អ្នក​ឆ្លង COVID-19 នៅ​អាមេរិក​ឡើងដល់​ជាង​បី​លាន​នាក់ តែ​លោក ត្រាំ ថា ស្ថានការណ៍​ល្អប្រសើរ​
COVID-19
អន្តរជាតិ
អ្នក​ឆ្លង COVID-19 នៅ​អាមេរិក​ឡើងដល់​ជាង​បី​លាន​នាក់ តែ​លោក ត្រាំ ថា ស្ថានការណ៍​ល្អប្រសើរ​
08, Jul 2020 , 3:43 pm        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅតែ​ប្រកាន់​ជំហរ​ថា ស្ថានការណ៍​ជំងឺ COVID-19 ក្នុងប្រទេស មាន​ភាពល្អប្រសើរ​ដដែល បើទោះជា​អ្នក​ឆ្លង​ជំងឺ​នេះ​មាន​ជាង​បី​លាន​នាក់​ហើយ​ក្ដី​។ ជំហរ​នេះ គឺ​ផ្ទុយ​ពី​អ្នកជំនាញ​ជាន់ខ្ពស់​អាមេរិក Anthony Fauci ដែល​អះអាងថា អាមេរិក​នៅជាប់​ផុង​ក្នុង​រលក​ឆ្លង COVID-19 ទីមួយ​នៅឡើយ​។

 
​អាមេរិក ឈរ​លេខ​មួយ​ក្នុង​តារាង​ប្រទេស​មាន​ករណី​ឆ្លង​ជំងឺ COVID-19 ។ បើតាម​វេ​ប​សាយ Wolrdometers អាមេរិក​មាន​ករណី​ឆ្លង​សរុប​៣​លាន​៩​ម៉ឺន​នាក់ ហើយ​ស្លាប់​ជាង​១៣​ម៉ឺន​នាក់​ឯណោះ​។ ជាមួយនឹង​ស្ថានភាព​បែបនេះ អ្នកជំនាញ​របស់​អាមេរិក បានបង្ហាញ​ក្ដីបារម្ភ​កាន់តែខ្លាំង​ចំពោះ​វិបត្តិ​សុភាព​សាធារណៈ​ក្នុងប្រទេស ប៉ុន្តែ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ហាក់​មិនសូវ​ខ្វល់​ប៉ុន្មាន​ឡើយ​។ 
 
​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​នៅលើ​បណ្ដាញ​សង្គម Twitter នៅ​ថ្ងៃទី​៦ ខែកក្កដា លោក Anthony Fauci ប្រធាន​វិទ្យាស្ថាន​ជំងឺឆ្លង​អាមេរិក​ដ៏​ល្បីឈ្មោះ និយាយថា ស្ថានភាព​ប​ច្ចប្ប​ន្ន ពិតជា​មិនល្អ​ទេ ហើយ​អាមេរិក​ស្ថិតក្នុង​ភាព​ផុង​ជ្រៅ​នៅឡើយ​។ មួយថ្ងៃ​ក្រោយ លោក ត្រាំ ក៏​ប្រតិកម្ម​តប​ទៅ​លោក Fauci ដែលជា​សមាជិក​ក្រុមការងារ​ប្រយុទ្ធ COVID-19 ថា ស្ថានការណ៍​អាមេរិក ល្អប្រសើរ​។​
 
​ក្នុង​កម្មវិធី​ទូរទស្សន៍ Full Court Press នៅ​ថ្ងៃទី​៧ ខែកក្កដា លោក ត្រាំ និយាយ​ចំៗ​ថា លោក​មិន​យល់ស្រប​ជាមួយ​ការលើកឡើង​របស់លោក Fauci ឡើយ​។ ប្រធានាធិបតី​អាមេរិក​រូបនេះ​លើកយក​រឿង​ពាក់​ម៉ាស់​មក​រៀបរាប់​។ លោក​ថ្លែងថា​៖ «​វេជ្ជបណ្ឌិត Fauci ធ្លាប់​ថា មិនបាច់​ពាក់​ម៉ាស់​ឡើយ តែ​ឥឡូវ​គាត់​និយាយថា ត្រូវ​ពាក់​ម៉ាស់​។​»
 
​អាមេរិក ត្រូវបាន​មើលឃើញថា បរាជ័យ​ក្នុង​ទប់ស្កាត់​ការឆ្លង​ជំងឺ​ផ្លូវដង្ហើម​មួយ​នេះ ហើយ​លោក ត្រាំ ក៏​ត្រូវបាន​មើលឃើញថា អល់អែក​ក្នុងការ​ចាត់វិធានការ​តឹងរ៉ឹង​ផងដែរ​។ នៅ​រយៈពេល​ចុងក្រោយ ករណី​ឆ្លង​បាន​ហក់​ឡើង​ខ្លាំង បន្ទាប់ពី​ការបើកចំហ​ប្រទេស​ឡើងវិញ​ដើម្បី​បន្ធូរ​សម្ពាធ​លើ​សេដ្ឋកិច្ច​។ ជាក់ស្ដែង បណ្ដា​រដ្ឋ​នៅ​ភាគខាងត្បូង និង​ខាងលិច​ប្រទេស កំពុង​ប្រឈមមុខ​ការកើនឡើង​ករ​ណី​ឆ្លង​ថ្មី ក្រោយ​អាជ្ញាធរ​ចាប់ផ្ដើម​បន្ធូរ​ការ​រឹតត្បិត​។​
 
​យ៉ាងណាមិញ លោក ត្រាំ ក៏​មិនសូវ​អើពើ​នឹង​ការកើនឡើង​ករណី​ឆ្លង​ប្រចាំថ្ងៃ​ដែរ ដោយ​លោក​អះអាងថា ការកើនឡើង​នេះ​បណ្ដាលមកពី​ការធ្វើ​តេស្ត​ច្រើន​ដូចគ្នា​។ បច្ចុប្បន្ន អាមេរិក​ធ្វើតេស្តរ​កវី​រុស​មួយ​ជាង​៦​សែន​នាក់​ក្នុង​មួយថ្ងៃ ដែលជា​ចំនួន​ច្រើន​ក្រាស់ក្រែល​ប្រៀបធៀប​ប្រទេស​មួយចំនួន​។ ប៉ុន្តែ​ចំនួន​នេះ ទំនងជា​មិនទាន់​គ្រប់គ្រាន់​ឡើយ ព្រោះ​ការឆ្លង​រាលដាល​កាន់តែ​រហ័ស​៕
 

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com