សង្គមអន្តរជាតិ​
អន្តរជាតិ
ចូល​ធរមាន​ភ្លាម ប៉ូលិស​ហុងកុង ចាប់ខ្លួន​បុរស​ម្នាក់​ក្រោម​ច្បាប់​សន្តិសុខ​ជាតិ​
01, Jul 2020 , 5:39 pm        
រូបភាព
ប៉ូលិសហុងកុងត្រួតពិនិត្យបាតុករក្នុងការតវ៉ាថ្ងៃទី១ ខែកក្កដា។ រូបភាព AFP
ប៉ូលិសហុងកុងត្រួតពិនិត្យបាតុករក្នុងការតវ៉ាថ្ងៃទី១ ខែកក្កដា។ រូបភាព AFP
​បាតុកម្ម​បាន​ផ្ទុះឡើង​នៅ​ទីក្រុង​ហុងកុង​នៅ​ថ្ងៃទី​១ ខែកក្កដា ដើម្បី​រំឭក​ដល់​ថ្ងៃ​អង់គ្លេស​ប្រគល់​ហុងកុង​ឲ្យ​ចិន ក៏ដូចជា​តវ៉ា​នឹង​ច្បាប់​សន្តិសុខ​ជាតិ​ដែល​ត្រូវ​បានអនុម័ត​នៅមុននេះ​មួយថ្ងៃ​។ ប៉ូលិស​ហុងកុង​បាន​ប្រើ​កាណុង​បាញ់​ទឹក និង​ម្សៅ​ម្រេច​ដើម្បី​បំបែកហ្វូង​បាតុករ ដែល​ជួបជុំ​ដោយ​ខុសច្បាប់ ហើយក៏​ព្រមាន​ក្រុមបាតុករ​ផងដែរ​។ នៅ​ថ្ងៃ​ដដែល​នេះ បុរស​ម្នាក់​ក៏ត្រូវ​បាន​ចាប់ខ្លួន​ក្រោម​ច្បាប់​សន្តិសុខ​ជាតិ​ដែល​ទើប​ចូល​ជា​ធរមាន​។​

 
​ការជួបជុំ​នៅ​ហុងកុង​នៅ​ថ្ងៃទី​១ ខែកក្កដា ជា​ទម្លាប់​មួយ​ដើម្បី​រំឭក​ដល់​ការផ្ទេរសិទ្ធិ​គ្រប់​គ្រង់​ទីក្រុង​មួយ​នេះ​ពី​អង់គ្លេស​ទៅ​ចិន​កាលពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​១៩៩៧ ។ ប៉ុន្តែ​បាតុកម្ម​ពេលនេះ គឺជា​លើកទីមួយ​ក្រោយ​ការចូល​ធរមាន​ច្បា​ប់ស​ន្តិ​សុខ​ជាតិ​ដែល​ទីក្រុង​ប៉េកាំង​តាក់តែងឡើង​សម្រាប់​អនុវត្ត​នៅ​ហុងកុង​។ 
 
​មិនយូរប៉ុន្មាន​ក្រោយ​ការចូល​ធរមាន​របស់​ច្បាប់​ដ៏​ចម្រូងចម្រាស និង​រង​ការរិះគន់​យ៉ាងខ្លាំង ប៉ូលិស​ហុងកុង ក៏បាន​ចាប់ខ្លួន​បុរស​ម្នាក់​ក្រោម​ច្បាប់​នេះ ដែល​នេះ​ករណី​ដំបូង​បំផុត​។ ប៉ូលិស​ហុងកុង​បាន​សរសេរ​ក្នុង Twitter របស់ខ្លួន​ថា​៖ «​បុរស​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ព្រោះ​កាន់​ទង់​ឯករាជ្យ​របស់​ហុងកុង​នៅ​តំបន់ Causeway Bay របស់​ហុងកុង ដែល​នេះ​ជា​ការបំពានច្បាប់​សន្តិសុខ​ជាតិ​។​»
 
 
 
​ដោយ​ផ្អែក​ទៅតាម​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង បទល្មើស​ត្រូវបាន​បែង​ចែកជា​បួន​ធំៗ គឺ​វិទ្ធង្សនា​ប្រឆាំង​អំណាច​រដ្ឋ ការធ្វើ​អបគមន៍ សកម្មភាព​ភេរវកម្ម និង​ការ​សមគំនិត​ជាមួយ​បរទេស​ដែល​បណ្តាល​ឲ្យ​មានការ​បំផ្លាញ​ដល់​សន្តិសុខ​ជាតិ​នៅ​ហុងកុង​។ រាល់​ជនល្មើស​នៃ​បទល្មើស​ខាងលើនេះ នឹងត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​រហូតដល់ ១​ជីវិត ឬ​ច្រើនជាង ១០​ឆ្នាំ ឬ​តិចជាង ៣​ឆ្នាំ ដោយ​ផ្អែកទៅលើ​ស្ថាន​ទម្ងន់ទោស​នីមួយៗ​។​
 
​ដោយឡែក​ក្នុង​បាតុកម្ម​ដែល​ចូលរួម​ដោយ​មនុស្ស​រាប់ពាន់​វិញ ការប៉ះទង្គិច​រវាង​ប៉ូលិស និង​បាតុករ​ក៏​កើតមាន ដោយ​ប៉ូលិស​បាន​ប្រើប្រាស់​ឡាន​បាញ់​ទឹក ក៏ដូចជា​បាញ់​ម្សៅ​ម្រេច​ដើម្បី​បំបែក​ការប្រមូលផ្ដុំ​ខុសច្បាប់​។ បើតាម​កាសែត​ហុងកុង South China Morning Post មនុស្ស​យ៉ាងហោចណាស់​៧០​នាក់ ត្រូវបាន​ឃាត់ខ្លួន​គិត​ត្រឹម​រសៀល​ថ្ងៃទី​១ ខែកក្កដា ដោយ​ក្នុងនោះ​ក៏មាន​អ្នក​ជាប់​សង្ស័យថា បាន​បំពាន​ច្បាប់​ថ្មី​ផងដែរ​។ 
 
​ជាមួយគ្នានេះ ប៉ូលិស​ហុងកុង ក៏បាន​បញ្ចេញ​សារ​ព្រមាន​ទៅកាន់​បាតុករ​ដែល​ស្រែក​គាំទ្រ​ឯករាជ្យ​ផងដែរ​។ ការស្រែក​ច្រៀង ការបង្ហាញ​ផ្ទាំង​បដា ឬ​សកម្មភាព​ផ្សេងៗ​ជាមួយ​ចេតនា​ផ្ដាច់ខ្លួន ឬ​វិទ្ធង្សនា សុទ្ធតែ​អាចមាន​ទោស​ក្រោម​ច្បាប់​នេះ​។ នេះ​ជាការ​ព្រមាន​របស់​ប៉ូលិស​ទៅកាន់​បាតុករ​៕
 
 

Tag:
 ចិន​
  ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com