ជាតិ
លិខិត​មិត្ត​អ្នកអាន​៖ ហេតុអ្វីរដ្ឋាភិបាល​កម្ពុជា​សម​នឹង​ទទួលបាន​ការសរសើរ​អំឡុងពេល​កូ​វីដ​-១៩?
07, Jul 2020 , 8:59 am        
រូបភាព
សម្តេច ហ៊ុន សែន ថ្លែងទៅកាន់អ្នកដំណើរលើនាវា Westerdam នៅថ្ងៃ ១៤  ខែកុម្ភៈ។ រូបភាព៖ AFP
សម្តេច ហ៊ុន សែន ថ្លែងទៅកាន់អ្នកដំណើរលើនាវា Westerdam នៅថ្ងៃ ១៤ ខែកុម្ភៈ។ រូបភាព៖ AFP
ដោយ៖ ហេង គីម​គង់​
 
​អំឡុងពេល​មាន​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម​នឹង​ទទួលបាន ការសរសើរ បើទោះបីជា​មនុស្ស​ជាច្រើន​ប្រហែលជា​គិត​ផ្ទុយ​ពីនេះ​ក៏ដោយ​។​

 
​ការសង្គ្រោះ​អ្នកដំណើរ​ជាង ២,០០០ នាក់​នៅលើ​នាវា Westerdam, ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ​-១៩, ការបង្កើត​មូលនិធិ​សង្គ្រោះ​ជា​បណ្តោះអាសន្ន​ដើម្បី​ជួយ​ដល់​ក្រុម​ជន​ងាយ​រងគ្រោះ រួមជាមួយ​ការគាំទ្រ​ដល់​ការបន្ត​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ ក្នុង​ខេត្តសៀមរាប និង​ខេត្តកណ្តាល អំឡុងពេល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ កូ​វីដ​-១៩ រដ្ឋាភិបាល​លោក ហ៊ុន សែន គួរតែ​ត្រូវបានគេទទួលស្គាល់​ចំពោះ​ការខិតខំ និង​ការវិវត្ត​ជា​វិជ្ជមាន​នេះ បើទោះជា​រដ្ឋាភិបាល​នេះ​ធ្វើ​មិន​បានល្អ ក្នុង​ចំណុច​មួយចំនួន​ផ្សេងទៀត​ក៏ដោយចុះ​។​
 
​ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការរីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា ការឆ្លើយតប​របស់ រដ្ឋាភិបាល​កម្ពុជា​ហាក់​មាន​ប្រសិទ្ធិភាព ប្រសិនបើ​យើង​ពិនិត្យ​ចំនួន​ករណី​ឆ្លង​សរុប​។ ជាការ​ពិតណាស់ គិត​ត្រឹម​ថ្ងៃទី ០៣ ខែកក្កដា​ឆ្នាំ ២០២០ ប្រទេស​កម្ពុជា បាន​បញ្ជាក់ថា​មាន​ករណី​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន ១៤១ ករណី ដែល​ភាគ ច្រើន​នៃ​ករណីនេះ​ជា​ករណី​នាំចូល​។ ក្នុងចំណោម​ករណី​ទាំងអស់  ១៣១ ករណី​បានជា​សះស្បើយ ហើយ​នៅសល់តែ​អ្នកជំងឺ ១០ នាក់​ប៉ុណ្ណោះ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ មកដល់ពេលនេះ ថ្វីបើ​មានការ​សន្និដ្ឋានថា​កម្ពុ​ជា​អាច​នឹង​មានការ​លាក់​ក​រ​ណី ឬ​មិន​រាយការណ៍​ករណី​ជំងឺ​ ​កូ​វីដ​-១៩ ឱ្យបាន​ត្រឹមត្រូវ​ក្តី នៅក្នុង​យុគសម័យ​ហ្វេ​ស​ប៊ុ​ក និង​ការ​រីកសាយ​នៃ​ព័ត៌មាន​ក្លែងក្លាយ ការសន្និដ្ឋាន​នេះ​មើលទៅ​ដូចជា​មិនមាន​មូលដ្ឋាន​ច្បាស់លាស់​ឡើយ​។ មកដល់ពេលនេះ​ពុំទាន់​មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ នៅ ឡើយ ឬ​យ៉ាងហោចណាស់​ក៏​គ្មាន​ការបញ្ជាក់​ជា​ផ្លូវការ​ថា​មានការ​ស្លាប់​ដែល​ជាប់ទាក់ទង​នឹង​ជំងឺ​កូ​វីដ​-១៩​នោះដែរ​។​
 
