ជាតិ
សង្គមជាតិ
ឧកញ៉ា​ម្នាក់ និង​អភិបាលរង​ខេត្តបាត់ដំបង ត្រូវ​ជាប់ឃុំ ពាក់ព័ន្ធ​នឹង​ទំនាស់​ដីធ្លី​ជាមួយ​ពលរដ្ឋ
07, Jul 2020 , 4:50 pm        
រូបភាព
ទិដ្ឋភាពមុខសាលាដំបូងរាជធានីភ្នំពេញ (រូបពី AFP)
ទិដ្ឋភាពមុខសាលាដំបូងរាជធានីភ្នំពេញ (រូបពី AFP)
​ក្រោយ​ឆ្លងកាត់​ការ​ស៊ើបសួរ​ប៉ុន្មាន​ថ្ងៃ​រួចមក ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចេញ​ដីកា នៅ​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២០​នេះ បង្គាប់​ឲ្យ​យក​ឧកញ៉ា សង ថន និង លោក ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាលរង​ខេត្តបាត់ដំបង ទៅ​ឃុំ​ជាប​ណ្ណោះ​អាសន្ន​។ លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង​និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ​យ៉ាងខ្លី​ថា​៖«​បាន​ឃុំខ្លួន​ទាំងពីរ​នាក់​ហើយ ទៅតាម​នីតិវិធី​»​។


​លោក ស៊ូ អា​រ៉ា​ហ្វា​ត់ ត្រូវបាន​ចោទ​៣​បទល្មើស គឺ បទ​បំផ្លាញ​ដោយ​ចេតនា បទ​គៃបំបាត់​ដោយ​ទុច្ចរិត និង​បទ​ស៊ីសំណូក ហើយ​ឧកញ៉ា សង ថន ត្រូវបាន​ចោទ​២​បទល្មើស គឺ បទ​ផ្តើមគំនិត​គិត​ក្នុង​បទ​បំផ្លាញ​ដោយ​ចេតនា និង​គេង​បំបាត់​ដោយ​ទុច្ចរិត​។​
 
​ឧកញ៉ា សង ថន ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ នាំខ្លួន​ទៅ​សាកសួរ កាលពី​ចុងខែ​មិថុនា ឆ្នាំ​២០២០ ហើយ លោក ស៊ូ អា​រ៉ា​ហ្វា​ត់ ត្រូវ​អង្គភាព​ប្រឆាំង​អំពើពុករលួយ នាំទៅ​សួរ នៅ​ដើមខែ​កក្កដា​។ បន្ទាប់មក អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​បញ្ជូន​អ្នក​ទាំងពីរ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​។     
 
​អ្នក​ទាំងពីរ ត្រូវ​សង្ស័យថា ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ក្នុង​រឿង​ដីធ្លី នៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​។ ឧកញ៉ា សង ថន ដែល​កាន់កាប់​ដី​ប្រមាណ​៥​ពាន់​ហិកតា ក្នុងស្រុក​គាស់ក្រឡ ចាប់ផ្តើម​មានទំនាស់​ជាមួយ​ប្រជាពលរដ្ឋ តាំងពី​ឆ្នាំ​២០១៥​មក​។ 
 
VOA បាន​សម្ភាស​លោក ស៊ឹ​ប គូ តំណាង​ប្រជាពលរដ្ឋ​ជាង​២០០​គ្រួសារ ដោយ​គាត់ និយាយថា ប្រជាពលរដ្ឋ បាន​កាប់ឆ្ការ​ដីព្រៃ​និង​រស់ក្នុង​តំន​ប់​ដី​នោះ ជិត​១០​ឆ្នាំ​មកហើយ ដោយសារ​ពួកគាត់​ពុំមាន​ដី​រស់នៅ​។ បើតាម​លោក ស៊ឹម គូ ប្រជាពលរដ្ឋ បាន​កាន់កាប់​ដី​នោះ​យូរ​មកហើយ ហើយ​ពួកគាត់ យល់ថា មិនមែនជា​ដី​របស់​ឧកញ៉ា សង ថន នោះទេ​។  
 
​រឿងនេះ ក៏បាន​លេចឮ​ដល់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែរ​។ ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២០ សម្តេចនាយក​រដ្ឋមន្ត្រី ប្រាប់​ឲ្យ​រដ្ឋបាលខេត្ត​បាត់ដំបង និង​ក្រសួង​ពាក់ព័ន្ធ ដកហូត​ដីធ្លី​ទាំងនោះ ពី​ឧកញ៉ា សង ថន មកវិញ ដែល​បាន​ទន្ទ្រាន​យក​ដោយ​ខុសច្បាប់ ហើយ​ទុក​ចែក​ឲ្យ​ប្រជាពលរដ្ឋ​។ 
 
​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី បាន​សរសេរ​ពី​ប្រសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល ដូច្នេះ​ថា​៖«​អង្គភាព​ប្រឆាំង​អំពើពុករលួយ ត្រូវ​ការងារ​នេះ​បន្តទៀត​។ ដំណាក់កាល​នេះ ជា​ពេលដែល​ត្រូវ​វះកាត់​រាល់​ជន​ខិល​ខួច​ទាំងឡាយណា ដែល​គប់គិត​គ្នា យក​ដី​រដ្ឋ​និង​ដី​របស់​ប្រជាពលរដ្ឋ ហើយ​ប្រើ​កលល្បិច​ផ្សេងៗ គឺ​ត្រូវ​ផ្តន្ទាទោស ហើយនឹង​ឈានដល់​ការដកហូត​មុខតំណែង និង​ត្រូវ​បណ្តេញ​ចេញពី​គណបក្ស​ប្រជាជន​កម្ពុជា​តែម្តង​»៕ 

Tag:
 ឧកញ៉ា សង ថន​
  ទំនាស់​ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com