Leicester នៅតែ​បន្ត​ប្រកួត​ក្នុង​ដី ទោះ​ក្រុង​បិទ​ជាថ្មី ដោយសារ COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Leicester នៅតែ​បន្ត​ប្រកួត​ក្នុង​ដី ទោះ​ក្រុង​បិទ​ជាថ្មី ដោយសារ COVID-19
02, Jul 2020 , 8:29 am        
រូបភាព
​ក្រុម Leicester City នៅតែ​បន្ត​ការប្រកួត​ក្របខណ្ឌ Premier League របស់​ពួកគេ​ដោយ​សុវត្ថិភាព​នៅ​កីឡដ្ឋាន King Power បើ​ទោះ​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ប្រកាស​ឲ្យ​បិទ​ក្រុង Leicester ជាថ្មី​ក៏ដោយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្លិប តាមរយៈ​វេ​ប​សាយ​ផ្លូវការ​របស់​ពួកគេ​។​


​បើទោះជា​មានការ​ធានា​ពី​ក្លិប Leicester បែបនេះ​ក្តី តែ​ស្ថាប័ន​គ្រប់គ្រង​ការប្រកួត Premier League នៅតែមាន​ផែនការ​របស់ខ្លួន​រួចស្រេច ក្នុងករណី​ដែល​ក្រុម​រហស្សនាម​កញ្ជ្រោង​មួយ​នេះ​មិនអាច​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុងជំនួប​ជាមួយ Crystal Palace នៅ​ថ្ងៃ​យប់​ថ្ងៃទី​៤ ខែកក្កដា​ចុង​សប្តាហ៍​នេះ​។​
 
​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ចុងក្រោយ ក្រុង Leicester បាន​រាយការណ៍​ពី​ការកើនឡើង​ករណី​ឆ្លង​ជំងឺ COVID-19 ថ្មី​រហូតដល់ ៨៦៦​ករណី ដែល​ធ្វើ​ឲ្យ​តួលេខ​សរុប​ក្នុង​ក្រុង​នេះ​កើន​ដល់​ជាង ៣​ពាន់​ករណី​។ ដោយសារ​ការកើនឡើង​នេះ រដ្ឋាភិបាល​អង់គ្លេស បានសម្រេច​បិទ​ក្រុង Leicester ជា​លើក​ទី​ពីរ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​។​
 
​បើទោះជា​មានការ​បិទ​ក្រុង​ក្តី អ្នកនាំពាក្យ​ក្លិប Leicester បាន​ចេញមក​អះអាងថា នឹង​មិនមាន​គ្រោះថ្នាក់​អ្វី​ដល់​បុគ្គលិក​ក្លិប និង​ក្រុម​ដែល​ត្រូវ​មក​ប្រកួត​នៅ​ទឹកដី​របស់ខ្លួន​ឡើយ ដូច្នេះ​ការប្រកួត​លី​គ​កំពូល​នៅ King Power មិន​ប៉ះពាល់​អ្វី​នោះទេ​។​
 
​យ៉ាងណាក៏ដោយ បើទោះជា​មានការ​ធានា​ពី​សំណាក់​ក្លិប Leicester បែបនេះ ប៉ុន្តែ​លោក Richard Masters នាយក​ប្រតិបត្តិ​ក្របខណ្ឌ Premier League បានបង្ហាញ​ក្តីបារម្ភ ដោយ​លើកឡើងថា ការប្រកួត​នេះ​អាច​ត្រូវ​ផ្លាស់ប្តូរ ឬ​ពន្យារពេល​ទៅ​ថ្ងៃក្រោយ ប្រសិនបើ​ចាំបាច់​។​
 
Leicester បច្ចុប្បន្ន​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៣ ក្នុង​តារាង​លី​គ​កំពូល​អង់គ្លេស ដោយ​រកបាន​៥៥​ពិន្ទុ ពី​ការប្រកួត​៣១​លើក​។ ម្ចាស់​ជើងឯក Premier League រដូវ​កាល ២០១៥-១៦ នេះ ត្រូវធ្វើ​ដំណើរ​ទៅ​ជួប Everton សម្រាប់​ជំនួប​សប្តាហ៍​ទី​៣២ នៅ​រាត្រី​ថ្ងៃទី​១ ខែកក្កដា​នេះ មុន​ទទួលភ្ញៀវ Crystal Palace នៅ​៣​ថ្ងៃ​បន្ទាប់​៕

Tag:
 Leicester City
  Premier League
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com