​ទោះបីជា​មានការ​រាតត្បាត និង​ការផ្អាក​ដំណើរការ​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​ជាច្រើន ជាពិសេស​ក្នុង​វិស័យ​កម្សាន្ត​ជា​បណ្តោះអាសន្ន​ក៏ដោយ អ្វីៗ​គ្រប់យ៉ាង​ហាក់ដូចជា​នៅតែមាន ដំណើរការ​ដូច​ធម្មតា​នៅក្នុង​ប្រទេស​កម្ពុជា​។ កម្មករនិយោជិត​ដែល​ក្រុមហ៊ុន របស់ខ្លួន​កំពុងដំណើរការ​នៅតែ​បន្ត​ធ្វើការ ទោះបីជា​អ្នកខ្លះ​អាច​ទទួលបាន​ប្រាក់ ខែ​ជា​ដំណាក់កាល​ក៏ដោយ​។ ចំណែក​រោងចក្រ​កាត់ដេរ ទោះបី​ជាមាន​រោងចក្រ ខ្លះ​បាន​ផ្អាក​ប្រតិបត្តិការ​ក៏ដោយ ក៏​នៅតែមាន​រោងចក្រ​ផ្សេងទៀត​បន្ត​ផ្តល់ ឱកាស​ការងារ​ដល់ក​ម្មករ​កម្មការិនី​កាត់ដេរ​ដើម្បី​រកប្រាក់​ចំណូល​ផ្គត់ផ្គង់​ខ្លួន និង​ក្រុមគ្រួសារ​ផងដែរ​។​
 
​ការបិទ​សាលា​និង​សាកលវិទ្យាល័យ​ទាំង​រដ្ឋ​និង​ឯកជន បានធ្វើឱ្យ​ប៉ះពាល់​ដល់ សិស្ស​និង​និស្សិត​រាប់លាន​នាក់ ដែល​ភាគច្រើន​រស់នៅ​តាម​តំបន់​ជនបទ​។ បើទោះបីជា​សាលារៀន​នឹងត្រូវ​បិទទ្វារ​រហូតដល់​ឆ្នាំ​សិក្សា​ក្រោយ​ក្តី គំនិត​ផ្តួចផ្តើម​ផ្សេងៗ​ដើម្បី​គាំទ្រ​ដល់​ការរៀនសូត្រ​របស់​សិស្ស​ត្រូវបាន​ដាក់ឱ្យអនុវត្ត ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​។ ជា​ឧទាហរណ៍ ក្រសួង​អប់រំ យុវជន និង កីឡា បាន​ផ្សព្វផ្សាយ​មេរៀន​វីដេអូ​ជា​បន្តបន្ទាប់​លើ​កញ្ចក់​ទូរទស្សន៍ ហ្វេ​ស​ប៊ុ​ក និង​វេ​ប​សាយ​ផ្សេងៗ​។ ការផ្តួចផ្តើម​នេះ​ក៏​ជួយ​សម្រួល​ដល់​សិស្ស​ជាច្រើន ជាពិសេស សិស្ស​ដែល​នៅតាម​ខេត្ត​ដែលជា​រឿយៗ​ខ្វះខាត​សេវា​អ៊ីនធឺណិត និង​ឧបករណ៍ បច្ចេកវិទ្យា​សមស្រប​ផ្សេងៗ​ដែរ​។​
 
