សង្គមអន្តរជាតិ​
អន្តរជាតិ
ហុងកុង​៖ បាតុករ​យ៉ាងហោចណាស់​៥៣​នាក់ ត្រូវ​ចាប់ខ្លួន​ពេល​តវ៉ា​ប្រឆាំង​ច្បាប់​សន្តិសុខ​ជាតិ
29, Jun 2020 , 12:03 pm        
រូបភាព
ប៉ូលិសហុងកុង ប្រចាំការនៅកន្លែងទីតាំងបាតុកម្ម នាថ្ងៃទី២៨ ខែមិថុនា។ រូបភាព៖ AP
ប៉ូលិសហុងកុង ប្រចាំការនៅកន្លែងទីតាំងបាតុកម្ម នាថ្ងៃទី២៨ ខែមិថុនា។ រូបភាព៖ AP
កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន បានចាប់ផ្តើម​នៅ​ថ្ងៃទី​២៨ ខែមិថុនា និង​បិទ​បញ្ចប់​ទៅវិញ​នៅ​ទី​៣០ ខែមិថុនា ដើម្បី​ពិភាក្សា និង​អនុម័ត​សេចក្តីស្នើច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​។ គម្រោង​បង្កើត​ច្បាប់​នេះ ធ្វើ​ឲ្យ​ញាប់​ញ័រ​ហុងកុង​។ ប្រជាជន​ហុងកុង បាន​ចេញមក​បាតុកម្ម​សារជាថ្មី នៅ​ថ្ងៃទី​២៨ ខែមិថុនា ដើម្បី​ប្រឆាំងនឹង​សេចក្តីស្នើច្បាប់​នេះ​។ មនុស្ស​យ៉ាងហោចណាស់ ៥៣​នាក់ ត្រូវបាន​ប៉ូលិស​ក្រុង​ហុងកុង​ឃុំខ្លួន​ពីបទ​ជួបប្រជុំ​ខុសច្បាប់​។




​តាម​ការរំពឹងទុក​សេចក្តីស្នើច្បាប់​ដ៏​ចម្រូងចម្រាស់​ហុងកុង នឹងត្រូវ​គណៈអចិន្ត្រៃយ៍​សភា​ប្រជាជន​ចិន​អនុម័ត​នៅ​ថ្ងៃទី​៣០ ខែមិថុនា​នេះ ពោលគឺ​មុន​ថ្ងៃ​ខួប​អង់គ្លេស​ប្រគល់​ទឹកដី​ហុងកុង​ឲ្យ​មក​ចិន​វិញ នៅ​ថ្ងៃទី​១ ខែកក្កដា​។ ដោយសារ​ជា​សំណើ​ច្បាប់ ដែល​អនុម័ត​មិន​ឆ្លងកាត់​សភា​ហុងកុង និង​ជា​សំណើ​ច្បាប់​ដែល​ត្រូវបាន​គេ​ជឿថា បន្ថយ​សិទ្ធិសេរីភាព​នៅក្នុង​ទីក្រុង ប្រជាជន​ហុងកុង បាន​ចេញមក​បាតុកម្ម​ម្តង​ហើយ​ម្តងទៀត ដើម្បី​ប្រឆាំងនឹង​ការបង្កើត​ច្បាប់​នេះ​។ 
 
​ក្នុង​ថ្ងៃ​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​ប្រជាជន​ចិន  ប្រជាជន​ហុងកុង​ជាច្រើន​នាក់ បាន​ចេញមក​បាតុកម្ម​ម្តងទៀត នៅលើ​ផ្លូវ Nathan ក្នុង​តំបន់ Kowloon ដោយ​អម​ជាមួយនឹង​សំឡេង​ស្រែក​ទាមទារ​ឲ្យ​ទីក្រុង​ប៉េកាំង​ឈប់​ជ្រែ​ត​ជ្រែក​ក្នុង​កិច្ចការ​ហុងកុង ឬ​ទម្លាក់​ការអនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​ចោល​ជាដើម​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត South China Morning Post​។​
 
​មនុស្ស​ជាច្រើន​នាក់ ត្រូវបាន​ឃុំខ្លួន ក្នុងនោះ​ក៏មាន​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ពីររូប​ផងដែរ​។ បើតាម​ការអះអាង​រប​ស់​ប៉ូលិស​ហុងកុង មនុស្ស​យ៉ាងហោចណាស់ ៥៣​នាក់​ត្រូវគេ​ឃុំខ្លួន ពីបទ «​ការជួបប្រជុំ​ខុសច្បាប់​»​។ ពីដំបូង​ឡើយ​ប៉ូលិស​ហុងកុង បាន​ព្រមាន​ក្រុមបាតុករ ឲ្យ​បំបែក​ក្រុម​បាតុកម្ម​រប​ស់​ខ្លួន ប៉ុន្តែ​ដោយសារតែ​បាតុករ​ហុងកុង​បដិសេធ ទើប​ប៉ូលិស​ឈានទៅដល់​ការចាប់ខ្លួន​តែម្តង​។ 
 
​ចំណែក​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ពីររូប ដែល​ត្រូវបាន​គេ​ចាប់ខ្លួន​នោះ​មានដូចជា លោក Ben Lam Siu-pan សមាជិក​ក្រុមប្រឹក្សា​សង្កាត់ Yau Tsim Mong និង​លោក Andy Chui Chi-kin សមាជិក​ក្រុមប្រឹក្សា​សង្កាត់ Eastern ។ រហូតដល់​ម៉ោង ៧​ល្ងាច​ថ្ងៃ​ដដែល ក្រុមបាតុករ​ហុងកុង បាន​បំបែក​ក្រុម​បណ្តើរៗ ហើយ​ប៉ូលិស ក៏បាន​ចាក​ចេញពី​ទីតាំង​នោះ​ខ្លះ​ដែរ​។ 
 
​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​១ ខែកក្កដា​ខាងមុខនេះ គឺជា​ខួប​ដែល​អង់គ្លេស​ចុះ​កិច្ចព្រមព្រៀង​ប្រគល់​ទឹកដី​ហុងកុង ត្រលប់មក​ឲ្យ​ចិន​វិញ​។ នៅ​ចំ​ថ្ងៃ​ខួប​នេះ ប៉ូលិស​ក្រុង​ហុងកុង ក៏បាន​ហាមឃាត់​ការជួបជុំ​របស់​ប្រជាជន ក្នុងការ​ប្រារព្ធ​ខួប​នេះដែរ​។ ហេតុផល​នៃ​ការហាមឃាត់​នេះ គឺ​ការពារ​ការ​រាតត្បាត​នៃ COVID-19 និង​រក្សា​គម្លាត​របស់​ប្រជាជន​នៅក្នុង​ទីក្រុង​៕ 

Tag:
 ហុងកុង​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com