សង្គមអន្តរជាតិ
អន្តរជាតិ
ប្រទេសផលិតអាវុធធំទីពីរលើលោក ចិន ក្លាយជាភាគីសន្ធិសញ្ញាគ្រប់គ្រងជំនួញអាវុធ
× មហាអំណាចយោធាពិភពលោក ចិន នៅថ្ងៃទី៦ ខែកក្កដា បានក្លាយជាភាគីនៃសន្ធិសញ្ញាគ្រប់គ្រងពាណិជ្ជកម្មអាវុធអន្តរជាតិ ដែលជាកិច្ចព្រមព្រៀងមួយត្រូវបានទាត់ចោលដោយរដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។ តំណាងចិនប្រចាំអង្គការសហប្រជាជាតិ Zhang Jun ក៏រិះគន់អាមេរិកដែលមិនអនុវត្តតាមសន្ធិសញ្ញានេះ ទោះជាប្រធានាធិបតី អូបាម៉ា បានចុះហត្ថលេខាហើយក្ដី ។
អគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ Zhang Jun និយាយថា លោកបានប្រគល់លិខិតូបករណ៍របស់ចិនដើម្បីចូលរួមក្នុងសន្ធិសញ្ញាគ្រប់គ្រងពាណិជ្ជកម្មអាវុធអន្តរជាតិហើយ។ ក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី៦ ខែកក្កដា លោក Zhang និយាយថា ការចូលរួមរបស់ចិនពេលនេះ បង្ហាញពីភាពស្មោះត្រង់ និងការតាំងចិត្តរបស់ចិនក្នុងការរក្សាប្រព័ន្ធគ្រប់គ្រងពាណិជ្ជកម្មអាវុធ ការគាំទ្រពហុភាគីនិយម និងការបង្កើតសហគមន៍វាសនាតែមួយ។
តាមពិតទៅ ចិន ប្រកាសពីបំណងចូលជាភាគីនៃសន្ធិសញ្ញាមួយនេះតាំងពីចុងឆ្នាំ២០១៩ មក។ មកដល់ខែមិថុនា ឆ្នាំ២០២០ សភាប្រជាជនចិន បានអនុម័តលើការចូលរួមនេះ ហើយក៏ក្លាយជាសមាជិកទី១០៧ នៅពេលនេះទៅ។
សន្ធិសញ្ញាគ្រប់គ្រងជំនួញអាវុធនេះ លេចជារូបរាងនៅឆ្នាំ២០១៣ បន្ទាប់ពីត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសប្រជាជាតិ។ សន្ធិសញ្ញនេះ មានគោលដៅគ្រប់គ្រងពាណិជ្ជកម្មអាវុធពិភពលោកដែលមានតម្លៃប្រមាណ៧០ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ វាក៏មានគោលដៅលើការបញ្ចៀសការរត់ពន្ធអាវុធដែលអាចធ្លាក់ដល់ដៃក្រុមបំពានសិទ្ធិមនុស្សផងដែរ។ អាវុធដែលស្ថិតក្រោមសន្ធិសញ្ញនេះមានចាប់ពីកាំភ្លើងធម្មតា មីស៊ីល រហូតដល់នាវាចម្បាំង និងយន្តហោះចម្បាំង។
ប៉ុន្តែសន្ធិសញ្ញនេះ មិនត្រូវបានរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ គោរពតាមឡើយ បើទោះជាមហាអំណាចមួយនេះជាភាគីមួយក្ដី។ លោក បារ៉ាក់ អូបាម៉ា ជាអ្នកចុះហត្ថលេខាសន្ធិសញ្ញានៅឆ្នាំ២០១៣ តែព្រឹទ្ធសភាមិនបានផ្ដល់សច្ចាប័នឡើយមកដល់ពេលនេះ។ លោក ត្រាំ វិញ បាននិយាយកាលពីឆ្នាំមុន ថា អាមេរិកនឹងដកឈ្មោះជាហត្ថលេខីវិញ ហើយបន្ទាប់មក អាមេរិកក៏ជូនដំណឹងទៅកាន់អង្គការសហប្រជាជាតិថា ខ្លួនមិនមានកាតព្វកិច្ចអ្វីក្រោមសន្ធិសញ្ញានេះទៀតឡើយ។
បេសកជនចិនខាងលើ បានរិះគន់ខ្លាំងចំពោះទង្វើឯកតោភាគីបែបនេះ។ ដោយមិននិយាយចំឈ្មោះអាមេរិក លោក Zhang អះអាងថា ប្រទេសមួយនោះ បានដើរចេញពីការប្ដេជ្ញាចិត្តអន្តរជាតិ ហើយចាប់ផ្ដើមសកម្មភាពឯកតោភគីនិយម។ លោកបន្តថា ប្រទេសមហាអំណាច ត្រូវដើរតួជាគំរូតាមរយៈការចូលរួមក្នុងការការពារសណ្ដាប់ធ្នាប់អន្តរជាតិ នីតិរដ្ឋ តួនាទីរបស់អង្គការសហប្រជាជាតិ និងប្រព័ន្ធពហុភាគីនិយមផងដែរ។
បើតាមទីភ្នាក់ងារព័ត៌មាន AFP ចិនជាប្រទេសផលិតអាវុធធំទីពីរមួយ និងបាននាំចេញអាវុធច្រើនផងដែរនាឆ្នាំកន្លងទៅ។ ចំណែកក្នុងរបាយការណ៍របស់វិទ្យាស្ថានសស្រាវជ្រាវសន្តិភាពស្តុកខុល ចន្លោះឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ ចិនជាប់ចំណាត់ទី៥ ជាប្រទេសនាំចេញអាវុធច្រើនជាងគេរបស់ពិភពលោក៕
© រក្សាសិទ្ធិដោយ thmeythmey.com