​ក្រៅពី​សមិទ្ធផល​ល្អៗ​មួយចំនួន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​ផ្សេង ទៀត​ក៏បាន​ចាត់វិធានការ​លើកកម្ពស់​ការអនុវត្ត​ការងារ​រៀងៗ​ខ្លួន​ផងដែរ​។ ឧទាហរណ៍​ដ៏​ល្អ​មួយ​គឺ​ការដាក់ឱ្យ​ដំណើរការ ប្រព័ន្ធ​ចុះបញ្ជី​ពាណិជ្ជកម្ម​តាម ប្រព័ន្ធ​អ៊ីនធឺណិត​ថ្មី ដែល​អាចឱ្យ​វិនិយោគិន និង​សហគ្រិន​អាច​ចុះឈ្មោះ អាជីវកម្ម​របស់​ពួកគេ និង​បំពេញ​ដំណើរការ​ចុះឈ្មោះ​ទាំងមូល​ក្នុង​រយៈពេល​តិចជាង ១០ ថ្ងៃ​។ នេះ​គឺជា​គំនិត​ផ្តួចផ្តើម​រួមគ្នា​មួយ​ដែលមាន​ការចូលរួម​ពី ក្រសួង ចំនួន ៤ និង​ស្ថាប័នរដ្ឋ ចំនួន ២ ដែល​ដឹកនាំ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​
 
​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​កាត់បន្ថយ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍ រដ្ឋាភិបាល បានចាប់ផ្តើម​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​កាលពី​ខែឧសភា​។ ច្បាប់​នេះ​បាន បង្កើន​ការពិន័យ និង​ការដាក់ទណ្ឌកម្ម​ចំពោះ​អ្នករំលោភ​ចរាចរណ៍​។ បើទោះបីជា វិធានការ​ចរាចរណ៍​តឹងរ៉ឹង​នេះ​បាន​រង​ការរិះគន់​និង​ការតវ៉ា​ខ្លះៗ​ដោយសារតែ​វា​ត្រូវបាន​គេ​អនុវត្ត​ក្នុងអំឡុងពេល​មាន​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ (​ដែល​មានន័យថា វា​នឹងដាក់​បន្ទុក​បន្ថែមទៀត​ដល់​ប្រជាជន​កម្ពុជា​ដែល​រង​ផលប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ​-១៩) វា​នឹងមាន​ឥទ្ធិពល​វិជ្ជមាន​រយៈពេល​វែង ក្នុងការ​ប្រែ​ផ្លាស់​អាកប្បកិរិយា​របស់​អ្នកប្រើប្រាស់​ផ្លូវ និង​ការខិតខំ​របស់​រដ្ឋាភិបាល​ក្នុងការ​កាត់បន្ថយ​បទល្មើស និង​គ្រោះ ថ្នាក់​ចរាចរណ៍​ដែលជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​មួយ ដែល​កម្ពុជា​កំពុង​ប្រឈមមុខ​។​
 
​ទន្ទឹមនឹង​នេះដែរ សាលា​រាជធានី​ភ្នំពេញ​មាន​គម្រោង​សាងសង់​ស្ពាន​អាកាស ថ្មើរជើង​នៅ​រាជធានី​ភ្នំពេញ​ក្នុង​គោលបំណង​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​ចរាចរណ៍​។ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​មួយទៀត ដែល​គួរ​ទទួលបាន​ការស្វាគមន៍​គឺ​ការកសាង​បណ្តាញ​ផ្លូវ ក្នុង​ខេត្ត​ព្រះសីហនុ ក្នុង​គោល បំណង​ធ្វើ​ទំនើបកម្ម​ខេត្ត និង​ធ្វើឱ្យ​ខេត្ត​នេះ​ក្លាយជា​គោលដៅ​ទេសចរណ៍​លំដាប់​ខ្ពស់​។ ការស្ថាបនា​បណ្តាញ​ផ្លូវ ដែល​បានចាប់ផ្តើម​នៅ​ឆ្នាំ ២០១៩ ពេលនេះ កំពុងដំណើរការ​ហើយ​ត្រូវបាន​គេ​រំពឹងថា​នឹង​បញ្ចប់​នាពេល​ខាងមុខនេះ​។​
 
​ចំពោះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​វិនិយោគ ការវិវឌ្ឍ​ជា​វិជ្ជមាន​ត្រូវបាន​គេ មើលឃើញ​បើទោះបីជា​កម្ពុជា​កំពុង​ប្រឈមមុខ​វិបត្ដិ​កូ​វីដ​-១៩​ក៏ដោយ​។ ឧទាហរណ៍ គម្រោង​វិនិយោគ​ថ្មី​ចំនួន ៥ ដែល​អាចបង្កើត​ការងារ​ប្រហែល  ២០០០ កន្លែង​ត្រូវបាន​អនុម័ត​កាលពី​ខែឧសភា​។ វឌ្ឍនភាព​នៃ​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​ប្រទេស​ចិន និង​កូរ៉េខាងត្បូង​ក៏ត្រូវ​បានកើត ឡើង​ផងដែរ​។ បើ​យោងតាម​ក្រសួងពាណិជ្ជកម្ម  ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន រហូតមកដល់​ពេលនេះ ទទួលបាន​ជោគជ័យ​ល្អ និង​អាច​បញ្ចប់​នៅ​ចុងឆ្នាំ ២០២០​នេះ​។ ការចរចា​ជាមួយ​ប្រទេស​កូរ៉េខាងត្បូង​ក៏មាន ការរីក ចម្រើន​ខ្លះ​ដែរ​។ លើសពីនេះទៅទៀត កម្ពុជា​បាន​បង្កើត​ក្រុមការងារ ដើម្បី សម្របសម្រួល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ដៃគូ​សក្តានុពល​ផ្សេងទៀត ដូចជា​ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក ជប៉ុន សហភាព​សេដ្ឋកិច្ច​អាស៊ី​អឺរ៉ុប ឥណ្ឌា និង​ម៉ុង​ហ្គោ​លី​។​
 
​ទាក់ទង​នឹង​ការងារ​គោលនយោបាយ​ការបរទេស ក្រោម​ទស្សនវិស័យ​គោលនយោបាយ​ការបរទេស​ដែលមាន​លក្ខណៈ​យុទ្ធសាស្ត្រ​និង​បរិ​យា​ប័ន្ន ដែលមាន គោលបំណង «​ធ្វើ​កំណែ​ក្នុងស្រុក និង​បង្កើន​មិត្តភក្តិ​នៅ​បរទេស ផ្អែក លើ​ស្មារតី​ឯករាជ្យ​» ប្រទេស​កម្ពុជា​កំពុងធ្វើការ​កែលម្អ និង​ពង្រឹង​ទំនាក់ទំនង ជាមួយ​ដៃគូ​ទាំងអស់ ជាពិសេស​ជាមួយ​សហរដ្ឋអាមេរិក នៅពេល​ទំនាក់ទំនង ប្រទេស​ទាំងពីរ​ហាក់​បាន​ឈានដល់​កម្រិត​ទាប​ថ្មី​មួយ​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។ ក្នុងពេល​បច្ចុប្បន្ននេះ​ទំនាក់ទំនង​ទ្វេភាគីរ​វា​កម្ពុជា​-​ចិន បាន​ឈានដល់​កម្រិត​ជិតស្និទ្ធ​ជាទីបំផុត​មួយ​។  
 
