បាន​បំផ្លាញ​និង​រុះរើ​រោង​អនាធិបតេយ្យ​នៅ​ព្រៃ​ឡង់​ចំនួន​៣៤ រោង ដកហូត​កាំភ្លើង​កែច្នៃ​បរបាញ់​សត្វ​ចំនួន​២៩​ដើម និង​ដោះ​អន្ទាក់​ជិត​១​ពាន់​។ នេះ​បើតាម​លោក នេត្រ ភក្ត្រា​។​
 
​លោក​ហឿន សុភាព អ្នកសម្របសម្រួល​បណ្ដា​ញ​សហគមន៍​ព្រៃ​ឡង់ មានប្រសាសន៍ថា ការកាប់បំផ្លាញ​ព្រៃ​ឡង់​នៅតែ​បន្ត​មាន ទោះ​ក្នុង​ទំហំ​ដែល​មិនអាច​ប៉ាន់ប្រមាណ​ក៏ដោយ​។ លោក​បញ្ជាក់ថា សកម្មភាព​នេះ មាន​ស្ទើរតែ​គ្រប់​ច្រក ខណៈដែល​ការ​ល្បាត​របស់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់ ក៏​ត្រូវបាន​រឹតបន្តឹង​ផងដែរ​។​
 
​លោក​មានប្រសាសន៍ថា​៖ «​សកម្មភាព​នៃ​ការ​រឹតត្បិត​របស់​បណ្តាញ​ទាំង​៤ ខេត្ត បច្ចុប្បន្ននេះ​ឃើញថា រដ្ឋាភិបាល​ក៏ដូចជា​ក្រសួងបរិស្ថាន កំពុងតែ​មិន​ឲ្យ​ខាង​ក្រុម​ខ្ញុំ​ចុះ​ល្បាត​ក្នុង​តំបន់​ព្រៃ​ឡង់​ទេ បន្ថែម​ទាំង​មានការ​គំរាមកំហែង​ទៅលើ​សកម្មជន​ផ្សេងៗ​ទៀត ដែល​យើង​ធ្លាប់តែ​ចុះ នៅក្នុង​បណ្តាញ​ព្រៃ​ឡង់​។ ហើយ​មួយទៀត​ជាការ​ហាមឃាត់​មិន​ឲ្យ​ចូល​ក្នុងព្រៃ​»​។​
 
​ចំណែក​លោក សុខ ប្លោក តំណាង​ក្រុម​ស្នូល​ព្រៃ​ឡង់​ក្នុង​ខេត្តកំពង់ធំ បាន​ថ្លែងប្រាប់ VOA ថា  លោក​ព្រួយបារម្ភ​ខ្លាច​បាត់បង់​ព្រៃ​ឡង់ ប្រសិនបើ​សកម្មភាព​កាប់បំផ្លាញ​នៅតែ​បន្ត​បែបនេះ​។​
 
​លោក​មានប្រសាសន៍ថា​៖ «​ខ្ញុំ​ហ៊ាន​ឲ្យ​តម្លៃ ប្រសិនបើ​នៅ​ដូច្នេះ គឺ​អត់​អាច​សល់​ទេ​ព្រៃ​ឡង់​ទៅមុខទៀត ព្រោះ​មើលទៅ​សកម្មភាព​នៅ​[​បន្ត​កើតមាន​]​។ ដូច​ខ្ញុំ​និយាយ​អ៊ីចឹង ខ្ញុំ​អត់​និយាយ​សរុប​ទេ ព្រោះ​ព្រៃ​ឡង់​មាន​ច្រើន​ខេត្ត អ៊ីចឹង​ខ្ញុំ​សូម​និយាយ​តែ​ក្នុង​ទឹកដី​ខេត្តកំពង់ធំ​»​។​
 
​កាលពី​ខែកុម្ភៈ អង្គការ​សមាគម​និង​សហគមន៍​សរុប​ជាង​១០០ ស្ថាប័ន បាន​រិះគន់ថា ការហាមឃាត់​របស់​អា​ជ្ញា​ធរ​ក្រសួងបរិស្ថាន ប្រឆាំងនឹង​សកម្មភាព​របស់​ក្រុម​ប្រជាពលរដ្ឋ​ការពារ​ព្រៃ​ឡង់ ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការអភិរក្ស​ព្រៃ​នេះ​។​
 
​ក្រសួងបរិស្ថាន​ធ្លាប់បាន​ចោទប្រកាន់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ថា​៖ «​បានធ្វើ​សកម្មភាព​ដែលមាន​ភាពមិនស្មោះត្រង់​ក្នុង​កិច្ចសហការ​» ក្នុងនោះ​រួមមាន «​ការព្យាយាម​ចិញ្ចឹម​ទំនាស់​លើ​បញ្ហា​ព្រៃ​ឡង់ តាមរយៈ​ការ​លួច​ចូល​ល្បាត​ដោយ​អនាធិបតេយ្យ លួច​ប្រើប្រាស់ Apps ដែល​គ្មាន​ការទទួលស្គាល់​ជា​ផ្លូវការ​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច បំភ្លៃ​ទិន្នន័យ​នៃ​បទល្មើស​ធនធានធម្មជាតិ​»​។ ក្រសួងបរិស្ថាន​បន្ថែម​ថា សហគមន៍​ព្រៃ​ឡង់ មិនបាន​ចុះបញ្ជី​ស្របច្បាប់​នោះទេ  ដូច្នេះ​ក្រសួងបរិស្ថាន ក៏​មិនអាច​សហការ​ជាមួយ​បានដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com