អន្តរជាតិ
បក្ស​កាន់អំណាច​មី​យ៉ាន់​ម៉ា សារភាពថា មិនបាន​បំពេញ​ពាក្យសន្យា​ក្នុងការ​បង្កើត​សន្តិភាព​ពេញលេញ
05, Jul 2020 , 8:29 am        
រូបភាព
ដោយ:
​គណបក្សកាន់អំណាច​ស​ម្ព័​ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ ដែល​បច្ចុប្បន្ន​កំពុងតែ​ក្តោប​ក្តាប់​អំណាចរដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បានទទួល​ស្គាល់​អំពី​ផល​លំបាក និង​បរាជ័យ​ក្នុង​ការកសាង​សន្តិភាព​ឲ្យ​បាន​ពេញលេញ​សម្រាប់​ប្រជាជន ក៏ដូចជា​ការកែប្រែ​រដ្ឋ​ធម្មនុញ្ញ ដែលជា​ប់ក​ង្អែ​ល​យោធា​។ បក្ស​កាន់អំណាច សន្យា​ធ្វើ​ឲ្យ​កាន់តែ​ល្អប្រសើរ ប្រសិន​ប្រជាជន​នៅតែ​ផ្តល់ឱកាស​សម្រាប់​ការដឹកនាំ​អាណត្តិ​ក្រោយ​។​

 
​អនុប្រធាន​គណបក្សកាន់អំណាច​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ លោក Zaw Myint Maung នៅ​ថ្ងៃ​៣ កក្កដា បាន​អះអាងថា បក្ស​របស់លោក នឹង​បង្ហាញ​សេនា​រី​យ៉ូ​លម្អិត​ថ្មី​សម្រាប់​អាណត្តិ​ដឹកនាំ​អាណត្តិ​ក្រោយ​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។ លោក ថា បក្ស​លោក នឹង​ផ្តោត​សំខាន់​លើ​វិស័យ​អប់រំ និង​សុខាភិបាល​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Myanmar Times​។​
 
​ខណៈ​ការបោះឆ្នោត​កាន់តែ​រំកិល​ជិត​មកដល់ មន្ត្រីជាន់ខ្ពស់​បក្ស​កាន់អំណាច​រូបនេះ បាន​សារភាពថា ការសន្យា​នៅ​អាណត្តិ​បោះឆ្នោត​ឆ្នាំ​២០១៥​កន្លងទៅ បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ មិនទាន់បាន​បំពេញ​នៅឡើយ​នោះទេ ក្នុងនោះ​រាប់បញ្ចូល​ទាំង​ការកសាង​សន្តិភាព ដែល​លោក អះអាងថា ដើម្បី​កសាង​សន្តិភាព ត្រូវការ​បំផុត​គឺ​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។​
 
​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​ធ្វើ​ដោយ​ក្រុម​យោធា​ឆ្នាំ​២០០៨ ក៏​ជា​បញ្ហា​ដែល​លោក​ទទួលស្គាល់ថា​បក្ស​លោក មិនទាន់​សម្រេចបាន​ដូចគ្នា​។ លោក សង្កត់ធ្ងន់ថា ការសន្ទនា នឹង​ក្លាយជា​រឿង​ឥត​បានការ បើ​គ្មាន​ការចូលរួម​។ ក៏ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​រូបនេះ គូសបញ្ជាក់ថា បក្ស​លោក ក៏​មិនបាន​រាថយ​ផងដែរ ពោលគឺ​ការសន្យា​ដែល​មិនទាន់បាន​បំពេញ នឹង​នៅតែ​ដាក់បញ្ចូល​ក្នុង​កម្មវិធី​នយោបាយ​សម្រាប់​អាណត្តិ​ក្រោយ ដោយ​គ្រាន់តែ​បក្ស​លោក បន្ថែម​ការផ្តោត​ការយកចិត្ត​ទុក​ខ្លាំង​លើ អប់រំ និង​សុខាភិបាល​។​
 
​គួរ​រម្លឹក​បន្តិច​ថា នៅ​ឆ្នាំ​២០១៥​កន្លងទៅ មី​យ៉ាន់​ម៉ា បាន​មានការ​បោះឆ្នោត​ប្រជាធិបតេយ្យ​ជា​លើកដំបូង​ក្នុង​រយៈពេល​ប្រាំ​ទសវត្សរ៍​ចុងក្រោយ​។ ជា​លទ្ធផល​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី អ៊ុង សាន ស៊ូ​ជី បានឈ្នះ​ជាមួយនឹង​សំឡេងគាំទ្រ​ច្រើន​លើសលប់​។ នៅ​ខែវិច្ឆិកា ២០២០​ខាងមុខនេះ មី​យ៉ាន់​ម៉ា នឹង​រៀបចំ​ការបោះឆ្នោត​សម្រាប់​ការជ្រើសរើស​មេដឹកនាំ​ប្រទេស​ក្នុង​អាណត្តិ​ទី​២​។​
 
​គួរកត់សម្គាល់​ផង​នោះ  ក្នុង​អាណត្តិ​ដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​មី​យ៉ាន់​ម៉ា បក្ស​លោកស្រី អ៊ុង​សាន ស៊ូ​ជី រង​គំនាប​ទាំង​ក្នុងប្រទេស និង​សហគមន៍​អន្តរជាតិ​។ បញ្ហា​ក្នុងប្រទេស​នោះ​គឺ លោកស្រី នៅតែ​មិនអាច​បង្រួបបង្រួម​ប្រទេស ដែលមាន​ការបែងចែក​គ្នា​ទាំង​ជាតិ​សាសន៍ និង​ក្រុម​ទាហាន​ឯករាជ្យ និង​ឧទ្ទាម ។ ការប៉ះទង្គិច​គ្នា​ជា​ប្រដាប់អាវុធ រវាង​កងកម្លាំង​រដ្ឋា​ភិ​បាល និង​ឧទ្ទាម​បានកើត​ឡើងជា​បន្តបន្ទាប់​។​
​សម្រាប់​សម្ពាធ​អន្តរជាតិ គ្រាន់តែ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា ដែលជា​បញ្ហា​រសើប​បំផុត​មួយ​របស់​មី​យ៉ាន់​ម៉ា បានធ្វើ​ឲ្យ​កិត្តិយស​មី​យ៉ាន់​ម៉ា ត្រូវ​បំផ្លាញ ជាពិសេស​នោះ ការកសាង​កេរ្តិ៍ឈ្មោះ​របស់​មាតា​ប្រ​ធិបតេយ្យ​មី​យ៉ាន់​ម៉ា​របស់​លោកស្រី អ៊ុង​សាន ស៊ូ​ជី ក៏ត្រូវ​ធ្លាក់ចុះ​ទៀតផង​។ នេះ មិនទាន់​និយាយ​ដល់​ការ​ត្រូវ​រូ​វ​គ្នា​រវាង​ក្រុម​សភា​បក្សប្រឆាំង រួមគ្នា​ជាមួយនឹង​សភា​កូតា​យោធា បំបិទ​មិន​ឲ្យ​សភា​សំឡេង​ភាគច្រើន​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​បានសម្រេច​ផង​៕ 
 
 
 

Tag:
 មី​យ៉ាន់​ម៉ា​
  បោះឆ្នោត​
  NLD
© រក្សាសិទ្ធិដោយ thmeythmey.com