COVID-19
ជាតិ
អ្នកនាំពាក្យ៖ សប្តាហ៍ក្រោយ ក្រសួងអប់រំ នឹងជូនដំណឹងពីការបើកសាលាឡើងវិញ ក្នុងដំណាក់កាលទី១
03, Jul 2020 , 5:15 pm        
រូបភាព
ដោយ:
តាមរយៈបណ្តាញទំនាក់ទំនងតេឡេក្រាម នារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ លោក រស់ សុវាចា ប្រាប់សារព័ត៌មានថ្មីៗថា នៅសប្តាហ៍ក្រោយ ក្រសួងអប់រំ នឹងជូនដំណឹងលម្អិតពីការបើកសាលារៀនឡើងវិញ ក្នុងដំណាក់កាលទី១។ ប៉ុន្តែ លោក មិនទាន់អាចបញ្ជាក់ឲ្យជាក់លាក់ ថា ក្រសួង នឹងជូនដំណឹងនេះ នៅថ្ងៃណានោះទេ។



អ្នកនាំពាក្យ បំភ្លឺទៀតថា នៅសប្តាហ៍ក្រោយ គឺគ្រាន់តែជូនដំណឹងប៉ុណ្ណោះ តែមិនមែនមានន័យថា ក្រសួង បើកសាលាវិញនោះទេ។ ម្យ៉ាងទៀត ការបើកសាលារៀនឡើងវិញ ក្នុងដំណាក់កាលទី១នេះ នៅពេលណា លោក ក៏ពុំបានបញ្ជាក់ដែរ។

យ៉ាងណា ទូរទស្សន៍ CNC បានស្រង់សម្តីរបស់អ្នកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ អគ្គនាយករដ្ឋបាល-ហិរញ្ញវត្ថុ​ នៃក្រសួងសុខាភិបាល​ អះអាង ក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី៣ ខែកក្កដានេះថា  ក្រសួងសុខាភិបាល និងក្រសួងអប់រំ បានឯកភាពគ្នាអនុញាតឲ្យបើកសាលារៀនជាបណ្តើរៗឡើងវិញ នៅក្នុងខែសីហា ឆ្នាំ២០២០។ 

CNC សរសេរពីសម្តីរបស់អ្នកស្រីទៀតថា  ជាជំហានដំបូង ក្រសួង នឹងបើកសាកល្បងសាលាអន្តជាតិ១៥ ដែលមានស្តង់ដារខ្ពស់ ដូចជា សាលាភាសាជប៉ុន អង់គ្លេស និង បារាំង ជាដើម ដោយមានសិស្សប្រមាណ២ម៉ឺននាក់។ យោងតាម CNC អ្នកស្រី មានប្រសាសន៍ថា មុននឹងបើកដំណើរការ សាលានីមួយៗ ត្រូវដាក់ពាក្យស្នើសុំ ទៅក្រសួង ដើម្បីឲ្យក្រុមការងារក្រសួង ចុះទៅវាយតម្លៃ និងពិនិត្យមើលជាមុនសិន។ 

បើតាមអ្នកនាំពាក្យ ការបើកសាលារៀនទាំងអស់ឡើងវិញ ត្រូវបានក្រសួងអប់រំ បែងចែកជា៣ដំណាក់កាល គឺ ដំណាក់កាលទី១ សាលារៀន មានស្តង់ដាសុវត្ថិភាពខ្ពស់ ដំណាក់កាលទី២ សាលារៀន មានស្តង់ដាមធ្យម និង ដំណាក់កាលទី៣ សាលារៀនមានស្តង់ដាអប្បបរមា។ លោក អះអាងថា ការកំណត់នេះ គឺផ្អែកតាមអនុសាសសន៍របស់ប្រមខុរដ្ឋាភិបាល។

លោក ពន្យល់ថា សម្រាប់ដំណាក់កាលទី១ ក្រសួងអប់រំ កំពុងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច ដោយពិភាក្សាលើវិធានការសុខុមាលភាព និងកត្តាសង្គម-សេដ្ឋកិច្ច។ លោក បន្តថា នាពេលខាងមុខនេះ ក្រសួងអប់រំ នឹងជម្រាបសាធារណជនពីកាលបរិច្ឆេទ និង វិធានការចាំបាច់នានា សម្រាប់ដំណាក់កាលទី១។

ចំណែកឯ ដំណាក់កាលទី២ និងដំណាក់កាលទី៣ ចំណុះឲ្យដំណាក់កាលទី១។ នេះបើតាមសាររបស់អ្នកនាំពាក្យដដែល ដោយលោក បញ្ជាក់ដូច្នេះថា៖«ក្រសួងអប់រំ នឹងពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់លើដំណាក់កាលទី១ រួចនឹងបន្តពិនិត្យករណីដំណាក់កាលទី២ និងដំណាក់កាលទី៣ យោងលើផែនការដែលក្រសួងបានរៀបចំជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ»។

មកដល់ពេលនេះ កម្ពុជា បិទសាលានៅទូទាំងប្រទេស ជាង៣ខែហើយ។ ចំណែកអាជីវកម្មផ្សេងៗ ដូចជា ក្លិប ខារ៉ាអូខេ ប៊ីហ្កាឌិន រោងកុន កន្លែងម៉ាស្សា និង កន្លែងហាត់ប្រាណ ជាដើម។ ទើបនឹងថ្ងៃនេះ (៣កក្កដា) ប្រមុខរដ្ឋាភិបាល ប្រកាសអនុញ្ញាតឲ្យកាស៊ីណូ បើកដំណើរឡើងវិញ។ 

កម្ពុជា ត្រូវគេ វាយតម្លៃថា ស្ថានការណ៍ជំងឺកូវីដ-១៩ មានភាពធូរស្រាល ក្រោយអ្នកជំងឺ ត្រូវបានព្យាបាលឲ្យជាសះស្បើយជាបន្តបន្ទាប់ ហើយករណីឆ្លងថ្មី មិនសូវកើតឡើង។ ទោះជាយ៉ាងនេះក្តី រដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល នៅតែដាស់តឿនជាញយៗ ឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្ននឹងរលកទី២នៃជំងឺកូវីដ-១៩៕

© រក្សាសិទ្ធិដោយ thmeythmey.com