សង្គមអន្តរជាតិ
អន្តរជាតិ
ប្រមុខការទូតអាមេរិក៖ ចិន ធ្វើសកម្មភាពហួសហេតុនៅក្នុងការប៉ះទង្គិចជាមួយឥណ្ឌា លោកម៉ៃ ប៉ុមប៉េអូ រដ្ឋមន្រ្តីការបរទេសអាមេរិក។ រូបភាព៖ AP
× ចិន បានធ្វើសកម្មភាពជ្រុលពេក នៅក្នុងការប៉ះទង្គិចជាមួយឥណ្ឌាក្នុងរយៈពេលថ្មីៗនេះ។ ប្រមុខការទូតអាមេរិក លោកម៉ៃ ប៉ុមប៉េអូ បានចោទចិនបែបនេះ នៅថ្ងៃទី៨ ខែកក្កដា បន្ទាប់ពីការប៉ះទង្គិចរវាងចិន និងឥណ្ឌា បានបណ្តាលឲ្យទាហានឥណ្ឌាស្លាប់២០នាក់ និងរបួសជាច្រើននាក់។ ទន្ទឹមនេះ ប្រមុខការទូតអាមេរិក បានបន្តថាពិភពលោក មិនគួរបណ្តោយឲ្យចិនធ្វើសកម្មភាពបែបនេះតទៅទៀតឡើយ។
ថ្លែងនៅក្នុងសន្ធិសីទសារព័ត៌មាននៅក្រសួងការបរទេស ប្រមុខការទូតអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ បានលើកឡើងថា ចិន បានធ្វើសកម្មភាពជ្រុលដៃខ្លាំងពេកនៅក្នុងការប៉ះទង្គិចជាមួយឥណ្ឌាតាមព្រំដែន តែឥណ្ឌា បានឆ្លើយតបនឹងសកម្មភាពរបស់ចិនយ៉ាងល្អវិញដែរ។
លោក ប៉ុមប៉េអូ និយាយសំដៅការប៉ះទង្គិចជាមួយឥណ្ឌានៅថ្ងៃទី១៥ ខែមិថុនា ចិន បានបង្កឲ្យទាហានឥណ្ឌាស្លាប់ចំនួន២០នាក់ និងរបួសជាច្រើននាក់។ ប៉ុន្តែនេះមិនមែនជាលើកដំបូងដែលលោកនិយាយរិះគន់ចិនលើរឿងនេះឡើយ។
«កាយវិការរបស់ចិនបែបនេះ មិនមានត្រឹមតែនៅក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែមាននៅជុំវិញពិភពលោក។» លោកប៉ុមប៉េអូ បានលើកឡើងដូច្នេះ ដោយបន្ថែមថា ចិនធ្វើសកម្មភាពបំពានតាំងពីជួរភ្នំ Himalayas ដល់តំបន់សមុទ្រសេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម រហូតដល់ប្រជុំកោះ Senkaku របស់ជប៉ុនថែមទៀត។ សកម្មភាពភាពទាំងនេះ សុទ្ធតែបង្កឲ្យមានជម្លោះទឹកដី។ សម្រាប់លោក ប៉ុមប៉េអូ ពិភពលោកមិនគួរបណ្តោយឲ្យចិនធ្វើសកម្មភាពបង្កជម្លោះបែបនេះតទៅទៀតទេ។
ក្នុងពេលកន្លងមក បន្ទាប់ពីជំនួបរដ្ឋមន្ត្រីការបរទេសចិន និងទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា កងទ័ពចិនបានដកទ័ពមួយចំនួនចេញពីតំបន់ព្រំដែនជម្លោះ ចំណែកសំណង់យោធា តង់ និងរថយន្តមួយចំនួន ក៏ដកចេញដែរ។ យ៉ាងណាក៏ដោយ តាមការចុះផ្សាយរបស់កាសែតហុងកុង South China Morning Post នៅថ្ងៃទី៩ ខែកក្កដា ចិនកំពុងប្រើប្រាស់គ្រឿងយន្ត ដើម្បីធ្វើផ្លូវ និងកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅក្បែរតំបន់ព្រំដែនជម្លោះចិន និងឥណ្ឌា។
សូមបញ្ជាក់ថា ការវិវត្តនៃទំនាក់ទំនងចិន និងអាមេរិក ក្នុងរយៈពេលចុងក្រោយនេះ គឺមានស្ថានភាពអាក្រក់យ៉ាងខ្លាំង។ ប្រទេសទាំងពីរ បានរិះគន់ និងដាក់ទណ្ឌកម្មលើគ្នាទៅវិញទៅមក។ បញ្ហាមានចាប់តាំងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយ បញ្ហា COVID-19 បញ្ហាហុងកុង និងជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង ទីបេ និងនៅបញ្ហាសិទ្ធមនុស្សនៅស៊ីនជាំងទៀតផង៕
© រក្សាសិទ្ធិដោយ thmeythmey.com