ជាតិ
សេដ្ឋកិច្ច
កម្ពុជា ទទួលបានកម្ចីជាង២៥០លានដុល្លារពីADB សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី។ រូបភាពផ្តល់ឱ្យ។
× ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ADB បានអនុម័តផ្តល់កម្ចីចំនួន២៥០លានដុល្លារដល់កម្ពុជា ដើម្បីឆ្លើយតបនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ (COVID-19)។ ប្រាក់កម្ចីនេះ នឹងជួយដល់ការពង្រឹងប្រព័ន្ធគាំពារសុខភាពនៅកម្ពុជា បង្កើនជំនួយសង្គមដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ព្រមទាំងផ្តល់ការគាំទ្រសេដ្ឋកិច្ចសម្រាប់អាជីវកម្ម ដែលរួមមានសហគ្រាសខ្នាតតូចនិងមធ្យម(SME)ផងដែរ។នេះបើតាមយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ADB នៅថ្ងៃទី៨កក្កដា ឆ្នាំ២០២០ ។
លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី មានប្រសាសន៍ថា ថវិកានេះ នឹងជួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃជំងឺកូវីដ-១៩ ទៅលើសុខភាព សង្គម និងសេដ្ឋកិច្ច។ លោកបានបន្ថែមថា កម្ពុជាមានកំណត់ត្រានៃការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចល្អ។ ប៉ុន្តែ ជំងឺកូវីដ-១៩ បានគំរាមធ្វើឱ្យថយចុះនូវការរីកចម្រើនក្នុងការកាត់បន្ថយភាពក្រីក្រ។ ជាពិសេសក្នុងចំណោមក្រុមងាយរងគ្រោះ ដូចជាស្ត្រីនិងកម្មករចំណាកស្រុក។
បើតាមលោក Masatsugu Asakawa ថវិកាកម្ចីខាងលើនេះ គឺជាផែនការចូលរួមរយៈពេលវែងរបស់ADB ដែលផ្តោតទៅលើ ការគាំទ្រ ការស្ទុះ និងងើបឡើងវិញនៃសេដ្ឋកិច្ច និងនិរន្តរភាពហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា។
កាលពីថ្ងៃទី២២មិថុនាកន្លងមក ADB បានព្យាករថា ក្នុងឆ្នាំ២០២០ សេដ្ឋកិច្ចកម្ពុជាអាចធ្លាក់ចុះក្នុងរង្វង់ -៥,៥ភាគរយ ដោយសារការថយចុះនៃវិស័យទេសចរណ៍ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរ រួមទាំងការចុះថយនៃសកម្មភាពសំណង់។ ហានិភ័យនៃ ការធ្លាក់ចុះសកម្មភាពសេដ្ឋកិច្ចនេះ អាចឱ្យប្រជាពលរដ្ឋប្រមាណ ១,៣លាននាក់ ទៀតធ្លាក់ក្នុងភាពក្រីក្រ។
មុននឹងADB ប្រកាសលទ្ធផលនៃការព្យាករសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះក្នុងកម្រិតអាក្រក់បំផុតនេះ រដ្ឋាភិបាលកម្ពុជា បានប្រកាសត្រៀមថវិកាប្រមាណ២ពាន់លានដុល្លារ ដើម្បីទុកដោះស្រាយវិបត្តិសេដ្ឋកិច្ចនិងបញ្ហាផ្សេងៗទៀត នៅក្នុងវិបត្តិកូវីដ-១៩។ ជាក់ស្តែងកាលពីខែមីនា ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជាប្រកាសឱ្យដំណើរការនូវកញ្ចប់ថវិកាជំហានដំបូងសរុប៨១៥,៧លានដុល្លារ(ស្មើនឹង៣,២ភាគរយ) នៃផលិតផលក្នុងស្រុកសរុប(GDP) រំពឹងទុកសម្រាប់ឆ្នាំ២០២០។
ក្នុងចំណោមកញ្ចប់ថវិកានេះ មាន១០០លានដុល្លារ គាំទ្រដល់ប្រព័ន្ធសុខាភិបាល សម្រាប់ត្រៀមបង្ការជំងឺកូវីដ-១៩។ ចំណែកទឹកប្រាក់៣០០លានដុល្លារ សម្រាប់ជាជំនួយគាំពារសង្គមដល់គ្រួសារក្រីក្រនិងងាយរងគ្រោះ និង មាន១៥០លានដុល្លារ សម្រាប់គាំទ្រដល់ផ្នែកដើមទុនរបស់អាជីវកម្មខ្នាតតូចនិងមធ្យម តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងធនាគារSME Bank។ ដោយឡែកថវិកា៦០លានដុល្លារ ទៀត សម្រាប់ចំណាយឧបត្ថម្ភកម្មករនិយោជិត ដែលត្រូវព្យួរការងារ ដោយម្នាក់ៗ ទទួលបានប្រាក់៤០ដុល្លារ ក្នុងមួយខែ។ រដ្ឋាភិបាល ក៏បានបញ្ចេញសាច់ប្រាក់ឧបត្ថម្ភជាប្រចាំខែ ដល់អ្នកក្រីក្រីនិងជនងាយរងគ្រោះក្នុងអំឡុងជំងឺកូវីដ-១៩ទៀតផង៕
Tag:
ABD
COVID-19
សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com