​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​យុទ្ធសាស្ត្រ​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុនសែន​ដែលជា​អ្នកជំនាញ​ប្រើ​យុទ្ធសាស្ត្រ​ជើងចាស់ បាន​បង្ហាញថា កម្ពុជា​គឺជា «​មិត្ត​ពិត​» របស់​ចិន​។ និយាយ​ម្យ៉ាងទៀត កម្ពុជា​បានបង្ហាញ​ការគាំទ្រ​ចំពោះ​ចិន​នៅ ពេល​មាន​វិបត្តិ ពោលគឺ​ចំពេល​ដែល​ចិន​ត្រូវការ​ការគាំទ្រ​ជា​ចាំបាច់​បំផុត​ពី​ប្រទេស​នានា​ជា​មិត្ត ស្របពេល​ដែល​គេ​ជឿថា មេរោគ​នេះ​មាន​ប្រភព​ចេញ​មន្ទីរពិសោធន៍​មួយ​នៅ​ទីក្រុង​វ៉ូ​ហាន ប្រទេស​ចិន​។ ថ្មីៗ​នេះ​មានការ​អំពាវនាវ​ឱ្យ មានការ​ស៊ើបអង្កេត​អន្តរជាតិ លើ​ដើមកំណើត​នៃ​វីរុស​នេះ និង​វិធី​ដែល​ប្រទេស ចិន​បាន​ដោះស្រាយ​បញ្ហា​នេះ​នៅពេលដែល​វីរុស​កូ​រ៉ូ​ណា កើត​ឡើងជា​លើក ដំបូង​។ ទោះជា​យ៉ាងណា ការអំពាវនាវ​បែបនេះ​ត្រូវបាន​បដិសេធ​យ៉ាង​ដាច់អហង្ការ​ពី​សំណាក់​ក្រុង​ប៉េកាំង​។​
 
​ដោយឡែក ងាក​ទៅ​មើល​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​និង​កម្ពុជា​វិញ​ម្តង​។ ទោះ​វា​ហាក់ដូច​ជាមាន​ភាព​តានតឹង​ក្នុងពេល​ថ្មីៗ​នេះ​ក៏ដោយ ភាគី​ទាំងពីរ​កំពុង​ប្រឹងប្រែង​ស្តារ​និង​ពង្រឹង​ចំណងមិត្តភាព​ទ្វេភាគី​នេះ​ឡើងវិញ​។ ដូច​ឃើញស្រាប់ ស្ថានីយ៍​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក ដែល ឧបត្ថម្ភ​ថវិកា​ដោយ​សហរដ្ឋអាមេរិក ត្រូវបាន​អនុញ្ញាតឱ្យ​ចាប់ផ្តើម​ដំណើរការ ឡើងវិញ​បន្ទាប់ពី​ស្ថានីយ៍​វិទ្យុ​ក្នុងស្រុក​ជាច្រើន ត្រូវបាន​បញ្ជា​ឱ្យ​បញ្ឈប់​ការ  ផ្សាយ​ព័ត៌មាន ពី​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក និង​វិទ្យុ​អាស៊ីសេរី​ក្នុង​ឆ្នាំ ២០១៧​។ 
 
​លោកនាយក​រដ្ឋមន្ត្រី ហ៊ុនសែន និង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន ផ្លាស់ប្តូរ​លិខិត​គ្នា​បង្ហាញ​ពី​ចេតនា​និង​ឆន្ទៈ​មួយ​ក្នុងការ​ស្តារ និង​ធ្វើឱ្យ​ប្រសើរឡើង នូវ​ទំនាក់ទំនង​ទ្វេភាគី​។ ទោះបីជា​ការបន្ត​ចំណងមិត្តភាព​ល្អ ប្រសើរ​ជាង​មុននេះ នៅតែ​មិនទាន់មាន​ភាពច្បាស់លាស់​ក៏ដោយ ការ​វិវឌ្ឍន៍​នាពេល​ថ្មីៗ​នេះ ហាក់បី ដូចជា​បាន​បង្ហាញថា ភាពប្រសើរឡើង​នៃ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ដូចជា កំពុងតែ​កើតឡើង​។​
 
​និយាយ​ជារួម ទោះបី​មានការ​អនុវត្ត​មិនបាន​ល្អ​នៅ​ផ្នែក​ខ្លះ និង​មានការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ នៅពេលដែល​គេ​យល់ថា ប្រទេស​កម្ពុជា​កំពុង​ឈានឆ្ពោះ​ទៅរក​ការគ្រប់គ្រង​បែប​ផ្តាច់ការ​ក៏ដោយ រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុនសែន គួរតែ​ត្រូវបាន​សាទរ​ចំពោះ​ការអនុវត្ត និង​លទ្ធផល​ដ៏​គួរឱ្យកត់សម្គាល់ ក្នុងពេល​មាន​មេរោគ​រាតត្បាត​កូ​វីដ​-១៩ នេះ​។ 
 
