COVID-19
អន្តរជាតិ
បុរសឥណ្ឌាម្នាក់ពាក់ម៉ាស់ធ្វើពីមាសតម្លៃបួនពាន់ដុល្លារ ការពារ COVID-19 អ្នកជំនួញឥណ្ឌា Shankar Kurhade ពាក់ម៉ាស់មាសតម្លៃបួនពាន់ដុល្លារ។ រូបភាព AFP
× បុរសជនជាតិឥណ្ឌាម្នាក់ឈ្មោះ Shankar Kurhade បានចំណាយលុយដល់ទៅបួនពាន់ដុល្លារលើម៉ាស់ធ្វើពីមាសសុទ្ធដើម្បីការពារជំងឺ COVID-19 ដែលកំពុងរាតត្បាតខ្លាំងនៅឥណ្ឌា។ ប៉ុន្តែបុរសរូបនេះ មិនជឿជាក់ទាំងស្រុងលើម៉ាស់មាសនេះឡើយ ហើយក៏អនុវត្តវិធានការសុខភាពផ្សេងទៀតដែរ។
Shankar Kurhade ជាអ្នកជំនួញមកពីទីក្រុងពូណេ ក្នុងរដ្ឋមហារាស្ត្រារបស់ឥណ្ឌា។ ម៉ាស់ធ្វើមាសដែលបុរសរូបនេះពាក់ការពារជំងឺ COVID-19 មានទម្ងន់៦០ក្រាម ហើយជាងចំណាយពេល៨ថ្ងៃដើម្បីដុំចេញពីជារូបរាងម៉ាស់។
អ្នកជំនួញជនជាតិឥណ្ឌារូបនេះ ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ម៉ាស់របស់លោកមានទម្ងន់ស្រាល និងមានរន្ធសម្រាប់ដកដង្ហើមផងដែរ។ ប៉ុន្តែលោក Kurhade បន្ថែមថា៖ «ខ្ញុំមិនច្បាស់ថា វាមានប្រសិទ្ធភាពការពារខ្ញុំពីការឆ្លងជំងឺនេះឡើយ តែខ្ញុំក៏បានអនុវត្តវិធានឯទៀតដែរ។»
ការសម្ញែងទ្រព្យបែបនេះ ជារឿងធម្មតាសម្រាប់បុរសជនជាតិឥណ្ឌាខាងលើ។ លោក Kurhade និយាយថា ពេលចេញទៅក្រៅម្ដងៗ លោកតែងពាក់មាសទម្ងន់មួយគីឡូក្រាមឯណោះមានខ្សែក ខ្សែដៃ និងចិញ្ជៀននៅគ្រប់ម្រាមដៃខាងស្ដាំ។ លោកថា លោកធ្វើបែបនេះក្រោយឃើញនៅតាមប្រព័ន្ធផ្សព្វផ្សាយពីបុរសម្នាក់ដែលពាក់គ្រឿងអលង្ការធ្វើពីប្រាក់សុទ្ធ។
សូមបញ្ជាក់ថា នៅឥណ្ឌា ការពាក់ម៉ាស់នៅទីសាធារណៈ គឺជារឿងដែលត្រូវធ្វើដាច់ខាត ខណៈរដ្ឋាភិបាលកំពុងប្រឹងប្រែងទប់ស្កាត់ជំងឺ COVID-19 ។ គិតត្រឹមថ្ងៃទី៤ ខែកក្កដា ឥណ្ឌាមានឆ្លងចំនួនជាង៦៥ម៉ឺននាក់ និងច្រើនជាង១ម៉ឺន៨ពាន់នាក់បានស្លាប់៕
© រក្សាសិទ្ធិដោយ thmeythmey.com