អន្តរជាតិ
សណ្ឋាគារ​មួយ​នៅ​វៀតណាម​ស្រោបមាស​គ្រប់កន្លែង​តាំងពី​ជញ្ជាំង​រហូតដល់​បន្ទប់​ទឹក​
08, Jul 2020 , 9:59 pm        
រូបភាព
ដោយ: ធីតា
​មាស​២៤​កា​រ៉ាត់​ស្រោប​ស្ទើរ​គ្រប់​ទីកន្លែង​នៅ​សណ្ឋាគារ​មួយ​ក្នុង​ក្រុង​ហាណូយ ប្រទេស​វៀតណាម ដោយ​រាប់​ចាប់តាំងពី​ទ្វារ ជញ្ជាំង បង្គន់ អាង​ហែល​ទឹក និង​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​។ សណ្ឋាគារ​មាស​នេះ បាន​បើក​ដំណើរការ​កាលពី​ថ្ងៃទី​២ ខែកក្កដា កន្លងមក​។​

 
​យោងតាម​ការផ្សាយ​រប​ស់ AFP សំណង់​សណ្ឋាគារ Dolce Hanoi Golden Lake ចំណាយ​ទឹកប្រាក់​ក្នុង​រង្វង់​២០០​លាន​ដុល្លារ​អាមេរិក​។ លោក Nguyen Huu Duong ប្រធាន​ក្រុមហ៊ុន Hoa Binh ដែលជា​ម្ចាស់​សណ្ឋាគារ អះអាងថា ក្រុមការងារ​របស់លោក​អាច​ផលិត​ឧបករណ៍​ផ្សេងៗ​ជា​មាស ដោយ​ខ្លួនឯង ដូច្នេះ ការចំណាយ​ក៏​មិន​ធ្ងន់ធ្ងរ​ពេក​នោះដែរ​។​
 
​ក្នុង​កាលៈទេសៈ​កូ​វីដ​-១៩ សណ្ឋាគារ​ដែល​ស្ថិតនៅ​ចម្ងាយ​ជិត​១៣០០​គីឡូម៉ែត្រ​ពី​ព្រំដែន​ចិន មួយ​នេះ មិនទាន់​ដំណើរការ​ពេញលេញ​នោះឡើយ ដោយ​រង់ចាំ​ការប្រតិបត្តិ​ជា​ទ្រង់ទ្រាយ​ធំ​ចាប់ពី​ឆ្នាំ​២០២១​។​
 
​តម្លៃ​ជាទូទៅ គឺ​ចំនួន​២៥០​ដុល្លារ​អាមេរិក​ក្នុង​មួយ​យប់ ដោយ​លោក Nguyen Huu Duong វាយតម្លៃថា វា​មិន​ចោទ​ជា​បញ្ហា​នោះឡើយ​សម្រាប់​អ្នកមាន​ធនធាន​នៅ​វៀតណាម ក្នុងការ​ស្នាក់នៅ​សណ្ឋាគារ​ប្រណីត​ដែល​ស្រោប​ដោយ​មាស​៕









Tag:
 សណ្ឋាគារ​
  វៀតណាម​
© រក្សាសិទ្ធិដោយ thmeythmey.com