​នៅ​ខណ​:​ពេល​ប្រទេស​កម្ពុ​ជាមាន​ចក្ខុវិស័យ​ដែលមាន​មហិច្ឆតា​ខ្ពស់ ប៉ុន្តែ​ជា​ចក្ខុវិស័យ​ដែល​ប្រទេស​នេះ​អាច​សម្រេចបាន ដើម្បី​ផ្លាស់ប្តូរ​ខ្លួន​ទៅជា​សង្គម​មួយ​ប្រកបដោយ​ភាព​រីកចម្រើន​ជឿនលឿន បរិ​យា​ប័ន្ន និង​ចីរភាព ការខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់​របស់​រដ្ឋា​ភិ​បាល​កម្ពុជា​ដើម្បី សម្រេចបាន​នូវ​ចក្ខុ​វិស័យនេះ ក៏ដូចជា​គោលដៅ​រយៈពេល​វែង​ដទៃទៀត​គួរតែ​ត្រូវ​បានទទួល ស្គាល់​។​
 
​ដើម្បី​ជំរុញ​វឌ្ឍនភាព និង​ការឈាន​ទៅមុខ វា​ជាការ​សំខាន់​ណាស់​ដែល​យើង គួរតែ​កោតសរសើរ​នៅពេលដែល​រដ្ឋាភិបាល​ធ្វើ​បានល្អ និង​រិះគន់​នៅពេលដែល​រដ្ឋាភិបាល​ធ្វើ​មិនបាន​ល្អ​។ វា​ប្រហែល​រឹតតែ​សំខាន់​ជាងនេះទៅទៀត នៅពេលដែល​យើង​ទទួលស្គាល់​កំហុស​ខ្លួនឯង រៀន​ពី​កំហុស​ទាំងនោះ ហើយ​ចាប់ផ្តើម​ផ្លាស់ប្តូរ កែលម្អ និង កែប្រែ​ខ្លួន​ឱ្យមាន​លក្ខណៈ​ល្អប្រសើរ​ជាង​មុន​។ ដំណើរការ​ផ្លាស់ប្តូរ​មួយ​នេះ អាចអនុវត្ត​បាន​ទាំង​ចំពោះ​ប្រជាជន​កម្ពុជា​ម្នាក់ៗ​ក៏ដូចជា​រដ្ឋាភិបាល​ក​ម្ពុ​ជា​ទាំងមូល​ផងដែរ​៕
 
​លោក​ហេង គីម​គង់ ជា​បេក្ខជន​បណ្ឌិត​នៅ​សាកលវិទ្យាល័យ ឃ្វី​ន​លែ​ន ក្នុង ប្រទេស​អូស្ត្រាលី និង​ជា​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​វិទ្យាស្ថាន​ខ្មែរ​សំរាប់ សហប្រតិបត្តិការ​និង​សន្តិភាព​។ លោក​គឺជា​អ្នកទទួលបាន​អាហារូបករណ៍ រដ្ឋាភិបាល​អូស្ត្រាលី​។ អត្ថបទ​វិភាគ​របស់លោក​ត្រូវបាន​បោះពុម្ពផ្សាយ ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក និង​អន្តរជាតិ​ជាច្រើន​។​
 
​ទស្សនៈ​ក្នុង​អត្ថបទ​វិភា​គនេះ ឆ្លុះបញ្ចាំង​ពី​ទស្សនៈ​ផ្ទាល់ខ្លួន​របស់​អ្នកនិពន្ធ​ប៉ុណ្ណោះ​។​
 

© រក្សាសិទ្ធិដោយ thmeythmey.com