សម្ដេច ស ខេង ៖ គ្រោះថ្នាក់​ចរាចរណ៍​ថយ​ចុះ​ជាង​៥០០​ករណី​នៅ​ឆមាស​ទី​១ ដោយសារ​ការ​រឹតបន្តឹង​ច្បាប់​
ជាតិ
សម្ដេច ស ខេង ៖ គ្រោះថ្នាក់​ចរាចរណ៍​ថយ​ចុះ​ជាង​៥០០​ករណី​នៅ​ឆមាស​ទី​១ ដោយសារ​ការ​រឹតបន្តឹង​ច្បាប់​
01, Jul 2020 , 10:59 pm        
រូបភាព
ភ្នំពេញ​៖ ៦​ខែ​នេះ គ្រោះថ្នាក់​ចរាចរណ៍ ថយចុះ​ជាង​៥០០​ករណី ខណៈ​អ្នកស្លាប់​ធ្លាក់ចុះ​១៧២​នាក់ បើ​ធៀប​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៩​។ នោះ​ក៏​ព្រោះតែ​កម្ពុជា បាន​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក កាលពីដើម​ខែឧសភា​មក​។ នេះ​បើតាម​សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​


​សម្ដេច ស ខេង បាន​មើលឃើញថា ពលរដ្ឋ​បាន​យល់ដឹង​និង​គោរព​ច្បាប់​ច្រើនជាង​មុន ទើប​ធ្វើឱ្យ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ធ្លាក់ចុះ​បែបនេះ​។  រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រូបនេះ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ដូច្នេះ​៖«​តាម​ទិន្នន័យ​បញ្ជាក់​ខាងលើនេះ​គឺ​បានបង្ហាញ​យ៉ាងច្បាស់​ថា​ប្រជាពលរដ្ឋ​យើង​ពិតជា​មានការ​យល់ដឹង និង​បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​កាន់តែច្រើន នៅពេល​ប្រទេសជាតិ​យើង​មានការ​រីកចម្រើន មាន​កំណើន​យានយន្ត​ធ្វើដំណើរ និង កំណើន​អ្នកបើកបរ​ក៏ដោយ តែ​គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយចុះ​»​។​
 
​ប្រមុខ​ក្រសួងមហាផ្ទៃ ចាត់ទុក​លទ្ធផល​វិជ្ជមាន​នេះ បានមកពី​ការចូលរួម​របស់​ប្រជាពលរដ្ឋ កងកម្លាំង​មាន​សមត្ថកិច្ច និង​មន្ត្រី​ពាក់ព័ន្ធ​នានា ក្នុងការ​អនុវត្ត​ភារកិច្ច​របស់ខ្លួន ។ មិនតែប៉ុណ្ណោះ​សម្ដេច ស ខេង ក៏​ស្នើ​រាយការណ៍ និង​បញ្ចេញ​មតិយោបល់​ក្នុងន័យ​ស្ថាបនា តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដើម្បី​កែលម្អ​ថែមទៀត នូវ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង ក្នុងទិសដៅ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ ជាពិសេស​ចំនួន​អ្នកស្លាប់​កាន់តែ​តិច និង​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ​ឱ្យ​កាន់​តែមាន​របៀបរៀបរយ​។​
 
«​ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​បងប្អូន​ជនរួមជាតិ​ដែល​បាន​ផ្ញើ​សារ និង​ការបញ្ចេញមតិ ជាពិសេស​នៅក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់ខ្ញុំ​ផ្ទាល់​តែម្តង ដែល​សុទ្ធតែជា​សារ និង​មតិ​ប្រកបដោយ​ខ្លឹមសារ​ចូលរួម​ស្ថាបនា​និង​កែលម្អ​» ។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ស ខេង​។​
 
​ជាមួយគ្នានេះ រដ្ឋមន្ត្រី​មហាផ្ទៃ ក៏​ឆ្លៀត​ក្រើនរំឭក​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវតែ​បន្ត​ការគោរព​ក្រមសីលធម៌​វិជ្ជាជីវៈ និង​វិន័យ​ឱ្យបាន​ខ្ជាប់ខ្ជួន ក្នុងការ​អនុវត្ត​តួនាទី​ភារកិច្ច ។ ជាពិសេស​ត្រូវ​កាត់បន្ថយ ឬ​លប់បំបាត់​នូវ​បាតុភាព​អវិជ្ជមាន​ផ្សេងៗ ដើម្បី​បម្រើ​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ ។​
 
​គ្រោះថ្នាក់​ចរាចរណ៍ នៅក្នុង​រយៈពេល​១​ឆមាស​ឆ្នាំ​២០២០​នេះ មាន​ចំនួន​១,៦១៩​ករណី​ថយចុះ​៥៥២​ករណី ដែល​ស្មើ​២៥​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៩ ដែល​គ្រោះថ្នាក់​កើតឡើង​២,១៧១​លើក​។ ចំណែក​មនុស្ស​ស្លាប់​៨៦១​នាក់ លើ​១០៣៣​នាក់ ដោយ​ថយចុះ​១៧២​នាក់ ស្មើនឹង​១៧​ភាគរយ ខណៈ​អ្នករងរបួស ២,៤៤៩ លើ ៣,២២៧​នាក់ គឺ​ថយចុះ​៧៧៨​នាក់​ស្មើនឹង​២៤​ភាគរយ​៕
 

Tag:
 ​ស ខេង​
  ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com