អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងត្បូង និងអាមេរិកជួបគ្នារកផ្លូវចរចាឡើងវិញ ទោះកូរ៉េខាងជើងប្រកែកទុកមុនក្តី​
08, Jul 2020 , 1:48 pm        
រូបភាព
រដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក ស្ទេហ្វិន ប៊ីហ្កាន់ និងតំណាងកូរ៉េខាងត្បូងសម្រាប់កិច្ចការកូរ៉េខាងជើង លី ដូហ៊ុន។ រូបភាព AFP
រដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក ស្ទេហ្វិន ប៊ីហ្កាន់ និងតំណាងកូរ៉េខាងត្បូងសម្រាប់កិច្ចការកូរ៉េខាងជើង លី ដូហ៊ុន។ រូបភាព AFP
មន្រ្តីជាន់ខ្ពស់កូរ៉េខាងត្បូង និងអាមេរិក បានជួបចរចាគ្នានៅទីក្រុងសេអ៊ូលនៅថ្ងៃទី៨ ខែកក្កដា ដើម្បីរកផ្លូវចាប់ផ្ដើមការចរចានុយក្លេអ៊ែរជាមួយកូរ៉េខាងជើងឡើងវិញ ទោះជារបបទីក្រុងព្យុងយ៉ាងប្រកាសជំហរមិនចរចាម្ដងជាពីរដងក្ដី។ វិបត្តិ COVID-19 ដែលមិនដឹងថ្ងៃចប់ គួបផ្សំនឹងជំហរដាច់ខាតនៅពេលបច្ចប្បន្នរបស់កូរ៉េខាងជើង ទំនងធ្វើឲ្យការចរចារវាងទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន ផ្ដោតខ្លាំងលើបញ្ហាទូទៅក្នុងទំនាក់ទំនងទ្វេភាគីផងដែរ។



រដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក ស្តេហ្វិន ប៊ីហ្កាន់ (Stephen Biegun) ដែលទៅដល់ទីក្រុងសេអ៊ូលនៅថ្ងៃទី៧ ខែកក្កដា បានចាប់ផ្ដើមការងាររបស់ខ្លួនដោយជួបមន្ត្រីការទូតកូរ៉េខាងត្បូងជាបន្តបន្ទាប់ សំដៅរកមធ្យោបាយក្នុងការបន្តការចរចារឿងនុយក្លេអ៊ែរជាមួយកូរ៉េខាងជើងឡើងវិញ។

ការចរចារវាងអាមេរិក និងកូរ៉េខាងជើង មិនដំណើរជាច្រើនខែមកហើយ ហើយទំនាក់ទំនងដែលធ្លាប់ល្អប្រសើក្រោយឆ្នាំ២០១៨ ក៏ប្រែទៅជាល្អក់កករវិញ។ លោក ប៊ីហ្កាន់ បានជួបដំបូងជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង កាង ឃ្យុងវ៉ា នៅថ្ងៃទី៨ ខែកក្កដា។ នាជំនួបគួរសមនោះ មន្រ្តីជាន់ខ្ពស់លំដាប់ទីពីររបស់ក្រសួងការបរទេសអាមេរិក បានលើកឡើងពីស្ថានភាពស្មុគស្មាញដែលកំពុងកើតឡើង។ ចំណែកលោកស្រី កាង វិញប្រាប់លោក ប៊ីហ្កាន់ ថា ទស្សនកិច្ចរបស់លោក ធ្វើឡើងចំពេលការវិវត្តនយោបាយនៅកូរ៉េខាងត្បូងក្រោយពេលលោក មូន ចេអ៊ីន ដោះដូរមន្រ្តីទទួលបន្ទុកកិច្ចការសន្តិសុខ។

បើតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap ក្រោយជួបលោកស្រី កាង មន្រ្តីការទូតអាមេរិករូបនេះក៏បើកកិច្ចសន្ទនាយុទ្ធសាស្រ្តជាមួយសមភាគីកូរ៉េខាងត្បូង ឆូ សេយ៉ុង (Cho Sei-young) ។ ប្រធានបទនានាទំនាក់ទំនងទ្វេភាគី ត្រូវបានលើកឡើងក្នុងជំនួបនេះ។ វិភាគទានរបស់កូរ៉េខាងត្បូងសម្រាប់យោធាអាមេរិក ក៏ជារឿងក្ដៅមួយដែរ ខណៈទីក្រុងវ៉ាស៊ីនតោនចង់ឲ្យសេអ៊ូលបង្កើនការចំណាយរបស់ខ្លួន ប៉ុន្តែសេអ៊ូលនៅរារែក។

លោក ប៊ីហ្កាន់ ក៏បានជួបជាមួយលោក លី ដូហ៊ុន តំណាងកូរ៉េខាងត្បូងលើបញ្ហាកូរ៉េខាងជើងផងដែរ។ ការបង្កើតបរិយាកាសសមស្របដើម្បីឈានដល់ការចរចាជាមួយកូរ៉េខាងជើង គឺជាប្រធានធំ។ យ៉ាងណាមិញ កូរ៉េខាងជើង បានប្រកាសម្ដងហើយម្ដងទៀតថា ខ្លួនគ្មានបំណងចូលតុចរចាជាថ្មីឡើយ។ អនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង ឆេ ស៊ុនហ៊ី និយាយកាលពីសប្ដាហ៍មុនថា កូរ៉េខាងជើងមិនចរចាដើម្បីឲ្យអាមេរិកកេងចំណញផ្នែកនយោបាយក្នុងស្រុករបស់ខ្លួនឡើយ។

ការចរចាចុងក្រោយរវាងក្រុមការងារអាមេរិក និងកូរ៉េខាងជើង មានតាំងពីខែតុលា ឆ្នាំ២០១៩ មក។ ភាគីទាំងពីរនៅតែមិនយល់ស្របលើការរំសាយនុយក្លេអ៊ែរ និងការដកទណ្ឌកម្ម។ កូរ៉េខាងជើងចង់ឲ្យអាមេរិកធ្វើសម្បទានកាន់តែច្រើន តែអាមេរិកចង់ឲ្យកូរ៉េខាងជើងរំសាយនុយក្លេអ៊ែរជាដុំកំភួនសិនទើបខ្លួនអាចព្យួរទណ្ឌកម្មដែលដាក់កន្លងមក។ ប៉ុន្តែលោក ប៊ីហ្កាន់ ប្រាប់អ្នកសារព័ត៌មានក្រោយជំនួបជាមួយលោក លី ថា លោកត្រៀមខ្លួនជួបតំណាងចរចាមកពីកូរ៉េខាងជើងគ្រប់ពេល៕

Tag:
 អាមេរិក
  កូរ៉េខាងត្បូង
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com