កំណើនសេដ្ឋកិច្ចវៀតណាមក្នុងត្រីមាសទី២ បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងពេល ៣០ ឆ្នាំចុងក្រោយ ដែលបណ្ដាលមកពីឥទ្ធិពលអវិជ្ជមានរបស់ជំងឺរាតត្បាតសកល COVID-19 ។ បច្ចុប្បន្នជំងឺដែលផ្ទុះឡើងដំបូងក្នុងប្រទេសចិនកាលពីចុងឆ្នាំ២០១៩នេះ បានចម្លងមនុស្ស១០លាននាក់ និងសម្លាប់៥០ម៉ឺននាក់នៅទូទាំងពិភលោក។ ករណីធ្លាក់ចុះខ្លាំងបែបនេះ កំពុងធ្វើឲ្យគោលដៅសេដ្ឋកិច្ចឆ្នាំ២០២០របស់រដ្ឋាភិបាលក្រុងហាណូយពិបាកនឹងកើតឡើង។
ក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២៩ ខែមិថុនា ការិយាល័យស្ថិតិទូទៅវៀតណាម (GSO) គូសបញ្ជាក់ថា ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងចន្លោះខែមេសា-មិថុនា បានកើនឡើង០,៣៦ភាគរយ។ នេះគឺជាតួលេខទាបខ្លាំងបំផុត បើធៀបនឹងកំណើន GDP ឆ្នាំមុនអំឡុងពេលដូចគ្នា ដែលកាលនោះគឺស្មើនឹង៦,៧៣ភាគរយ។
ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ GSO វៀតណាម ដូច្នេះថា៖«ការវិវត្តដ៏ស្មុគស្មាញនៃជំងឺរាតត្បាតសកល COVID-19 បានជះឥទ្ធិពលអវិជ្ជមានលើរាល់ទិដ្ឋភាពសេដ្ឋកិច្ច-សង្គម»។
មន្ត្រីជាន់ខ្ពស់នៃការិយាល័យស្ថិតិទូទៅវៀតណាមម្នាក់ បានបញ្ជាក់ប្រាប់ Reuters ថា អត្រាកំណើនសេដ្ឋកិច្ចចុងក្រោយនេះ គឺជាអត្រាកំណើនត្រីមាសទាបបំផុតក្នុងពេល៣០ឆ្នាំចុងក្រោយ។ មន្ត្រីបន្តថា កំណើនដ៏ខ្សោយនេះ មានន័យថា សេដ្ឋកិច្ចវៀតណាម នឹងត្រូវពង្រីក ១០ភាគរយក្នុងត្រីមាសទី៣ ទើបអាចសម្រេចគោលដៅសេដ្ឋកិច្ច ៦,៨ ភាគរយសម្រាប់ឆ្នាំ២០២០របស់រដ្ឋាភិបាល ដែលបានដាក់ចេញនៅមុនពេលជំងឺCOVID-19។
ការិយាល័យស្ថិតិទូទៅវៀតណាម បញ្ជាក់ទៀតថា វិស័យសេវាកម្មក្នុងត្រីមាសទី២ បានធ្លាក់ចុះ ១,៧៦ភាគរយ បើធៀបនឹងឆ្នាំមុន ខណៈវិស័យឧស្សាហកម្មបានកើនឡើង១,៣៨ភាគរយ ហើយវិស័យកសិកម្មបានកើតឡើង ១,៧៤ភាគរយ។
យោងតាម GSO ការនាំចេញរបស់វៀតណាមក្នុងពាក់កណ្ដាលដើមឆ្នាំ២០២០នេះ បានធ្លាក់ចុះ ១,១ភាគរយ មកត្រឹម ១២១,២១ពាន់លានដុល្លារ ខណៈការនាំចូលបានធ្លាក់ចុះ ៣ភាគរយ មកត្រឹម ១១៧,១៧ពាន់លានដុល្លារ។ ទោះធ្លាក់ចុះមែន វៀតណាម មានអតិរេកពាណិជ្ជកម្ម ៤,០៤ពាន់លានដុល្លារ។
សូមបញ្ជាក់ថា តំបន់អាស៊ីអាគ្នេយ៍មួយនេះ គ្រោងបើកដំណើរការសកម្មភាពសេដ្ឋកិច្ចឡើងវិញ ក្រោយរកឃើញករណីឆ្លង COVID-19 ត្រឹម ៣៥៥ករណី និងគ្មានករណីស្លាប់។ ម្យ៉ាង វៀតណាម គ្មានរាយការណ៍ករណីឆ្លង COVID-19 ក្នុងសហគមន៍ជាង២ខែមកហើយ។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករកាលពីខែមុនថា កំណើនសេដ្ឋកិច្ចវៀតណាម នឹងកើន ២,៧ភាគរយក្នុងឆ្នាំ២០២០។ ក៏ប៉ុន្តែ នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន ស៊ួនហ្វុក សង្កត់ធ្ងន់ថា រដ្ឋាភិបាលលោក នឹងព្យាយាមរក្សាកំណើនសេដ្ឋកិច្ចលើស៥ភាគរយ៕