COVID-19
អន្តរជាតិ
អង់គ្លេសបិទក្រុង Leicester ជាថ្មី ដោយសារករណីឆ្លង COVID-19 កើនឡើង រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេស លោក Matt Hancock។ រូបភាព៖ Reuters
× បន្ទាប់ពីការបន្ធូរបន្ថយការរឹតត្បិតមិនទាន់បានប៉ុន្មានថ្ងៃផង រដ្ឋាភិបាលចក្រភពអង់គ្លេស នៅថ្ងៃទី២៩ ខែមិថុនា បានបញ្ជាឲ្យសាលារៀន និងហាងលក់ទំនិញមិនសូវសំខាន់ ក្នុងទីក្រុង Leicestor បិទសារជាថ្មី។
ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ទីក្រុង Leicester បានរាយការណ៍ពីការកើនឡើងករណីឆ្លងថ្មីរហូតដល់ ៨៦៦ករណី ដែលធ្វើឲ្យតួលេខសរុបនៅក្នុងទីក្រុងកើនដល់ប្រមាណ ៣ពាន់ករណី។
ថ្លែងនៅក្នុងសភា រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេស លោក Matt Hancock បានលើកឡើងយ៉ាងដូច្នេះថា៖ «ជាអកុសល ខណៈករណីឆ្លងនៅតំបន់ជាច្រើនក្នុងប្រទេសធ្លាក់ចុះ នៅក្នុងទីក្រុងLeicestor បានកើនឡើងករណីឆ្លង»។ ទាក់ទិននឹងបញ្ហានេះ រដ្ឋាភិបាលអង់គ្លេស បានសម្រេចបិទក្រុង Leicester សារជាថ្មី ដើម្បីទប់ស្កាត់ការរាតត្បាត។
សាលារៀន ដែលបានបើកកាលពីថ្ងៃទី១ ខែមិថុនា ត្រូវបិទទៅវិញ ចំណែកហាងមិនសំខាន់មួយចំនួន ក៏ត្រូវបិទចាប់ពីថ្ងៃទី៣០ ខែមិថុនានេះដែរ។ លោករដ្ឋមន្ត្រីសុខាភិបាលអង់គ្លេស បានលើកឡើងបែបនេះ ដោយបន្ថែមថា គម្រោងបើកបារ ភោជនីយដ្ឋាន និងមជ្ឈមណ្ឌលវប្បធម៌ នៅថ្ងៃទី៤ ខែកក្កដា នឹងត្រូវលុបចោលតែនៅទីក្រុង Leicester ប៉ុន្តែនៅទីក្រុងផ្សេងទៀត អាចដំណើរការគម្រោងនេះបាន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
កន្លងមក អភិបាលក្រុង Leicester បានបដិសេធការបិទក្រុងម្តងហើយ ដោយអះអាងថា ការកើនឡើងតួលេខឆ្លងនេះ គឺដោយសារតែ ការធ្វើតេស្តទ្រង់ទ្រាយធំ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែមិថុនា តួលេខCOVID-19 សរុបមានចំនួន ៣១១៩៦៥ករណី និងអ្នកស្លាប់មានចំនួន ៤៣៥៧៥ករណី៕
© រក្សាសិទ្ធិដោយ thmeythmey.com