COVID-19
អន្តរជាតិ
អ្នកវិទ្យាសាស្ត្រ​ប្រាប់ WHO ថា COVID-19 អាច​ឆ្លងតាម​ខ្យល់ និង​សុំ​ឲ្យ​កែប្រែ​ការណែនាំ​របស់ខ្លួន​
06, Jul 2020 , 9:19 pm        
រូបភាព
បុគ្គលិកពេទ្យពាក់ម៉ាស់ការពារវីរ៉ុសCOVID-19។ រូបតំណាង។ រូបភាព AFP
បុគ្គលិកពេទ្យពាក់ម៉ាស់ការពារវីរ៉ុសCOVID-19។ រូបតំណាង។ រូបភាព AFP
ដោយ:
​អ្នកវិទ្យាសាស្ត្រ​រាប់រយ​នាក់ បាន​អះអាងថា មាន​ភស្តុតាង​បញ្ជាក់ថា ភាគល្អិត​តូចៗ​ក្នុង​ខ្យល់​របស់​ជំងឺ COVID-19 អាច​ចម្លង​ដល់​មនុ​ស្សបាន​។ ក្រុម​អ្នកវិទ្យាសាស្ត្រ​នេះ បាន​អំពាវនាវ​ឲ្យ​អង្គការ​សុខភាព​ពិភពលោក​(WHO) កែប្រែ​អនុសាសន៍​របស់ខ្លួន​ទាក់ទង​នឹង​ការបង្ការ​ជំងឺ COVID-19 ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​

 
​នៅក្នុង​លិខិត​ចំហ​ទៅកាន់ WHO អ្នកវិទ្យាសាស្ត្រ​ចំនួន​២៣៩​នាក់ មកពី​៣២​ប្រទេស​បង្ហាញ​ភស្តុតាង​ថា​ភាគល្អិត​តូចៗ​ដែល​នៅក្នុង​ខ្យល់​អាច​ចម្លង COVID-19 បាន​។ ក្រុម​អ្នកវិទ្យាសាស្ត្រ​ខាងលើ​ក៏​គ្រោង​នឹង ចេញផ្សាយ​ការរកឃើញ​របស់ខ្លួន​នេះ​ក្នុង​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​ផងដែរ​។​
 
​ក្រុម​អ្នកវិទ្យាសាស្ត្រ​ខាងលើ​បាន​អះអាងថា វីរុស​ជំងឺ COVID-19 ដែល​ចេញ​តាម​ការ​កណ្តាស់ ឬ​តំណក់​ទឹកតូចៗ​នៅពេល​ដកដង្ហើម​ចេញ​ដែល​ខ្ទាត​ពាសពេញ​បន្ទប់ អាចធ្វើ​ដំណើរ​តាម​ខ្យល់ និង​ចម្លង​មនុស្ស​ដទៃ​នៅពេល​ដកដង្ហើម​បាន​។ ការរកឃើញ​នេះ ហាក់​ផ្ទុយ​ពី​ការណែនាំ​របស់ WHO 
 
​ក្នុង​អនុសាសន៍​របស់ខ្លួន WHO បាន​បង្ហាញថា ជំងឺ COVID-19 ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​តាមរយៈ​តំណក់ទឹក​ដែល​ខ្ទាត​ចេញពី​ច្រមុះ ឬ​មាត់​នៅពេល​អ្នក​ផ្ទុក​ជំងឺ COVID-19 និយាយ ក្អក ឬ​កណ្តាស់ ក៏ដូចជា​ការប៉ះពាល់​ផ្ទាល់​។​
 
​ទោះ​ជាមាន​យ៉ាងណាក្តី WHO បាន​ប្រាប់​ទី​សារព័ត៌មាន New York Times ថា ភស្តុតាង​ដែល​បង្ហាញថា ជំងឺ COVID-19 ឆ្លងតាម​ខ្យល់​មិនអាច​ជឿជាក់​បាន​។ លោក​វេជ្ជបណ្ឌិត Benedetta Allegranzi អ្នកដឹកនាំ​បច្ចេកទេសផ្នែក​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​របស់ WHO បាន​និយាយថា ៖« ជាពិសេស​ក្នុង​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ យើង​បានបញ្ជាក់​ជាច្រើនលើក​ហើយ​ថា នឹង​ពិចារណា​ពី​លទ្ធភាព​នៃ​ការឆ្លង​តាម​ខ្យល់ ប៉ុន្តែ​ជាក់ស្តែង​ពុំមាន​ភស្តុតាង​រឹងមាំ ឬ​ជាក់លាក់​ដើម្បី​គាំទ្រ​ឡើយ​»​។​
 
​គិត​ត្រឹម​ថ្ងៃទី​៦ ខែកក្កដា អ្នក​ឆ្លង​ជំងឺ COVID-19 មាន​ចំនួន​ជាង​១១​លាន​នាក់ និង​ស្លាប់​ចំនួន​ជាង​៥២​ម៉ឺន​នាក់ រីឯ​អ្នកជា​សះស្បើយ​មាន​ចំនួន​៦,១​លាន​នាក់​។ អាមេរិក​តែឯង​មាន​ករណី​ឆ្លង​ចំនួន ៥,៧​លាន​នាក់ ខណៈ​អឺរ៉ុប​មាន​ចំនួន​២,៧​លាន​នាក់​។ នេះ​យោងតាម​ទិន្ន័យ​របស់ WHO៕

© រក្សាសិទ្ធិដោយ thmeythmey.com