អត្ថបទពាណិជ្ជកម្ម
ការជួប​សំណេះសំណាល រវាង​គណៈកម្មការ​កិច្ចការ​សង្គមសាលា​ACE និង​ថ្នាក់ដឹកនាំ​ខេត្តមណ្ឌលគិរី ពី​កម្មវិធី​សប្បុរសធម៌​
02, Jul 2020 , 12:01 pm        
រូបភាព
​នៅ​ថ្ងៃ​ចន្ទ ទី​២៩ ខែមិថុនា ឆ្នាំ​២០២០ គណៈកម្មការ​កិច្ចការ​សង្គម របស់​មជ្ឈមណ្ឌល​អូស្ត្រាលី​សំរាប់​ការបណ្តុះបណ្តាល (​សាលា ACE)  ដែល​ដឹកនាំ​ដោយ​លោក ម៉ៅ ស្រេង អគ្គនាយក​ស្ថាប័ន IDP និង​សាលា ACE បាន​ជួប​សំណេះសំណាល ជាមួយ លោក ឈឹម កាន អភិបាលរង​ខេត្តមណ្ឌលគិរី ដើម្បី​ពិភាក្សា​ពី​គម្រោង​ប្រារព្ធ​កម្មវិធី រត់​ដើម្បី​បរិស្ថាន (ACE Annual Fun Run for the Environment) នៅ​ខេត្តមណ្ឌលគិរី នៅ​ចុងខែ​ធ្នូ ឆ្នាំ​២០២០​នេះ​។ កម្មវិធី​ដែល​ធ្វើ​ឡើងជា​រៀងរាល់​ឆ្នាំនេះ សង្ឃឹមថា អាចធ្វើ​ទៅបាន​ដោយ​ជោគជ័យ ដោយមាន​វិធានការ​ទាក់ទង​នឹង​ការការពារ​ជំងឺ​កូ​វីដ​-១៩ អាស្រ័យទៅលើ​ស្ថានភាព​ជាក់ស្តែង នៃ​ជំងឺ​រាតត្បាត​នេះ​នៅពេលនោះ តាម​ការណែនាំ​របស់​ម​ន្ទីរ​សុខាភិបាល​ខេត្ត ក៏ដូចជា​ក្រសួងសុខាភិបាល​។​
 
​នៅ​ក្នុងការ​សំណេះសំណាល​នេះ ក៏មាន​វត្តមាន និង​ការចូលរួម​យោបល់ សំដៅ​ជំរុញ​ឲ្យ​កម្មវិធី​សប្បុរសធម៌​នេះ ទទួលបាន​ជោគជ័យ​ដូច​ឆ្នាំមុនៗ ពី​ថ្នាក់ដឹកនាំ​មន្ទីរ​ពាក់ព័ន្ធ ដូចជា មន្ទីរ​បរិស្ថាន សុខាភិបាល ទេសចរណ៍ រដ្ឋបាល​ព្រៃឈើ មន្ទីរអប់រំ យុវជន និង កីឡា និង សាលាក្រុង​សែន​មនោ​រម្យ​។​
 
​គួរបញ្ជាក់​ផងដែរ​ថា សាលា ACE ត្រូវបាន​បង្កើតឡើង​ដោយ ស្ថាប័ន IDP Education និង ផ្តល់នូវ​ការបណ្តុះបណ្តាល​ភាសា​អង់គ្លេស ដែលមាន​គុណភាព​ក្នុងប្រទេស​កម្ពុជា តាំងពី​ឆ្នាំ​១៩៩២​។  ស្ថាប័ន IDP Education ត្រូវបាន​បង្កើតឡើង​ដោយ​រដ្ឋាភិបាល​អូស្ត្រាលី នៅ​ឆ្នាំ ១៩៦៩ ហើយ​បច្ចុប្បន្ន​មាន​ការិយាល័យ​ជាង​១០០ នៅក្នុង​ជាង​៣០​ប្រទេស ទូទាំង​ពិភពលោក​។ ជា​រៀងរាល់ឆ្នាំ សិស្ស និ​សិ​ត្ស អាណាព្យាបាល និង បុគ្គលិក​សាលា ACE រៀបចំ​កម្មវិធី​សប្បុរសធម៌​នានា ដែលជា​ផ្នែក​មួយ​នៃ​កិច្ចការ​សង្គម​របស់​សាលា ដោយ​ផ្តោតលើ​វិស័យ​អប់រំ សុខាភិបាល និង​អនាម័យ បរិស្ថាន និង គ្រោះមហន្តរាយ​។ 
 


​គណៈកម្មការ​សង្គមសាលា ACE ជួប​សំណេះសំណាល​ជាមួយ​រដ្ឋបាល ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ទីរ​ពាក់ព័ន្ធ​ខេត្តមណ្ឌលគិរី​
 
