ជាតិ
អាមេរិក នឹង​បន្ត​ទ្រទ្រង់​ដោយ​ឥត​ងាករេ លើ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​
02, Jul 2020 , 7:29 pm        
រូបភាព
​ភ្នំពេញ ៖ រដ្ឋាភិបាល​អាមេរិក នឹង​បន្ត​ទ្រទ្រង់​លើ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្រៅពី​វិស័យ​សំខាន់ៗ​ជា​អទិភាព​ផ្សេងទៀត​។ ឯកអគ្គរដ្ឋទូត​អាមេរិក លោក W. Patrick Murphy ថ្លែង​បែបនេះ សម្រាប់​ពិធី​អបអរ​ទិវា​ឯករាជ្យ​លើក​ទី​២៤៤​របស់​អាមេរិក ថ្ងៃទី​៤ កក្កដា ឆ្នាំ​២០២០​។​


​លោក W. Patrick Murphy បាន​បញ្ជាក់ថា នៅ​ឆ្នាំ​២០២០​នេះ អាមេរិក​ផ្ដោតលើ​កិច្ចសហការ​យូរអង្វែង​ជាមួយ​កម្ពុជា លើ​វិស័យ​កសិកម្ម យុវជន អប់រំ ពាណិជ្ជកម្ម ដោះមីន សមភាព​យែ​ន​ឌឺរ ជាពិសេស​គឺ​ការ​ទ្រទ្រង់​ឥត​ងាករេ ចំពោះ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​។​

«​កម្ពុជា​ក៏​ត្រូវការ​ការកែលម្អ​ថែមទៀត​ដែរ​។ ក្តីសង្ឃឹម​របស់​យើង​គឺថា កម្ពុជា​ដែលមាន​វិបុលភាព ឯករាជ្យ និង​លទ្ធិប្រជាធិបតេយ្យ មាន​ភាំ​ព​ល្អ​សម្រាប់​តំបន់ ពិភពលោក និង​មិត្តភាព​យូរអង្វែង​របស់​យើង​»​។ នេះ​ជាការ​លើកឡើង​របស់​ឯក​អគ្គរដ្ឋទូត​អាមេរិក​។​
 
​លោក​ទូត​រូបនេះ ក៏បាន​លើក​ពី​លទ្ធផល​វិជ្ជមាន ដែល​កម្ពុជា​ទទួលបាន ក្រោយពី​បញ្ចប់សង្គ្រាម ដូចជា គណនេយ្យភាព ការអភិវឌ្ឍ អាហារូបត្ថម្ភ សមាហរណកម្ម​តំបន់ ពាណិជ្ជកម្ម ជាពិសេស​ភាពជោគជ័យ​នៃ​ការប្រឆាំង​ជំងឺ​កូ​វីដ​-១៩ តាមរយៈ​ការជួយ​គាំទ្រ​របស់​អាមេរិក​ដែរ ។ បើតាម​លោក W. Patrick Murphy អាមេរិក បានផ្ដល់​ប្រាក់​ចំនួន​១១​លាន​ដុល្លារ សម្រាប់​ការឆ្លើយតប​របស់​កម្ពុ​ជា ចំពោះ​ជំងឺ​កូ​វីដ​-១៩ និង​សម្រាប់​ជួយ​ដល់​ការស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​។​
 
​លោក ប៉ាន សូរ​សក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ចាត់ទុក​ជំនួយ​គាំទ្រ​របស់​អាមេរិក​នេះ មាន​សារសំខាន់​ចំពោះ​ការអភិវឌ្ឍ​វិស័យ​អប់រំ និង​សង្គម ជាពិសេស​សង្គម​ស៊ីវិល ដែល​ធ្វើ​កំពុងធ្វើការ​ងារ​លើ​វិស័យ​ទាំងនេះ​។ «​ការគាំទ្រ​របស់​អាមេរិក​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​រឿង​រសើប ដូចជា សិទ្ធិមនុស្ស តម្លាភាព និង​គណនេយ្យភាព​សង្គម គឺ​សុទ្ធតែ​បាន​ជួយ​បំពេញបន្ថែម​ដល់​ការអនុវត្ត និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​លើកកម្ពស់​កា​រ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិ​យាប​ន្ន​»​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ក្រសួងពាណិជ្ជកម្ម​។​
 
​កិច្ចសហការ និង​ការជួយ​គ្នា វា​តែងតែមាន​ផលប្រយោជន៍​ទៅវិញទៅមក​។ សហរដ្ឋអាមេរិក ក៏​ទទួលបាន​ផលប្រយោជន៍​ផងដែរ ពី​ជំនួយ​របស់​កម្ពុជា ក្នុងការ​រុករក​ទាហាន​អាមេរិក​បាត់​ខ្លួន​នៅក្នុង​សង្គ្រាម​ឥណ្ឌូចិន និង​ការរួមចំណែក​របស់​ក​ម្ពុ​ជា ចំពោះ​ការថែរក្សា​សន្តិសុខ​ក្រោម​ឆ័​ត្រ​នៃ​អង្គការសហប្រជាជាតិ​។ 
 
​ឯកអគ្គរដ្ឋទូត​អាមេរិក បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​សង្ឃឹមថា យើង​អាច​បន្ត​ជួយ​កម្ពុជា​ទទួលបាន​ជោគជ័យ​ថែមទៀត ដូចជា​ក្នុង​ផ្នែក​អភិបាលកិច្ច នីតិរដ្ឋ​ដែល​ក្នុងនោះ​សំឡេង​ទាំងអស់​ត្រូវបាន​គេ​ស្ដាប់​។ ដូច​កាលពី​៧០​ឆ្នាំមុន​ដែរ ប្រជាជន​អាមេរិក​មានការ​ប្ដេជ្ញា​ក្នុងការ​ចង់ឱ្យ​កម្ពុ​ជាមាន​ប្រជាជន ដែលមាន​សុខភាព​ល្អ មាន​វិបុលភាព និង​ឯករាជ្យ​»​។ 
 
​បើតាម​លោក​ទូត ចាប់ពី​ឆ្នាំ​១៩៥០​មក សហរដ្ឋអាមេរិក​បាន​ចូលរួម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ស្ទើរ​គ្រប់​វិស័យ រាប់​ចាប់ពី​វិស័យ​ពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ បរិស្ថាន កសិកម្ម សុខភាព​សាធារណ សិទ្ធិមនុស្ស និង​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​៤​ជាដើម​។ តាម​ការបញ្ជាក់​ពី​លោក​ទូត មកដល់​បច្ចុប្បន្ន រដ្ឋាភិបាល​សហរដ្ឋអាមេរិក បាន​ផ្តល់ជំនួយ​ដល់​កម្ពុ​ជាមាន​ទឹកប្រាក់​ប្រមាណ​ជាង ២​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕

Tag:
 អាមេរិក​
  ការទូត
© រក្សាសិទ្ធិដោយ thmeythmey.com