ជាតិ
លោក ស៊ាង ឈឿន កែប្រែកាកសំណល់ពីមាន់យកទៅចិញ្ចឹមកង្កែប និងត្រីអណ្តែង បន្ថែមទៀត
×
ដោយ៖ ជឿន ស្រីណយ
ខេត្តព្រៃវែង៖ លោក ស៊ាង ឈឿន ជាកសិករមួយរូបដែលស្ថិតនៅក្នុង ភូមិព្រែកភ្នៅ ឃុំព្រែកភ្នៅ ស្រុកពារាំង ខេត្តព្រៃវែង បានកែប្រែកាកសំណល់ពីការចិញ្ចឹមមាន់ យកមកចិញ្ចឹមកង្កែប និងត្រីអណ្តែង ដើម្បីទទួលបានផលវិលជុំ។
លោក ស៊ាង ឈឿន កាលពីមុនគ្រាន់តែចិញ្ចឹមមាន់ និងបង្កាត់ពូជមាន់តាមរបៀបគ្រួសារ បន្ទាប់ពីលោកបានឃើញកាកសំណល់របស់សត្វមាន់ ដែលជាពងមាន់ខូចៗមានច្រើនហើយលោកមិនចង់បោះវាចោល លោកក៏មានគំនិតបង្កើតជាការចិញ្ចឹមកង្កែប និងត្រីអណ្តែងឡើង «ដំបូងខ្ញុំគ្រាន់តែចិញ្ចឹមមាន់ និងបង្កាត់ពូជមាន់ធម្មតាទេ ប៉ុន្តែខ្ញុំបានឃើញពងមាន់ដែលខូចមានច្រើន ហើយបើបោះចោលវាខាត ទើបខ្ញុំកែប្រែវាដោយចិញ្ចឹម កង្កែប និងត្រីអណ្តែង ដោយយកពងមាន់ដែលស្អុយៗទៅស្ងោរ ហើយបោះធ្វើជាចំណីរបស់ត្រី និងកង្កែប ទើបធ្វើឲ្យយើងអាចទទួលបានផលវិលជុំ»។
កសិកររូបនេះបានបន្តទៀតថា ក្នុងមួយរណ្តៅដែលមានត្រី៥០០ក្បាល ប្រើចំណីអស់តែ១បាវប៉ុណ្ណោះ ដូច្នេះវាមានផលចំណេញច្រើនតាមរយៈ ការយកកាកសំណល់មាន់ធ្វើជាចំណីត្រីអណ្ដែង។ ចំណែកកង្កែបវិញលោកក៏ បានយកកាកសំណល់ពីការចិញ្ចឹមមាន់ធ្វើជាចំណីរបស់វាផងដែរ។
បន្ទាប់ពីបង្កើតកសិដ្ឋានគ្រួសារនេះឡើងធ្វើឲ្យជីវភាពគ្រួសាររបស់លោកមានភាពប្រសើរជាងមុន ដោយលោកអាចទទួលបានចំណូលពីការចិញ្ចឹមមាន់ចន្លោះពី៧០០ដុល្លារ ទៅ ៨០០ដុល្លារ ក្នុងមួយខែ ចំណែកថវិកាដែលបានពីការចិញ្ចឹមត្រីអណ្តែង និងកង្កែបលោកទុកសម្រាប់ផ្គត់ផ្គង់ក្នុងកសិដ្ឋានវិញ។ នេះបើតាមការរៀបរាប់បន្ថែមរបស់កសិករដដែលរូបនេះ។
បច្ចុប្បន្នក្នុងកសិដ្ឋាន ដែលមានទំហំដីទទឹងប្រហែល៤០ម៉ែត្រ និងបណ្ដោយប្រហែល៧០ម៉ែត្រ របស់លោក ស៊ាង ឈឿន មានដាំដើមចេកប្រមាណជា ៥០ទៅ៦០ដើម មានកង្កែបសម្រាប់បង្កាត់ពូជ ញី៥០០ក្បាល និងឈ្មោល៤០០ក្បាល និងមានមាន់ស្រែចំនួន១០០ក្បាល៕
ព័ត៌មានទេសចរណ៍ កសិកម្ម និងផលិតផលផ្សេងៗនៅតាមរាជធានី-ខេត្ត សូមចូលទៅកាន់
www.thmeythmey25.com
Tag:
កសិដ្ឋាន
កសិកម្ម
ព្រៃវែង
© រក្សាសិទ្ធិដោយ thmeythmey.com