COVID-19
អន្តរជាតិ
លោក ប្រា​យុទ្ធ រង​ព្យុះ​រិះគន់​រឿង​ត្រៀម​ទិញ​សព្វាវុធ​ថ្មី​អំឡុង​វិបត្តិ COVID-19
02, Jul 2020 , 5:13 pm        
រូបភាព
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា ថ្លែងក្នុងសភា (សារព័ត៌មាន Khoasod ថៃ)
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា ថ្លែងក្នុងសភា (សារព័ត៌មាន Khoasod ថៃ)
ដោយ:
​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា ថ្លែង​ការពារ​ការសម្រេចចិត្ត​ដាក់​ប​ញ្ជូ​ល​គម្រោង​ទិញ​សព្វាវុធ​ថ្មី​ក្នុង​សេចក្តីព្រាងច្បាប់​ស្តីពី​កញ្ចប់​ថវិកាជាតិ​ឆ្នាំ​២០២១ ក្រោយ​រង​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​បក្សប្រឆាំង​ក្នុង សភា នៅ​ថ្ងៃទី​១ ខែកក្កដា​។

 
​កាសែត​ថៃ បាងកក​ប៉ុស្តិ៍ នៅ​ថ្ងៃទី​២ ខែមិថុនា បាន​ចុះផ្សាយ​ថា សមាជិក​បក្សប្រឆាំង បាន​តស៊ូ​មតិ​ជុំវិញ​រឿង​ថា តើ​ក្រសួង​ការពារ​គួរ​ទទួល​កញ្ចប់​ថវិកា​ជាង​៧​ពាន់​លាន​ដុល្លារ​ឬ​យ៉ាងណា​? លុយ​នេះ​គឺជា​ផ្នែក​មួយ​នៃ​កញ្ចប់​ថវិកាជាតិ​ឆ្នាំ​២០២១ ដែល​ដាក់​ស្នើ​ដោយ​រដ្ឋាភិបាល ហើយ​ស្មើនឹង​១០៦​ពាន់​លាន​ដុល្លារ​។ 
 
​ត្រង់ចំណុច​នេះ មេបក្ស​ប្រឆាំង ភឿ​ថៃ លោក Sompong Amornwiwat ចង់​ឲ្យ​យោធា​បញ្ឈប់​គម្រោង​ទិញ​សព្វាវុធ រួមមាន​នាវាមុជទឹក​ផង​នោះ ដោយ​អះអាងថា កញ្ចប់​ថវិកាជាតិ គួរ​កាត់បន្ថយ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​របស់​ប្រទេស ហើយ​ផែន​ការបន្ត​ដទៃទៀត​ក្នុង​បរិបទ​ក្រោយ COVID-19 ។​
 
​យ៉ាងណាមិញ នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា ប្រកាស​ជំហរ​យ៉ាង​ដូច្នេះ​ថា​៖«​បេសកកម្ម​យើង​គឺ​ការពារ​អធិបតេយ្យភាព​របស់​ប្រទេស នៅតាម​ព្រំដែន ហើយ​យើង​ត្រូវ​ត្រៀមខ្លួន​ជានិច្ច​សម្រាប់​ការប៉ះទង្គិច​ឬ​ការប្រយុទ្ធ​គ្នា​ថ្មី បើទោះជា​វា​នឹង​កើតឡើង​ឬ​អត់​ក៏ដោយ​»​។​
 
​បើតាម​បាងកក​ប៉ុស្តិ៍ អតីត​មេដឹកនាំ​របប​សឹក​រូបនេះ បញ្ជាក់ទៀតថា អាវុធ​ប្រមាណ​៨០-៩០​ភាគរយ​ដែល​យោធា​មាន​បច្ចុប្បន្ន គឺ​សុទ្ធតែ​ចាស់ៗ ហើយ​ត្រូវ​ការទិញ​ថ្មី​មក​ជំនួស​។ លោក​សង្កត់ធ្ងន់ថា​៖«​ធ្វើ​ដូច្នេះ នឹង​បន្ថយ​ការចំណាយ​ខ្ពស់​លើ​ការថែទាំ​ជួសជុល​»​។​
 
​បន្ថែម​ពី​ការឆ្លើយតប​នឹង​ពាក្យរិះគន់ លោក ប្រា​យុទ្ធ បាន​ទទូច​ឲ្យ​បក្សប្រឆាំង​ថៃ​ដាក់សំណើ​លម្អិត​លើ​ចំណុច​ដែល​គួរ​កែលម្អ​ក្នុង​សេចក្តីព្រាងច្បាប់​កញ្ចប់​ថ​វិកា​ឆ្នាំ​២០២១ ដើម្បី​ឲ្យ​រដ្ឋាភិបាល​យកទៅ​ពិចារណា​។ នាយករដ្ឋមន្ត្រី​ថែមទាំង​ថ្លែង​ការពារ​លើ​ការសម្រេចចិត្ត​របស់រ​ដ្ឋា​ភិ​បាល​ក្នុង​ការបន្ត​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ដោយ​អះអាងថា ពលរដ្ឋ​ថៃ​ភាគច្រើន​គ្មាន​បញ្ហា​ជាមួយ​វិធានការ​ទប់ស្កាត់ COVID-19 នេះ​។ 
 
​រដ្ឋាភិបាល​ថៃ កាលពី​ចុងខែ​មិថុនា បានសម្រេច​ពន្យារពេល​ដាក់​ប្រទេស ក្នុងស្ថានភាព​អាសន្ន រហូតដល់​ដំណាច់ខែ​កក្កដា ប៉ុន្តែ​មានការ​បន្ធូរបន្ថយ​ច្រើន​នៅក្នុង​ប្រទេស​ដូចជា សាលារៀន វិទ្យាស្ថាន​អប់រំ កន្លែង​កម្សាន្ត​ផ្សេងៗ​ជាដើម​៕ 

Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា​
 ​ការពារជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com