COVID-19
អន្តរជាតិ
នាយករដ្ឋមន្ត្រី​បារាំង Edouard Philippe លាលែង​ដើម្បី​ត្រួសត្រាយ​ផ្លូវ​ដល់​ការរុះរើ​គណៈរដ្ឋមន្ត្រី​
03, Jul 2020 , 3:42 pm        
រូបភាព
លោកនាយករដ្ឋមន្រ្តីបារាំងលោក Edouard Philippe។ រូបភាព៖ AP
លោកនាយករដ្ឋមន្រ្តីបារាំងលោក Edouard Philippe។ រូបភាព៖ AP
​នាយករដ្ឋមន្ត្រី​បារាំង លោក Edouard Philippe បាន​លាលែង​ពី​តំណែង​។ នេះ​បើតាម​ការបញ្ជាក់​របស់​វិមាន​ប្រធានាធិបតី​បារាំង Elysee Palace នៅ​ថ្ងៃទី​៣ ខែកក្កដា​។ ការចាកចេញ​ពី​តំណែង​របស់លោក Philippe ជាការ​ត្រួសត្រាយ​ផ្លូវ​ដ​ល់​ការរុះរើ​គណៈរដ្ឋមន្ត្រី​នាពេល​ឆាប់ៗ​ខាងមុខ និង​បន្ទាប់ពី​លោក​បាន​ជាប់ឆ្នោត ជា​អភិបាលក្រុង​មួយ​របស់​បារាំង ។


​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​វិមាន​ប្រធានាធិបតី​បារាំង នាយករដ្ឋមន្ត្រី​បារាំង លោក Edouard Philippe និង​សមាជិក​រដ្ឋាភិបាល​រប​ស់លោក បានដាក់​ពាក្យ​លាលែង​ពី​តំណែង​។ ប្រធានាធិបតី អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បាន​ទទួលយក​ការសុំ​លាលែង​នេះ​។ វិមាន Elysee បន្តថា គណៈរដ្ឋមន្ត្រី​ថ្មី​នឹងត្រូវ​ប្រកាស​នៅពេល​ខ្លី​ខាងមុខ​។​
 
​គណៈរដ្ឋមន្ត្រី​ចាស់​នេះ នៅតែ​ទទួលបន្ទុក​កិច្ច​រដ្ឋាភិបាល​ដដែល រហូតដល់​គណៈរដ្ឋមន្ត្រី​ថ្មី​ចូលកាន់​តំណែង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន CNBC​។ 
 
​ការលាលែង​ចេញពី​តំណែង​របស់​នាយករដ្ឋមន្ត្រី​បារាំង​នៅពេលនេះ ធ្វើឡើង​បន្ទាប់ពី​មាន​ពាក្យ​ចចាមអារ៉ាម​ថា ប្រធានាធិបតី​បារាំង កំពុង​រៀបចំ​រុះរើ​គណៈរដ្ឋមន្ត្រី ដើម្បី​ផ្តល់​សំខាន់​លើ​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ បន្ទាប់ពី COVID-19 ។ រដ្ឋាភិបាល​បារាំង ក៏​កំពុង​រង​ការរិះគន់​លើ​ការគ្រប់គ្រង COVID-19 ផងដែរ​។ 
 
​នា​ថ្ងៃទី​២៨ ខែមិថុនា កន្លងទៅ លោក Philippe បាន​ជាប់ឆ្នោត ជា​អភិបាលក្រុង La Havre ក្រុង​កំពង់ផែ​មួយ​នៅ​ភាគ​ខាងជើង​របស់​បារាំង​។ 

Tag:
 ​បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com