​ចាប់តាំងពី​ឆ្នាំ​២០១៦​មក កម្មវិធី រត់​ដើម្បី​បរិស្ថាន ត្រូវបាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ ដោយ​គណៈកម្មការ​កិច្ចការ​សង្គមសាលា ACE ដោយមាន​ការគាំទ្រ និង​ចូលរួម​រៀបចំ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួងបរិស្ថាន រដ្ឋបាលខេត្ត​ក្រុង និង​ស្ថាប័ន​ពាក់ព័ន្ធ​ដោយមាន​អ្នកចូលរួម​ប្រហែល ២០០០​នាក់​ក្នុង​មួយឆ្នាំៗ ចូលរួម​គ្នា​បង្កើន​ចំណេះដឹង និង​សារៈសំខាន់​នៃ​អនាម័យ​ផ្ទាល់ខ្លួន កីឡា និង​បរិស្ថាន​។ ថវិកា​ដែល​ទទួលបាន​ពី​ការចូលរួម គឺ​យកទៅ​ប្រើប្រាស់​ទាំងស្រុង ក្នុង​កិច្ចការ​សប្បុរសធម៌​នានា ដូចជា​ការបរិច្ចាគ​ថវិកា​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ ការបរិច្ចាគ​ធុងសំរាម និង​ការសង់​បង្គន់​អនាម័យ ជូន​សាលា​តាម​បណ្តា​ខេត្ត​។​
 
​តាំង​នាម​ឲ្យ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី លោក​អភិបាលរង ឈឹម កាន បាន​សំដែង​ក្តី​សោមនស្ស និង​ការគាំទ្រ ខណៈ​កម្មវិធី​ដ៏​សំខាន់​នេះ កាន់តែ​ជួយ​ជំរុញ​ឲ្យ​មានការ​ស្រលាញ់ និង​ថែរក្សា​បរិស្ថាន​ក្នុង​ស្រទាប់​យុវវ័យ និង​ប្រជាពលរដ្ឋ​ទូទៅ​។ លោក​ក៏បាន​ស្តាប់​នូវ​យោបល់​នានា ក្នុង​អង្គប្រជុំ និង​ផ្តាំផ្ញើ​ដល់​មន្ទីរ និង​ស្ថាប័ន​នានា​ចំណុះ​ឲ្យ​ខេត្ត បន្ត​ពិភាក្សា​លើ​ការរៀបចំ​កម្មវិធី​នេះ ជាមួយ​ក្រុមការងារ​សាលា ACE​ជា​បន្តទៀត​។ 
 
​លោក ម៉ៅ ស្រេង បាន​ថ្លែងអំណរគុណ​ចំពោះ​ការគាំទ្រ និង​ចូលរួម របស់​អាជ្ញាធរខេត្ត ហើយ​លោក​សង្ឃឹមថា កម្មវិធី​នេះ ក៏​នឹង​ជួយ​ឲ្យ​មាន​អ្នកទេសចរ កាន់តែច្រើន​ចាប់អារម្មណ៍​ទៅ​កម្សាន្ត នៅ​ខេត្តមណ្ឌលគិរី ដែលមាន​ទេសភាព អាកាសធាតុ និង​ធម្មជាតិ​ដ៏​ស្រស់ត្រកាល​នេះ​ផងដែរ​។​
 
​លោកស្រី ជា ចិន្តា​មុនី និង​កញ្ញា ម៉ម ជូ​លី​ណា ដែល​តំណាង​ឲ្យ​គណៈកម្មការ​កិច្ចការ​សង្គម​បាន​លើកឡើងថា​៖«​ពួកយើង​រំពឹងទុក នូវ​ការចូលរួម​យ៉ាងសកម្ម ពី​សំណាក់​បងប្អូន​ប្រជាជន ដូច​ពី​ឆ្នាំមុនៗ​ដែរ ហើយ​សង្ឃឹមថា ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នឹងមាន​ភាពប្រសើរឡើង តាមរយៈ​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​ទាំងឡាយ របស់​រាជរដ្ឋាភិបាល និង​ការការពារ​ខ្លួន​ដោយ​ខ្ជាប់ខ្ជួន​របស់​យើង​គ្រប់ៗ​គ្នា​»​។ 
 
​សម្រាប់​ព័ត៌មាន​ថ្មីៗ​អំពី​កម្មវិធី​សប្បុរសធម៌​របស់​សាលា ACE៖ www.facebook.com/acecharitycambodia/
 
 


​កម្មវិធី​រត់​ដើម្បី​បរិស្ថាន​លើក​ទី​២ ឆ្នាំ​២០១៧ នៅ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដែលមាន​អ្នកចូលរួម​ជាង ២០០០​នាក់​


​កម្មវិធី​រត់​ដើម្បី​បរិស្ថាន​លើក​ទី​៣ ក្នុង​ឆ្នាំ​២០១៨ នៅ​កោះ​ពេជ្រ​ដែលមាន​អ្នកចូលរួម​ជាង​២០០០​នាក់​
 


​កម្មវិធី​រត់​ដើម្បី​បរិស្ថាន​លើក​ទី​៤ ក្នុង​ឆ្នាំ​២០១៩ នៅ​ក្រុង​បាត់ដំបង ដែលមាន​អ្នកចូលរួម​ជាង​២៥០០​នាក់​
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 ACE
© រក្សាសិទ្ធិដោយ thmeythmey.com