អន្តរជាតិ
ប្រទេសអឺរ៉ុប ពន្យារពេលការសងបំណុលឲ្យមីយ៉ាន់ម៉ា និងចង់ឃើញចិន ធ្វើដូចគ្នាដែរ អនុប្រធានាធិបតីមីយ៉ាន់ម៉ា ចាប់ដៃអគ្គរដ្ឋទូតអឺរ៉ុប។ រូបភាព Myanmar Times
× បណ្តាប្រទេសអឺរ៉ុបចំនួនប្រាំមួយប្រទេស បានសម្រេចឯកភាពគ្នា លើកពេលការសងបំណុលរបស់មីយ៉ាន់ម៉ា ដែលជំពាក់ខ្លួនរហូតដល់បំណាច់ឆ្នាំ២០២០។ ការពន្យារពេលនេះ ដើម្បីជាផ្នែកមួយជួយដល់មីយ៉ាន់ម៉ា ឲ្យមានលទ្ធភាពស្រោចស្រង់ប្រទេស ខណៈស្ថានភាពសង្គម និងសេដ្ឋកិច្ច កំពុងរងការគំរាមកំហែង ដោយសារតែជំងឺរាតត្បាត Covid-19។
តាមការចុះផ្សាយរបស់សារព័ត៌មាន Myanmar Times នៅថ្ងៃទី២ កក្កដា តំណាងរដ្ឋាភិបាល អូទ្រីស ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ប៉ូឡូញ និងហូឡង់ បានចេញលិខិតផ្លូវការដូចគ្ នាក្នុងការពន្យារពេលការសងបំណុល និងការប្រាក់សម្រាប់រដ្ឋាភិបាលមីយ៉ាន់ម៉ា ក្នុងទំហំ ៩៨ លានដុល្លារ រហូតដល់បំណាច់ឆ្នាំ២០២០នេះ។ ក្រុមប្រទេសអឺរ៉ុបទាំងនេះ ក៏បានទទូចឲ្យបណ្តាម្ចាស់បំណុលធំរបស់មីយ៉ាន់ម៉ា ធ្វើបែបនេះដែរ។
តាមប្រភពព័ត៌មានដដែល ក្នុងកម្មវិធីប្រកាសសេចក្តីសម្រេចផ្លូវការនេះ តំណាងសហភាពអឺរ៉ុបប្រចាំមីយ៉ាន់ម៉ា បានលើកឡើងថា ការពន្យារពេលនេះ នឹងជួយដល់មីយ៉ាន់ម៉ាកំណត់ឡើងវិញ លើមូលនិធិ និងថវិកាសាធារណៈរបស់ខ្លួន សម្រាប់ផ្តោតលើវិស័យសុខាភិបាល សហគមន៍ដែលងាយរងគ្រោះ និងជាពិសេសនោះ អាជីវកម្មក្នុងស្រុក ដែលកំពុងតែជួបរឿងត្រដាបត្រដួស ដោយសារតែ Covid-19។
តំណាងក្រុមប្រទេសអ្នកមានរូបនេះ ក៏បានស្នើឲ្យម្ចាស់បំណុលផ្សេងទៀតរបស់មីយ៉ាន់ម៉ា ជាពិសេសចិន អនុវត្តតាមគំរូនេះផងដែរ។ មីយ៉ាន់ម៉ា គឺជាប្រទេសទីមួយហើយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលទទួលបានការលើកលែង ឬពន្យារពេលការសងបំណុល ពីបណ្តាប្រទេសអឺរ៉ុប។
តាមពិតទៅ ចលនានៃការពន្រយាពេលនៃការសងបំណុល ផ្តើមចេញឡើងបន្ទាប់ពីប្រទេសក្រុម ២០ បានចុះហត្ថលេខារួមគ្នា នៅខែមេសាកន្លងទៅ ស្តីពីការបង្កើតគំនិតផ្តួចផ្តើមសេវាកម្មពន្យារពេលការសងបំណុល ។ គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃការគិតគូររបស់សហគមន៍អន្តរជាតិ ក្នុងការជួយសង្គ្រោះគ្នាក្នុងគ្រាមានវិបត្តិ បន្ថែមលើជំនួយមនុស្សធម៌ជាក់ស្តែង។
គួរជម្រាបថា បច្ចុប្បន្នមីយ៉ាន់ម៉ា មានបំណុលជាតិសរុបប្រមាណ ១០ ពាន់លានដុល្លារ ក្នុងនោះជំពាក់ចិន ៤ ពាន់លានដុល្លារ។ បំណុលមួយភាគធំ ត្រូវបានខ្ចី តាំងពីមីយ៉ាន់ម៉ា គ្រប់គ្រងដោយរបបយោធាមកម្ល៉េះ។ នេះបើយោងតាម Myanmar Times៕
Tag:
មីយ៉ាន់ម៉ា
អឺរ៉ុប
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com