COVID-19
អន្តរជាតិ
អូស្ត្រាលី អាច​ខាតបង់​សេដ្ឋកិច្ច​៧០០​លាន​ដុល្លារ​ក្នុង​មួយ​សប្តាហ៍ ដោយសារ​ការ​រឹតត្បិត​រដ្ឋ Victoria
08, Jul 2020 , 8:19 pm        
រូបភាព
រដ្ឋមន្រ្តីរតនាគារអូស្រ្តាលី លោក josh frydenberg។ រូបភាព៖ AAP
រដ្ឋមន្រ្តីរតនាគារអូស្រ្តាលី លោក josh frydenberg។ រូបភាព៖ AAP
​អូស្ត្រាលី អាច​នឹង​ខាតបង់​សេដ្ឋកិច្ច​រហូតដល់ ៧០០​លាន​ដុល្លារ ក្នុង​មួយ​សប្តាហ៍ ដោយសារតែ​ការ​រឹតត្បិត​នៅក្នុង​រដ្ឋ Victoria​។ រដ្ឋមន្ត្រី​រតនាគារជាតិ​អូស្ត្រាលី លោក Josh Frydenberg បានបញ្ជាក់​បែបនេះ នៅ​ថ្ងៃទី​៨ ខែកក្កដា បន្ទាប់ពី​ការបិទ​ព្រំដែន​រវាង​រដ្ឋ​Victoria និង​New South Wales បាន​ចូល​ជា​ធរមាន​។


​ស្ថានភាព​COVID-19 បាន​ហក់​ឡើង​យ៉ាងខ្លាំង​នៅ​អូស្ត្រាលី​។ នា​ថ្ងៃទី​៧ ខែកក្កដា រដ្ឋ​Victoria បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​ថ្មី​ចំនួន​១៩១​ករណី ដែលជា​ចំនួន​ច្រើនជាងគេ​បំផុត​ចាប់តាំងពី​ផ្ទុះ​កូ​រូ​ណា​វីរុស​នៅក្នុង​ប្រទេស​។ ព្រំដែន​រដ្ឋ​រវាង​Victoria និង New South Wales ត្រូវបាន​បិទ​យ៉ាងតិច​៦​សប្ដាហ៍​ដោយ​គិតពី​យប់​ថ្ងៃទី​៧ ខែកក្កដា ខណៈ​ការបិទ​ក្រុង Melbourne និង​ក្រុង Mitchell Shire នៃ​រដ្ឋ​Victoria ដែល​ត្រូវ​នឹង​ចូល​ជាធរ​មាននៅ​ម៉ោង​១១: ៥៩​យប់ ថ្ងៃទី​៨ ខែកក្កដា​នេះ​។ 
 
​ក្រោម​ការ​រឹតត្បិត និង​ការបិទ​ក្រុង​នេះ ជំនួញ​មួយចំនួន​ដូចជា ហាង​កាហ្វេ បារ ភោជនីយដ្ឋាន កន្លែង​កាត់សក់ និង​ហាត់ប្រាណ​ជាដើម នឹងត្រូវ​បិទ ហើយ​ប្រជាជន​ប្រមាណ ៤,៩​លាន​នាក់ នឹងត្រូវ​ស្នាក់​នៅផ្ទះ​។ វា​នឹងធ្វើ​ឲ្យ​ខាតបង់​សេដ្ឋកិច្ច​ប្រមាណ ៧០០​រយ​លាន​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​រដ្ឋមន្ត្រី​រតនាគារជាតិ​អូស្ត្រាលី លោក Josh Frydenberg ដែល​ផ្សាយ​ដោយសារ​ព័ត៌មាន​អូស្ត្រាលី ABC ។ លោក​បន្តថា ការខាតបង់​មួយ​ភាគ​ធំ នឹង​ធ្លា​ក់លើ​ជំនួញ​ក្នុង​រដ្ឋ Victoria ផ្ទាល់​។
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប្រជាជន​ដែន​ឆ្លង​ព្រំដែន​រវាង​រដ្ឋ​ទាំងពី​ខាងលើ នឹងត្រូវ​ពិន័យ​ជា​ប្រាក់​ប្រមាណ​៧,៧០០​ដុល្លារ និង​ជាប់ពន្ធនាគារ ៦​ខែ​។ ដើម្បី​យាមល្បាត​តាម​ព្រំដែន​រវាង​រដ្ឋ Victoria និង​New South Wales ឲ្យ​មាន​ប្រសិទ្ធភាព អូស្ត្រាលី​បាន​ពង្រាយ​កម្លាំង​ប៉ូលិស និង​យោធា ដោយមាន​បន្ថែម​បច្ចេកវិទ្យា​ដូចជា ដ្រូ​ន​ជាដើម​។ យ៉ាងណាក៏ដោយ ប្រជាជន​មួយចំនួន ដូចជា​អ្នកធ្វើការ អាច​ចេញចូល​រដ្ឋ​Victoria បាន​។ 
 
​គិត​ត្រឹម​ថ្ងៃទី​៨ ខែកក្កដា អូស្ត្រាលី​មាន​ករណី​COVID-19 សរុប​ចំនួន​ជាង ៨​ពាន់​ករណី អ្នកស្លាប់​មាន​ជាង ១០០​នាក់ និង​អ្នកជា​សះស្បើយ​មាន​ជាង ៧​ពាន់​នាក់​៕ 

Tag:
 អូស្ត្រាលី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com