អ្នកគាំទ្រ​ជាង​២​ពាន់​នាក់​នៅ World Cup 2018 កំពុង​ស្នា​ក់ដោយ​ខុសច្បាប់​នៅ​រុស្ស៊ី​នៅឡើយ​
កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រ​ជាង​២​ពាន់​នាក់​នៅ World Cup 2018 កំពុង​ស្នា​ក់ដោយ​ខុសច្បាប់​នៅ​រុស្ស៊ី​នៅឡើយ​
30, Jun 2020 , 11:29 am        
រូបភាព
​អ្នកគាំទ្រ​ជា​ជនបរទេស​លើសពី ២០០០ នាក់​ដែល​ទៅកាន់​ប្រទេស​រុស្ស៊ី អំឡុង​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក World Cup ឆ្នាំ ២០១៨ នៅតែ​ស្ថិត​ក្នុងប្រទេស​នេះ​នៅឡើយ​មកទល់​សព្វថ្ងៃ​។ លោក Yevgeny Ivanov អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​រុស្ស៊ី​អះអាង​បែបនេះ​ក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត Kommersant daily នៅ​ថ្ងៃទី​២៨ ខែមិថុនា​។​


​លោក Yevgeny Ivanov របៀប​រាប់​ដូច្នេះ​ថា​៖ «​យោងតាម​ទិន្នន័យ​ពី​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់ មាន​ជនបរទេស​ជាង​ពីរពាន់​នាក់​បាន​ចូល​ប្រទេស​រុស្ស៊ី​ក្នុង​ឆ្នាំ ២០១៨ ដែលជា​អ្នកគាំទ្រ​កីឡាបាល់ទាត់​កាន់​កាត Fan ID’s ដោយ​មិនមាន​ទិដ្ឋាការ​នោះ មិនទាន់បាន​ចាកចេញ​ពី​ប្រទេស​នៅឡើយ​ទេ​។ ហើយ​បច្ចុប្បន្ននេះ ពួកគេ​ជា​ជនអន្តោប្រវេសន៍​ខុសច្បាប់ ក្នុងប្រទេស​រុស្ស៊ី​»​។​
 
​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន TASS ការ​ស្នាក់នៅ​ដោយ​មិនមាន​ទិដ្ឋាការ​នៅក្នុង​ប្រទេស​រុស្ស៊ី​សម្រាប់​អ្នកកាន់កា​ត Fan ID ដើម្បី​ចូលរួម​ការប្រកួត FIFA World Cup 2018 បាន​ផុតកំណត់​តាំងពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ ២០១៨ ម្លេះ​។ អ្នក​ដែល​មិនទាន់បាន​ចាកចេញ​ពី​ប្រទេស​រុស្ស៊ី​តាម​កាលបរិច្ឆេទ ជាការ​រំលោភ​លើ​ច្បាប់​នៃ​ការធ្វើ​ចំណាកស្រុក​របស់​ប្រទេស ហើយ​អាច​នាំ​ឲ្យ​មានការ​ទទួលខុសត្រូវ​ផ្នែក​រដ្ឋបាល​រហូតដល់​ការបណ្តេញ​ចេញពី​ប្រទេស​រុស្ស៊ី​ផង​។​
 
​យោងតាម​ក្រសួងមហាផ្ទៃ​រុស្ស៊ី ចំនួន​អ្នកគាំទ្រ​បរទេស​ជុំវិញ​ពិភពលោក​ដែល​បានធ្វើ​ដំណើរ​ទៅកាន់​រុស្ស៊ី​ឆ្នាំ​២០១៨ មាន​ចំនួន​ប្រហែល ៦៥០០០០ នាក់​អំឡុងពេល​ការប្រកួត​កីឡាបាល់ទាត់​ពិភពលោក​នោះ​។ ហើយ​អ្នក​ដែល​មិនទាន់​ចាកចេញ​ពេល​ប្រទេស​នេះ ភាគច្រើន​ជា​អ្នកគាំទ្រ​ជនជាតិ​នី​ហ្សេ​រី​យ៉ា​។​
 
​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០១៨ ដែល​រុស្ស៊ី​ដឹកនាំ​ធ្វើ​ម្ចាស់ផ្ទះ​នោះ ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​បារាំង​ជា​អ្នក​ដណ្តើមពាន​នេះ​បាន ដែលជា​ការ​ឈ្នះ​លើក​ទី​២​ក្នុង​ប្រវត្តិសាស្ត្រ ក្រោយ​ផ្តួល​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយ​លទ្ធផល ៤-២៕

Tag:
 FIFA World Cup
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com