អន្តរជាតិ
ប្រធានាធិបតីប្រេស៊ីលឆ្លងជំងឺ COVID-19
07, Jul 2020 , 11:47 pm        
រូបភាព
ប្រធានាធិបតីប្រេស៊ីលលោក  ជែ បុលសូណារ៉ូ (រូបភាព៖ AFP)
ប្រធានាធិបតីប្រេស៊ីលលោក ជែ បុលសូណារ៉ូ (រូបភាព៖ AFP)
ចុងក្រោយ ប្រធានាធិបតីប្រេស៊ីលលោក  ជែ បុលសូណារ៉ូ (Jair Bolsonaro) នៅថ្ងៃទី៧ ខែកក្កដា បានប្រកាសជាផ្លូវការថា ខ្លួនលោកមានផ្ទុកជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19)។

ថ្លែងនៅលើកញ្ចក់ទូរទស្សន៍ ប្រធានាធិបតីប្រេស៊ីល លោក ជែ បុលសូណារ៉ូ បានអះអាងថា លោកមានផ្ទុក COVID-19។ យ៉ាងណាក៏ដោយ ប្រធានាធិបតីវ័យ៦៥ឆ្នាំរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ « វាគ្មានហេតុផលអ្វី ដែលត្រូវខ្លាចឡើយ។ នោះហើយគឺជាជីវិត»។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian ។
 
គេដឹងថា ប្រធានាធិបតីប្រេស៊ីលរូបនេះស្ថិតក្នុងចំណោមក្រុមអ្នកនយោបាយដែលមើលស្រាលឥទ្ធិពល COVID-19 ។ នៅក្នុងទីសាធារណៈ ពេលខ្លះ លោក បុលសូណារ៉ូ  ពាក់ម៉ាស់មិនត្រឹមត្រូវឡើយ ហើយពេលខ្លះលោកមិនពាក់ម៉ាស់ការពារខ្លួនផងក៏មាន។  មេដឹកនាំរូបនេះ ស្ថិតក្នុងចំណោមប្រមុខរដ្ឋដែលតែងតែបដិសេបិទប្រទេស ឬក្រុងណាមួយក្នុងប្រទេស ដោយលោកយកបញ្ហាសេដ្ឋកិច្ចជារឿងអាទិភាព។
 
សូមបញ្ជាក់ថា គិតមកត្រឹមពេលនេះ ប្រេស៊ីលមានករណី COVID-19 សរុបចំនួនជាង ១,៦លានករណី អ្នកស្លាប់មានជាង ៦ម៉ឺននាក់ និងអ្នកជាសះស្បើយជាង ១លាននាក់។ បច្ចុប្បន្នប្រេស៊ីល គឺជាប្រទេសមានករណីឆ្លងមេរោគ COVID-19 ច្រើនជាងគេ​ស្ថិតនៅលំដាប់ទី២ លើពិភពលោក បន្ទាប់ពីអាមេរិក៕

Tag:
 ប្រស៊ីល
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com